កំពង់ធំៈ ខេត្តកំពង់ធំរងគ្រោះធ្ងន់ធ្ងរជាងគេពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបំផ្លាញស្រូវជាង ៣ពាន់ហិកតា ក្នុងចំណោមជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់គិតមកដល់ត្រឹមថ្ងៃពុធ ទី៧ ខែសីហានេះ។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានឱ្យដឹងថា ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួនសរុប ៦ ៨០៦ហិកតានៅក្នុងក្រុងស្រុកចំនួន ៨។ ក្នុងនោះ ស្រូវខូចខាតមានចំនួន ៣ ២៧៤ហិកតារបស់ពលរដ្ឋ ២ ៤២៩គ្រួសារនៅក្នុង ២១ឃុំ និង ៩៨ភូមិ។
ស្រូវដែលរងផលប៉ះពាល់រួមមាន ស្រូវស្រាលដើមរដូវមានផ្ទៃដីសរុបចំនួន ៤ ៦៩៣ ហិកតា ខូចខាត ៣ ០៧៤ហិកតា, ស្រូវធ្ងន់១ ៤៣៧ហិកតា ខូចខាត ១៤៤ហិកតា, ស្រូវកណ្តាល ៦៦៥ហិកតា ខូចខាត ៥៦ហិកតា និងស្រូវវា ១១ហិកតាផងដែរ។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ គ.ជ.គ.ម មានប្រសាសន៍ថា៖ «ក្នុងចំណោមខេត្តទាំងអស់ ខេត្តកំពង់ធំមានការប៉ះពាល់ និងខូចខាតច្រើនជាងគេមកដល់ពេលនេះ ហើយនឹងបន្តខូចខាតទៀត ដោយសារតែទឹកអត់ស្រក»។
លោកបន្តថា ផលដំណាំដែលនៅតំបន់ជុំវិញស្ទឹងសែនមានការលិចច្រើនជាងគេ ជាពិសេស ដំណាំស្រូវ។
ក្រុងស្រុកចំនួន ៨ ដែលរងការប៉ះពាល់មានដូចជា ស្រុកកំពង់ស្វាយមានផ្ទៃដី ២ ០៤៥ហិកតា ដែលទទួលរងផលប៉ះពាល់ជារៀងរាល់ឆ្នាំ, ស្រុកប្រាសាទសំបូរមានផ្ទៃដី ៧០៦ហិកតា, ក្រុងស្ទឹងសែន មានផ្ទៃដីសរុប ១ ៣២៣ហិកតា,ស្រុកសណ្តាន់ ៥០៩ហិកតា, ស្រុកបារាយណ៍ ៦២០ហិកតា, ស្រុកសន្ទុក ១ ៤៤១ហិកតា, ស្រុកស្ទោង ១៤៧ ហិកតា និង ស្រុកតាំងគោក១៥ហិកតាផងដែរ។
គ.ជ.គ.ម ក៏បានឱ្យដឹងផងដែរថា ប៉ះពាល់ផ្សេងៗមានដូចជា លិចផ្ទះប្រជាពលរដ្ឋ ១ ៥៣២គ្រួសារ ជម្លៀស ១១១គ្រួសារ ក្នុងនោះមានក្នុងស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ។ ក្រៅពីនោះមាន សត្វពាហនៈ ២ ០៧៩ក្បាលសាលារៀន១៨ ស្ពាន៣ ផ្លូវគ្រួសក្រហម ២០ ៨៩៤ម៉ែត្រ ប៉ុន្តែមិនមានប៉ះពាល់ដល់វត្តអារាម និងមន្ទីរពេទ្យនោះទេ។
លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម បាននឹងកំពុងតែដឹកនាំក្រុមការងារដើម្បីចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងខេត្តកំពង់ធំនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងមន្រ្តីពាក់ព័ន្ធក៏បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំផងដែរនាថ្ងៃទី ៥ ខែសីហានេះ។
ការចុះពិនិត្យនេះក៏ដើម្បីរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរទៅវិញ។
ក្រសួងកសិកម្មបានលើកឡើងថា៖ «ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួង ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន»។
ក្រសួងបានឱ្យដឹងថា លោករដ្ឋមន្ត្រីបានពិនិត្យលទ្ធភាព ដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិនិងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។
កសិករខ្លះកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន ជួយសម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីជាស្រូវមិនទាន់ដល់អាយុប្រមូលផលយ៉ាងណាក៏ដោយ។
ខេត្តប្រមាណជា ៨ ផ្សេងទៀតក៏ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងផងដែរនាពេលថ្មីៗនេះ ប៉ុន្តែមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ៕