កំពង់ធំៈ ការ​ដំឡើង​សាឡាង​មួយ​គ្រឿង​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​របស់​ពល​រដ្ឋ ជាពិសេស​សិស្សា​នុសិស្ស​ក្នុង​ស្រុក​ប្រាសាទ​សំបូរ​បាន​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ ​ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

បន្ទាប់​ពី​មាន​ឧបទ្ទវ​ហេតុ​លិច​ទូក​ស្លាប់​សិស្ស​ម្នាក់​ក្នុង​ឃុំ​ឈូក​ ស្រុក​ប្រាសាទ​សំបូរ​កាល​ពី​ខែ​មិថុនា​កន្លង​មក​នោះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ម៉ាណែត​បាន​ផ្តល់​សា​ឡាង​មួយ​គ្រឿង​សម្រាប់​ចម្លង​ប្រជា​ពលរដ្ឋ ក៏ដូច​ជា​សិស្សានុសិស្ស។ សាឡាង​មួយ​គ្រឿង​នោះ​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ខេត្ត​កំពង់ធំ ហើយ​រហូតមក​ដល់នឹង​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បញ្ចប់។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ពុធ ​ទី​៧​ខែ​សីហា​នេះ។

សាឡាង​មួយ​គ្រឿង​នេះ​មាន​ប្របណ្តោយ​១៨,៥០​ម៉ែត្រ និង​ទទឹង ​៣,៦០​ម៉ែត្រ​ ជម្រៅ​១​ម៉ែត្រ ដែល​ប្រើ​ម៉ាស៊ីន​រថយន្ត​ក្នុង​ការ​បញ្ជា ។ វាជា​ប្រភេទ​សាឡាង​ខ្នាត​តូច​ដែល​អាច​ផ្ទុក​បាន​ទំងន់​អតិបរមា ​១៣,៥០តោន ក្នុង​នោះ​អាច​ដាក់​បាន​ប្រភេទ​រថយន្ត​ធុន​តូច​លក្ខណៈ​គ្រួ​សារ ​ម៉ូតូ ​កង់ ​និង​អ្នក​ដំណើរ​ចំនួន​ ៣៥​នាក់។ នេះ​បើ​យោង​តាម​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់​ធំ។

ក្រុម​ការ​ងារ នៃ​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្តកំ​ពង់ធំ ​ក៏ធ្លាប់បាន​ចុះត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ដំឡើង​នេះ​កាលពី​ថ្ងៃទី​៩ ខែ​កក្កដា​កន្លងមក​ផងដែរ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ផន រឹម បាន​បញ្ជាក់​ដោយ​ខ្លី​ថា ការ​ផ្តល់​ជា​សាឡាង​នេះ​គឺ​«ដើម្បី​សម្រួល​ដល់​ការ​ឆ្លង​របស់​ពលរដ្ឋ ជាពិសេស ក្មួយៗ​សិស្សានុសិស្ស»។

ការ​ដំឡើង​សាឡាង​មួយ​គ្រឿង​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​របស់​ពល​រដ្ឋក្នុង​ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

លោក ឃីម សុខឃាង អភិបាល​ស្រុក​ប្រាសាទ​សំបូរ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​កំពុង​តែ​ប្រើ​ប្រាស់​ទូក​កាណូត​តូចៗ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ដែល​អាច​ប្រឈម​ទៅ​នឹង​ឧបទ្ទវហេតុ ដូចជា ករណី​លិច​ទូក​ជាដើម។ ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ ទើប​ថ្នាក់​ដឹក​នាំ​ផ្តល់​ជា​សាឡាង​មួយ​គ្រឿង​នោះ​ដល់​ពួកគាត់។

លោក​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋ​ប្រើ​ទូក​កាណូត​តូចៗ ដល់​អញ្ជឹង​ខ្លាច​មាន​បញ្ហា​ពាក់​ព័ន្ធ​ជាមួយ​នឹង​សុវត្ថិភាព ទើប​សម្តេច​បវរធិបតី​ផ្តល់​សាឡាង​មួយ​ហ្នឹង​មក។ ប៉ុន្តែ នៅ​មិន​ទាន់​ប្រគល់ ដើម្បី​ផ្តល់​ជូន​សហគមន៍ ប្រើ​ប្រាស់​ទេ។ មិនយូរទេ ព្រោះ​យើង​ប្រញាប់​ឱ្យ​ធ្វើ​ហើយ ហ្នឹងអារ​ប្រគល់​ជូន​សហគមន៍​ប្រើប្រាស់»។ 

លោក​បន្តថា ក្រោយ​ពេល​ដាក់​ឱ្យ​ដំណើរការ សាឡាង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ទន្លេ​ទៅ​មក​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​ឃុំ​ឈូក និង ឃុំស្រើង។

ក្រុម​ការងារ​របស់​ក្រសួង រ៉ែ និង ថាមពល ក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​ចម្លង​ទូក​ដរ​មួយ​ចំនួន​ក្នុង​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ដើម្បី​ផ្តល់​ជា​សាឡាង​ផ្សេង​ទៀត ដល់​ពលរដ្ឋ​ផងដែរ កាល​ពី​ថ្ងៃទី៦ ខែ​សីហា​នេះ។

លោក អ៊ឹង ឌីប៉ូឡា អ្នក​នាំពាក្យ​ក្រសួង រ៉ែ និងថាមពល ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​ចម្លង​ទូកដរ​ដែរ​នោះ មិន​អាច​ទាក់​ទង​បាន​ទេ​នា​ថ្ងៃទី​៧​ ខែ​សីហា​នេះ៕