ភ្នំពេញ៖ កម្ពុជា​អបអរ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​លើក​ទី​៣០ និង​លើក​ទី​២០ នៅ​កម្ពុជា ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២៤ ដោយ​បង្ហាញ​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន ១,៤​ភាគរយ​​ ឬ ២៤ម៉ឺន​នាក់​នៃ​ចំនួន​ប្រជាជាតិ​សរុប ១៧ លាន​នាក់។

ក្រោម​ប្រធាន​បទ «ការ​ការពារ​សិទ្ធិ​រស់នៅ នឹង​ប្រាស្រ័យ​ទាក់ទង​តាម បែប​ប្រពៃណី​ជនជាតិដើម​ភាគ​តិច​ដោយ​ស្ម័គ្រចិត្ត» លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ការពារ​​សិទ្ធិ និង​ការ​អភិវឌ្ឍន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​សារ​លិខិត​​សាធារណៈ។

លោក​នាយករដ្ឋមន្ដ្រី បាន​ឱ្យ​ដឹង​នៅ​ក្នុង​សារ​លិខិត​ថា៖  «បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​មាន​ប្រមាណ​ជា ១,៤ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​និង​រស់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ​ដូចជា​៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និង​នៅតាម​តំបន់​មួយចំនួន​ទៀត»។

លោក​បន្ដ​ថា៖ «បងប្អូន​ជនជាតិ​ដើម​ភាគតិច យើង​ប្រកាន់​យក​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ និង​ភាសា​ផ្សេងៗ​គ្នា​ទៅតាម​ក្រុម​របស់ខ្លួន»​។​

លោកបាន​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា​គោរព និង​ការពារ​សិទ្ធិ​ជនជាតិដើម​ភាគតិច​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ ដោយបាន​ធានា​ពី​សិទ្ធិ​ស្មើគ្នា​ទាំងអស់​របស់​ប្រជាជន​កម្ពុជា​ដោយ​មិន​គិតពី​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ និង​សាសនា​។ 

លើសពីនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏បានចេញ​លិខិត​ទទួលស្គាល់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​បាន​ចំនួន ១៩៤ សហគមន៍ និង​ចូលរួម អនុម័ត​បទបញ្ជាផ្ទៃក្នុង ស្តីពី​ការប្រើប្រាស់ និង​គ្រប់គ្រង​ដី​ជា​សមូហភាព​សហគមន៍​ជនជាតិដើម​ភាគតិច បាន​ចំនួន ១០១ សហគមន៍​។​

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ទទួលស្គាល់ និង​ការពារ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​។​

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ពី​ការណែនាំ​សំខាន់ៗ​មួយចំនួន​សម្រាប់​ការបន្ត​អភិវឌ្ឍ និង​អភិរក្ស​សហគមន៍​ជនជាតិដើម​ភាគតិច​។​

លោក​បាន​អំពាវនាវ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បង្កើន​កិច្ចសហប្រតិបត្តិការ និង​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​។​

សារ​លិខិត​របស់​លោក​នាយករដ្ឋមន្ដ្រី​ ​បានឱ្យ​ដឹង​ថា៖ «​កិច្ចសហការ​នេះ​មាន​គោលបំណង​ធានា​នូវ​ធនធាន​បន្ថែម និង​ការគាំទ្រ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច»។​

លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ក្រសួង​យកចិត្តទុកដាក់​លើ​ការ​ប្រែក្លាយ​ភូមិ​ជនជាតិដើម​ភាគតិច​ទៅជា​សហគមន៍​គំរូ ដោយ​ប្រើប្រាស់​បេតិកភណ្ឌ​វប្បធម៌ និង​សក្ដានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​​ការលើកកម្ពស់​ជីវភាព​ជនជាតិដើម​ភាគតិច​ឱ្យ​ស្របតាម​យុទ្ធសាស្ត្រ​​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។​

លោក​បាន​​ថ្លែង​ថា ការអប់រំ អប់រំ និង​ផ្សព្វផ្សាយ​អំពី​ភាពចាំបាច់ និង​សារៈសំខាន់​នៃ ការអភិវឌ្ឍ​និង​អភិរក្ស​​ជនជាតិដើម​ភាគតិច​ឱ្យបាន​ទូលំទូលាយ ទៅដល់​គ្រប់​សហគមន៍​ជនជាតិដើម​ភាគ​តិច និង​សាធារណជន​។​

លោក​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើការ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម ការអភិវឌ្ឍ​ដើរ​ទន្ទឹមនឹង​ការអភិរក្ស ក្នុង​គោលដៅ​កសាង​សង្គមជាតិ​មួយ​ដែលមាន​សមាហរណកម្ម សុខដុម​នីយកម្ម មិនមាន​ការ​រើសអើង ក្នុងនាម​ជនជាតិ​ខ្មែរ​តែមួយ៕