ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា គ្រូបង្រៀន​គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា ហើយ​​កំណែ​ទម្រង់​ការ​អប់រំ​គ្រូ​បង្រៀន​គឺជា​អាទិភាព​ចម្បង​មួយ​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ។ 

​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​ពង្រឹង​ការ​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam) ដំណាក់​កាលទី២ នាថ្ងៃទី៧ ខែ​សីហា នៅ​រាជធានី​ភ្នំពេញ លោក​ថ្លែង​ថា៖ «កំណែ​ទម្រង់​គ្រូបង្រៀន​នៅតែ​ជា​អាទិភាព​សំខាន់​សម្រាប់​កម្ពុជា។ កំណែ​ទម្រង់​ការ​អប់រំ​គ្រូ​បង្រៀន និង​ការ​អនុវត្ត​គោលនយោបាយ​គ្រូបង្រៀន គឺ​ជា​អាទិភាព​ចម្បង​មួយ​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ ព្រោះ​គ្រូបង្រៀន​គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា»។ 

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​យូណេស្កូ (UNESCO) ដែល​ជា​ភ្នាក់ងារ​អនុវត្ត​កម្មវិធី និង​មន្ត្រី​នៃ​ក្រសួង​អប់រំ ដែល​បាន​ប្រឹងប្រែង «យក​អស់​កម្លាំង​កាយ​ចិត្ត» អនុវត្ត​កម្មវិធី ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន និង​ឆ្លើយតប​នឹង​អាទិភាព​ក្រសួង។

លោក ហង់ជួន ណារ៉ុន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ពី​សារៈសំខាន់​នៃ​គ្រូបង្រៀន​​ជា​កត្តា​សំខាន់​ចាំបាច់​សម្រាប់​លទ្ធផល​សិក្សា​របស់​សិស្ស។

លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា យូណេស្កូ​នឹង​បន្ត​ជា​ដៃគូ​ឈានមុខ​ជាមួយ​ក្រសួង​អប់រំ ក្នុង​ការ​គាំទ្រ​ចក្ខុវិស័យ​រួម​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ការ​លើកកម្ពស់​ការ​បង្រៀន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន វឌ្ឍនភាព​ការ​បង្រៀន និង​រៀន​នៅ​ក្នុង​ថ្នាក់។

លោក​បន្ត​ថា​ យូណេស្កូ​នឹង​បន្ត​ជំរុញ​បរិវត្តន៍​កម្ម​ឌីជីថល និង​កសាង​ប្រព័ន្ធ​អប់រំ​ប្រកប​ដោយ​បរិយាបន្ន និង​សមធម៌ ដោយ​មាន​គោលដៅ​ធានា​ឱ្យ​បាន​ថា​កុមារ​គ្រប់​រូប​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​មាន​ឱកាស​អភិវឌ្ឍ​សក្ដានុពល​ពេញលេញ​របស់​ពួកគេ។

STEPCam ​ដំណាក់​កាល​ទី២​នេះ​ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​ការ​អនុវត្ត​ដំណាក់​កាល​ទី១​នៃ​កម្មវិធី​នេះ ដែល​មាន​រយៈ​ពេល​៥ឆ្នាំ ពី​ឆ្នាំ​២០១៨ដល់ឆ្នាំ២០២២ បាន​បញ្ចប់។

ក្រសួង​អប់រំ​បញ្ជាក់​ថា ដំណាក់​កាល​ទី១​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ និង​មាន​កិច្ច​សហការ​គ្នា​យ៉ាង​ល្អ​រវាង​ក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ។ 

ក្រសួង​បញ្ជាក់​ថា៖ «សមិទ្ធផល​ចម្បង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ដំណាក់​កាលទី១ រួមមាន ការ​អនុម័ត​ក្របខ័ណ្ឌ​និង​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ, ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​និង​មន្ត្រី​ជំនាញ​អំពី​កញ្ចប់​អំណាន​ថ្នាក់​ដំបូង​ជាង ៤ ០០០ នាក់ និង​គណិតវិទ្យា​ថ្នាក់​ដំបូង​ជាង ៣០០០ នាក់, និង​សាលា​​គរុកោសល្យ​ខេត្ត​ចំនួន​១១ បាន​ជួសជុល​កែលម្អ និង​បំពាក់​សម្ភារៈ​បរិក្ខារ»។

STEPCam ដំណាក់កាលទី២នេះមានសមាសភាគ៤ រួមមាន ការ​អប់រំ​គ្រូបង្រៀន, ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ​សម្រាប់​គ្រូបង្រៀន, ការ​បណ្ដុះបណ្ដាល​កញ្ចប់​អំណាន​និង​គណិតវិទ្យា​ថ្នាក់​ដំបូង រួម​ទាំង​ការ​វាយតម្លៃ និង​ការ​ពង្រីក​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សិស្ស, និង​បរិវត្តន៍​កម្ម​ឌីជីថល​សម្រាប់​ការ​អប់រំ​គ្រូបង្រៀន។

ក្រសួង​បញ្ជាក់ថា​ សមាសភាគទាំង៤នេះ ពិតជា​មាន​សារៈសំខាន់ ដើម្បី​បន្ត​គាំទ្រ​ដល់​ការ​អប់រំ​គ្រូបង្រៀន ហើយថា STEPCam ដំណាក់​កាល​ទី២​នេះ​នឹង​រួម​ចំណែក​ជួយ​គាំទ្រ​ដល់​ចក្ខុវិស័យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

ក្រសួង​បន្ត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អាទិភាព​ទៅ​លើ​ការ​អប់រំ ដោយ​បាន​ដាក់​បញ្ចូល​ការ​ពង្រឹង​គុណភាព​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៅក្នុងមុំទី១ នៃ​បញ្ចកោណទី១ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដែល​សំដៅ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព៕