ពោធិ៍សាត់ៈ អាជ្ញាធរគ្រោងនឹងប្រគល់ដីជូនពលរដ្ឋជិត ៧០ គ្រួសារដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ទៅកាន់ទីតាំងថ្មីនៅក្នុងខែសីហានេះ ខណៈដែលកូនឈើចម្រុះចំនួន ៥ម៉ឺនដើមកំពុងតែត្រូវដាំ ដើម្បីស្ដារព្រៃឈើឡើងវិញទុកជាតំបន់ទេសចរណ៍ធម្មជាតិ។
ខណៈពេលដែលការរៀបចំផ្លូវទៅកាន់ទីតាំងថ្មី សម្រាប់ពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់អន្ទង់អាំងទៅកាន់ទីតាំងថ្មីសម្រេចបានចន្លោះពី ៤០ ទៅ ៥០ ភាគរយនោះ រដ្ឋបាលខេត្តក៏កំពុងតែរៀបចំគណៈកម្មការមួយ ដើម្បីប្រគល់ដីជូនពលរដ្ឋផងដែរ។ នេះបើយោងតាមអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា។
លោកមានប្រសាសន៍នាថ្ងៃទី៦ ខែសីហាថា៖«យើងកំពុងតែរៀបចំគណៈកម្មការទៅរៀបចំប្រគល់ដីជូនពលរដ្ឋនៅក្នុងខែសីហានេះ។ ខ្ញុំកំពុងតែស៊ីញ៉េឯកសារពាក់ព័ន្ធហ្នឹង ដើម្បីឱ្យឆាប់បានក្រុមការងារគេចុះទៅ»។
ប្រជាពលរដ្ឋ ៩៨គ្រួសារ បានចូលទៅរស់នៅតំបន់អន្ទង់អាំងស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។ ក្រោយពីមានការពន្យល់ណែនាំពីអាជ្ញាធរ ពលរដ្ឋចំនួន៦៧គ្រួសារ ក្នុងចំណោម៩៨គ្រួសារបានយល់ព្រមចាកចេញទៅកាន់ទីតាំងថ្មីនោះ។ ទីតាំងថ្មីនោះមានទំហំ ១៥០ហិកតា ស្ថិតនៅចម្ងាយប្រមាណជា ៦គីឡូម៉ែត្រពីរង្វង់មូលដំរី ទីរួមស្រុកវាលវែង ដែលនៅជិតទីប្រជុំជន។
លោកអភិបាលខេត្តបានបន្ថែមដែរថា មកដល់នឹងពេលបច្ចុប្បន្ននេះ មានពលរដ្ឋប្រមាណជា២ ទៅ៣គ្រួសារបន្ថែមទៀតបានយល់ព្រមចាកចេញផងដែរ។ ពលរដ្ឋដែលយល់ព្រមចាកចេញនឹងទទួលបានទំហំផ្ទៃដីអាស្រ័យផលដូចនៅកន្លែងចាស់ដដែល។
រដ្ឋបាលខេត្តធ្លាប់បានបញ្ជាក់ថា ចំពោះអ្នកដែលនៅតែមិនព្រមសម្រេចចិត្តចាកចេញ និងដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លី នោះការខាតបង់ផលប្រយោជន៍ផ្សេងៗគឺជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
លោកអភិបាលខេត្តបានលើកឡើងថា៖«ផ្លូវ និងទឹកចាំបាច់មុនគេហើយ។ គាត់មិនទាន់ទៅនៅ[ទីតាំងថ្មី]កើតទេ ព្រោះផ្លូវកំពុងតែធ្វើមិនទាន់រួច។ យើងកំពុងតែធ្វើលើកតួរផ្លូវជាកៅស៊ូ សម្រេចបាន ៤០ ទៅ ៥០ភាគរយហើយ និងមានទំនប់បង្ហៀទឹកផងដែរ»។
ការងារដាំស្តារគម្របព្រៃឈើឡើងវិញក៏កំពុងតែត្រូវបានធ្វើឡើងវិញផងដែរចាប់ទាំងពីថ្ងៃទី៣ ខែសីហានេះមក ដែលកក្នុងជំហានទី១ នេះមានដើមឈើចំនួន ៥០ ០០០ដើម។
លោកខូយ រីដា បានឱ្យដឹងថាឈើទាំងនោះជាប្រភេទឈើចម្រុះ ដែលមានដូចជា ក្រញូង ធ្នង់ បេង គគីរ និងកកោះជាដើម។
លោកថ្លែងថា៖«ដាំកន្លែងដីដែលយើងដកហូតមកវិញទាំងអស់ហ្នឹង។ ឈើមិនមែនងាយដាំម៉ាភ្លេតហើយនោះទេ។ នេះដាំឱ្យរស់ ឱ្យចេញជាពណ៌បៃតងមកវិញ ស្តារគម្របព្រៃឈើឡើងវិញ។ បើដាំឱ្យងាប់ម៉ាភ្លេតអស់លូវហ្នឹង»។
លោកបន្តថា ការដាំស្តារឡើងវិញនេះអាចធ្វើបានតែក្នុងអំឡុងពេលប្រមាណជា៣ខែទៅមុខទៀតប៉ុណ្ណោះ ព្រោះបើដាំក្នុងរដូវអត់ទឹកភ្លៀងកូនឈើនឹងអាចងាប់ទៅវិញ។
តំបន់ភ្នំ១៥០០ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គឺជាតំបន់អភិរក្សធនធានធម្មជាតិ និងជាតំបន់ទេសចរណ៍ល្អឯកនៅប្រទេសកម្ពុជា ដែលរដ្ឋាភិបាលបានសម្រេចឱ្យធ្វើការការពារ ទុកជាតំបន់ទេសចរណ៍ទៅតាមសំណូមពរពលរដ្ឋ៕