ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីជំរុញដល់អ្នកពាក់ព័ន្ធចូលរួមបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈការលើកកម្ពស់ការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច ព្រមទាំងការកំណត់នូវតម្រូវការ និងកាលានុវត្តភាពដល់ស្ត្រីដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា៖ «បញ្ហារបស់ស្ត្រី កម្មករដែលធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅតែមាន ប៉ុន្តែបើក្រឡេកមើលស្ត្រីដែលធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញរឹតតែប្រឈម និងមិនទាន់ត្រូវបានគ្របដណ្ដប់នៅឡើយ»។
លោកស្រីថ្លែងដូច្នេះក្នុងសិក្ខាសាលាស្ដីពីភាពជាដៃគូសម្រាប់ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងការចូលរួមការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សក្នុងចំណោមស្ត្រីដែលងាយរងគ្រោះនាថ្ងៃទី៦ សីហា នៅរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការ Nomi Network ប្រចាំកម្ពុជា។
លោកស្រី គង់ សំអូន បានកត់សម្គាល់អំពីអំពើជួញដូរមនុស្ស ដែលបានលេចចេញតាមរូបភាព និងទម្រង់ថ្មីៗ ដូចជាការជួញដូរផ្លូវភេទរបស់ស្ត្រី និងកុមារតាមរយៈប្រព័ន្ធអនឡាញ ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ និងឧក្រិដ្ឋកម្មដោយបង្ខំតាមប្រព័ន្ធអនឡាញជាដើម។
លោកស្រីថ្លែងថា៖ «សិក្ខាសាលានាពេលនេះជាឱកាសល្អមួយដែលយើងត្រូវការការចូលរួម និងភាពជាដៃគូរវាងក្រសួង ស្ថាប័ន សង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរគ្រប់កម្រិតដើម្បីពិភាក្សា និងការចែករំលែកបទពិសោធន៍ល្អៗស្ដីពីការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស»។
លោកស្រី គង់ សំអូន ជំរុញដល់អ្នកពាក់ព័ន្ធក្នុងសិក្ខាសាលានេះបង្កើតផែនការ និងធ្វើការរួមគ្នាដើម្បីផ្ដល់ភាពអង់អាចដល់ស្ត្រីដែលងាយរងគ្រោះ ដែលនឹងជួយពួកគាត់រៀបចំខ្លួនចូលរួមក្នុងកម្លាំងពលកម្មក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
អង្គការ Nomi Network ប្រចាំកម្ពុជាបានលើកឡើងថា ដោយសារភាពក្រីក្រ ក្មេងស្រីបោះបង់ការសិក្សា ហើយស្ត្រីធ្វើចំណាកស្រុកដើម្បីស្វែងរកការងារនៅឆ្ងាយពីផ្ទះ ហើយប្រឈមនឹងការជួញដូរមនុស្ស ជាពិសេសនៅពេលធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយមិនមានឯកសារស្របច្បាប់ និងគ្រប់គ្រាន់។
អង្គការនេះមានគោលបំណង «បញ្ចប់វដ្ត» នៃភាពក្រីក្រ និងការកេងប្រវ័ញ្ចតាមរយៈកម្មវិធីផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ស្ត្រីដែលប្រឈមនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចបំផុត។
អង្គការ Nomi Network កម្ពុជាអនុវត្តកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មដែលគាំទ្រស្ត្រីតាមរយៈការលើកកម្ពស់ការយល់ដឹងដើម្បីទប់ស្កាត់ការជួញដូរមនុស្ស, ការផ្ដល់ការបណ្ដុះបណ្ដាលអំពីបំណិនជីវិត, និងការបណ្ដុះបណ្ដាលបច្ចេកទេសតាមវិស័យ ដើម្បីទទួលបានឱកាសបង្កើតប្រាក់ចំណូល ដើម្បីបង្កើនស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី លីវ ស៊ូផេ (Liu Supei) អនុប្រធាន និងជាសហស្ថាបនិកអង្គការ Nomi Network ថ្លែងក្នុងសិក្ខាសាលានេះថា អង្គការរបស់លោកស្រីគាំទ្រស្ត្រីក្នុងការបង្កើតការងារ និងការបើកអាជីវកម្មខ្នាតតូច ហើយកម្មវិធីនេះមានគោលបំណងផ្ដល់ការបង្ហាត់បង្ហាញ និងការប្រឹក្សាដើម្បីលើកទឹកចិត្ត និងគាំទ្រស្ត្រីក្នុងការធ្វើសម្រេចចិត្តអំពីអនាគតរបស់ពួកគាត់ ដោយមានស្ថាប័នជួយគាំទ្រ និងបង្កើតផ្លូវឆ្ពោះទៅកាន់ស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រីថ្លែងថា៖ «អង្គការ Nomi Network កម្ពុជា ជឿជាក់ថា ភាពជាដៃគូ និងការសហការគ្នា ដើម្បីប្រើប្រាស់ជំនាញ និងធនធាន គឺជាវិធីដ៏មានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលបំណងរបស់យើង។ កន្លងមកនេះ អង្គការ Nomi Network កម្ពុជា បានសហការក្នុងភាពជាដៃគូជាមួយក្រសួង ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន»។
សិក្ខាសាលានេះមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រសួងកិច្ចការនារី, ក្រសួងពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, អង្គការក្រៅរដ្ឋាភិបាល, រោងចក្រ, និងស្ត្រីដែលប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណ ៤៥នាក់៕