អង្គទូត និងបេសកជនបរទេសមានតួនាទីជាតំណាង និងការពារផលប្រយោជន៍ប្រទេសរបស់ខ្លួន ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយប្រទេសជាម្ចាស់ផ្ទះ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកលើវិស័យនានា។
នៅក្នុងប្រទេសកម្ពុជា គេក៏សង្កេតឃើញមានអង្គទូតមួយចំនួនបានធ្វើលើសពីនេះតាមរយៈការជួយផ្សព្វផ្សាយដល់ផលិតផលក្នុងស្រុកឬសក្ដានុពលទេសចរណ៍ទៅដល់ពលរដ្ឋនៅប្រទេសរបស់ខ្លួន។ អ្នកវិភាគយល់ឃើញថា សកម្មភាពបែបនេះបង្ហាញពីសណ្ដានចិត្ត និង សុច្ឆន្ទៈរបស់អង្គទូតទាំងនោះសម្រាប់កម្ពុជា។
ចំណាប់អារម្មណ៍សាធារណជននាពេលចុងក្រោយនេះគឺទៅលើឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនគឺលោក Wang Webin ដែលគេស្គាល់ម៉្យាងទៀតថាជា «អ្នកចម្បាំងចចក» ដោយសារតែលោកជាអ្នកមានវោហាសាស្ត្រ។ លោក Wang តែងបង្ហោះជាញឹកញាប់នូវផលិតផលនិងសក្តានុពលទេសចរណ៍របស់កម្ពុជានៅលើហ្វេសប៊ុករបស់គាត់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន កាលពីថ្ងៃទី៦ ខែសីហានេះ លោក Wang បានសរសេរថា៖ «សូមស្វាគមន៍ប្រជាជនចិនកាន់តែច្រើនមកកម្សាន្តទស្សនាប្រទេសកម្ពុជា ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត និងភ្លក់អាហារដ៏មានឱជារស!»។
នៅថ្ងៃទី១៧ ខែកក្កដា លោកក៏បានផ្សព្វផ្សាយបន្តវីដេអូអំពីតំបន់ទេសចរណ៍កម្ពុជារបស់ក្រសួងទេសចរណ៍ ដោយលោកថា៖ «ប្រទេសកម្ពុជា ជាកន្លែងដ៏ល្អបំផុតសម្រាប់ការស្វែងរកប្រាសាទបុរាណ វប្បធម៌ដ៏រស់រវើក និងធម្មជាតិដ៏អស្ចារ្យ»។
នៅថ្ងៃទី១០ កក្កដា លោក Wang ក៏បានបង្ហាញពីការរីករាយនៅពេលដែលលោកឃើញមានកំណើនភ្ញៀវទេសចរចិនមក «ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលឆ្នាំនេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា។ នៅពេលមកដល់កម្ពុជាដំបូង លោកក៏ធ្លាប់បានចែករំលែកវីដេអូអំពីការដើរទិញផលិតផលកម្ពុជា «Made in Cambodia» ដែលទទួលបានការសាទរពីសំណាក់ពលរដ្ឋកម្ពុជាផងដែរ។
មន្ត្រីអង្គទូតដ៏សកម្មម្នាក់ទៀត គឺលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលគេតែងឃើញធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា និងបានទិញផលិតផលកម្ពុជា ក៏ដូចជាប្រើប្រាស់សេវាកម្មដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ដូចជាការជិះរ៉ឺម៉កបើកបរដោយស្ត្រីនៅខេត្តសៀមរាបជាដើម។ ចុងក្រោយនេះ លោកបានទៅកម្សាន្តថតរូបសេះសមុទ្រនៅខេត្តកំពត។
កាលពីពេលថ្មីៗនេះ លោកក៏បានស្វាគមន៍យុវវ័យអង់គ្លេសដែលមកប្រទេសកម្ពុជាជាលើកដំបូង ដោយលោកសរសេរថា៖ «ដូចជាភ្ញៀវទេសចរណ៍គ្រប់រូប ពួកគាត់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនក្នុងប្រទេសកម្ពុជា ពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ហើយពួកគាត់រីករាយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់!»។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrik Murphy ដែលទើបតែបញ្ចប់អាណត្តិរបស់លោកកាលពីពេលថ្មីៗនេះក៏ជាអង្គទូតដ៏សកម្មម្នាក់ដែរ ដោយលោកបានធ្វើដំណើរទៅខេត្តនានានៃប្រទេសកម្ពុជា និងបានបង្ហាញពីសក្ដានុពលតំបន់ទាំងនោះ។
ក្រៅពីនេះអង្គទូតនៃស្ថានទូតមួយចំនួនទៀតក៏ចូលរួមផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វប្បធម៌ និងផលិតផលកម្ពុជាផងដែរ ដូចជាស្ថានទូតជប៉ុន ឥណ្ឌា បារាំងជាដើម។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី អរគុណដល់អង្គទូតទាំងអស់ដែលជួយលើកតម្កើងនិងផ្សព្វផ្សាយផលិតផល វប្បធម៌ និងតំបន់ទេសចរណ៍របស់កម្ពុជា។ លោកក៏លើកទឹកចិត្តដល់ពលរដ្ឋខ្មែរឲ្យជួយលើកតម្កើងផលិតផលនិងសេវាកម្មរបស់ខ្លួនផងដែរ និងស្នើឲ្យរដ្ឋាភិបាលជួយទៅលើគុណភាពនៃផលិតផលឲ្យបានកាន់តែខ្លាំងដើម្បីបំពេញតម្រូវក្នុងស្រុកនិងសម្រាប់ការនាំចេញ។
លោកនិយាយថា៖ «ដូច្នេះ អគ្គរដ្ឋទូត ឬអង្គរាជទូត គាត់ជួយលើកកម្ពស់ផ្សព្វផ្សាយហើយ យើងជាខ្មែរម្ចាស់ស្រុកក៏ត្រូវតែខំជួយទិញផលិតផលខ្មែរយើង។ ខ្ញុំសូមសរសើរពួកគាត់ដែរ ប្រទេសគាត់មកដាក់ទូតជាមួយយើងហើយខំជួយយើងទៀត។ ដូច្នេះយើងក៏ត្រូវតែជួយខ្លួនឯងដែរទើបវាទៅរួច»។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និង ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការដាក់ទូតនៅក្នុងប្រទេសណាមួយគឺដើម្បីពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយ។ សម្រាប់ប្រទេសមហាអំណាចវិញ ការដាក់ទូតក៏ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយផងដែរ។
លោកបន្តថា រាល់សកម្មភាពរបស់អង្គទូតនីមួយៗសុទ្ធតែធ្វើតាមបន្ទាត់នយោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនីមួយៗ។ ប៉ុន្តែ មន្ត្រីការទូតមួយចំនួនមានភាពច្នៃប្រឌិត និងមានសុច្ឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង ដូចជាតាមរយៈការគោរពនិងភាពស្និទ្ធស្នាលជាមួយម្ចាស់ផ្ទះ ការចូលរួមផ្សព្វផ្សាយផលិតផលក្នុងស្រុក តំបន់ទេសចរណ៍ និងសក្ដានុពលផ្សេងៗ។
លោកនិយាយថា៖ «ការដែលគេជួយផ្សព្វផ្សាយយើងឬអត់ វាអាស្រ័យទៅលើអគ្គរាជទូតឬរដ្ឋទូត ឬអគ្គកុងស៊ុលផង និងអាស្រ័យទៅលើទំនាក់ទំនងល្អរវាងរដ្ឋាភិបាលម្ចាស់ស្រុកជាមួយរដ្ឋាភិបាលដែលដាក់ស្ថានទូតនៅកម្ពុជាផងដែរ។ អីចឹងបើយើងមានទំនាក់ទំនងល្អជាមួយប្រទេសនោះ អ្វីៗក៏ល្អ ហើយសកម្មទៅតាមហ្នឹងដែរ»។
លោកថា ទំនាក់ទំនងល្អរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងមន្ត្រីអង្គទូតទាំងអស់ក៏ជាកត្តារួមចំណែកដល់ការលើកទឹកចិត្តឲ្យអង្គទូតបរទេសមានភាពសកម្មក្នុងការជួយផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាផងដែរ។
លោក ប៊ុនថង បន្តថា ការចែករំលែកអំពីតំបន់ទេសចរណ៍ ឬសក្ដានុពលរបស់កម្ពុជាដោយឯកអគ្គរដ្ឋទូត ឬរាជទូតបរទេស វាជារឿងសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការស្រូបទាញទេសចរមកទស្សនាឲ្យបានកាន់តែច្រើន។
លោកនិយាយថា៖ «ប៉ុន្តែ អង្គទូត ឬ អគ្គកុងស៊ុលទាំងអស់មិនអាចដឹងពីតំបន់ទេសចរណ៍ទាំងអស់ទេ។ ដូច្នេះ យើងជាម្ចាស់ស្រុកត្រូវតែបង្កើតព្រឹត្តិការណ៍ឬវេទិកាផ្សេងៗហើយអញ្ជើញអង្គទូតឬអគ្គកុងស៊ុលទៅចូលរួម។ បើព្រឹត្តិការណ៍នោះរៀបចំបាលល្អទៀត គេនឹងជួយស៊ែរផ្សព្វផ្សាយទៀត។ ឧទាហរណ៍ ដូចជាបច្ចុប្បន្នដែលជាខែមានភ្ញៀវតិច (low season) តើយើងត្រូវរៀបចំព្រឹត្តិការណ៍អ្វីដើម្បីទាក់ទាញភ្ញៀវ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការជួយផ្សព្វផ្សាពីសក្ដានុពលរបស់កម្ពុជាពីសំណាក់មន្ត្រីទូតបរទេសគឺជារឿងគួរឲ្យសរសើរ និងបញ្ជាក់ពីសណ្ដានចិត្ត និងសុច្ឆន្ទៈរបស់អង្គទូតទាំងអស់ក្នុងការជួយលើកស្ទួយផលិផលនិងតំបន់ទេសចរណ៍កម្ពុជា។
លោកបន្តថា ការជួយផ្សព្វផ្សាយនេះ «ជាការផ្សាភ្ជាប់បេះដូងប្រជាជនតាមរយៈផលិតផល និងតាមរយៈវិស័យទេសចរណ៍» ហើយក៏អាចមានឥទ្ធិពលខ្លះសម្រាប់ទេសចរនៅក្នុងប្រទេសរបស់ពួកគេ។
សម្រាប់ប្រទេសចិនដែលមិនអាចប្រើប្រាស់ប្រព័ន្ធសង្គមរបស់អាមេរិក ដូចជា ហ្វេសប៊ុកជាដើម លោក គិន ភា លើកទឹកចិត្តឲ្យស្ថានទូតចិនចែករំលែកព័ត៌មានអំពីកម្ពុជានៅលើបណ្ដាញសង្គមរបស់ចិន។
ដោយមានទស្សនៈមិនខុសពីអ្នកវិភាគផ្សេងទៀត លោក គិន ភា ថ្លែងថា កម្ពុជាខ្លួនឯងត្រូវតែបន្តផ្សព្វផ្សាយពីសក្ដានុពលរបស់ខ្លួនឲ្យបានខ្លាំងក្លាតាមរយៈយន្តការរៀងៗខ្លួនសម្រាប់វិស័យនីមួយៗ។ លោកក៏លើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយអំពីផលិតផល និងទេសចរណ៍កម្ពុជា នៅបរទេស ទាំងតាមរៈប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល។ រឿងដែលសំខាន់មួយទៀតគឺ ការរក្សាអតិថិជន។
លោកនិយាយថា៖ «នៅពេលគេប្រើប្រាស់ហើយ ឬនៅពេលគេមកលេងស្រុកខ្មែរយើងហើយ គួរតែធ្វើយ៉ាងណាដើម្បីទាក់ចិត្តគេ ចៀសវាងការចង់ចំណេញតែមួយពេល ហើយឈានទៅរកការដេញភ្ញៀវទេសចរជារៀងរហូត។ រឿងនេះសូមប្រតិបត្តិករទេសចរណ៍ និងអ្នកផ្ដល់សេវាទេសចរណ៍គិតឲ្យបានវែងឆ្ងាយ ជាជាងគិតតែផលប្រយោជន៍រយៈពេលខ្លី»៕