ភ្នំពេញ៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ទីមួយរបស់ប្រទេសកម្ពុជាត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់ក្រមសីលធម៌និងស្តង់ដាអ្នកសារព័ត៌មាននៅគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយរួមទាំងអ្នកបង្កើតមាតិកា និងអ្នករកលុយតាមអនឡាញ (MMO)។
ធម្មនុញ្ញដ៏សំខាន់នេះត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅក្រសួងព័ត៌មាន ដែលមានគោលបំណងបង្កើតគោលការណ៍ណែនាំប្រកបដោយក្រមសីលធម៌ច្បាស់លាស់សម្រាប់អ្នកផ្សព្វផ្សាយព័ត៌មានទូលំទូលាយក្នុងប្រទេស។
ធម្មនុញ្ញដែលរួមមាន ៤ ជំពូក និងមាត្រាចំនួន ២៧ គឺជារចនាសម្ព័ន្ធដ៏រឹងមាំមួយដើម្បីធានាបាននូវបរិយាកាសអំណោយផលសម្រាប់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ខណៈពេលដែលការពារសុវត្ថិភាពអ្នកសារព័ត៌មានផងដែរ។
យោងតាមប្រកាសរបស់ក្រសួងនៅថ្ងៃទី៦ ខែសីហា បានបង្ហាញថា៖ «វាកំណត់ស្តង់ដាអប្បបរមាសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ធានានូវភាពត្រឹមត្រូវ យុត្តិធម៌ ភាពមិនលម្អៀង និងការគោរពសិទ្ធិអ្នកដទៃ»។
ដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងមន្ដ្រីក្រសួងព័ត៌មានចំនួន ៣២៥ នាក់ ពួកគេបានប្រមូលផ្តុំធាតុចូលដើម្បីបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលកែសម្រួលជាពិសេសសមស្របទៅនឹងបរិបទកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ធម្មនុញ្ញនេះត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងបម្រើផលប្រយោជន៍វិជ្ជាជីវៈសារព័ត៌មាន»។
លោកបន្ដថា ធម្មនុញ្ញបានលើកឡើងពីការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដោយព្រមានប្រឆាំងនឹងការបោះពុម្ពផ្សាយខ្លឹមសាររើសអើង ឬការរំលោភលើឯកជនភាពបុគ្គល។
គោលបំណងនៃធម្មនុញ្ញគឺដើម្បីជំរុញការអនុវត្តសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ធម្មនុញ្ញនេះមានវិសាលភាព អនុវត្តចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍នៅកម្ពុជា រួមទាំងអ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានរូបថត អ្នកសារព័ត៌មានអនឡាញ អ្នកសារ ព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានវិទ្យុនិងទូរទស្សន៍ អ្នកបោះពុម្ពផ្សាយ អង្គភាពសារព័ត៌មាន សមាគមអ្នក សារព័ត៌មាន ព្រមទាំងអ្នកប្រកបអាជីពនិងសកម្មភាពវិជ្ជាជីវៈផ្សេងទៀត ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។
យោងតាមប្រកាសរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា៖ «វារួមបញ្ចូលផងដែរនូវអ្នកផ្សព្វផ្សាយព័ត៌មានដែលមិនមែនជាអ្នកសារព័ត៌មានអាជីព ដែលរួមមានជាអាទិ៍ អ្នកបង្កើតមាតិកាលើបណ្តាញ ទំនាក់ទំនងសង្គមនិងបណ្តាញអនឡាញគ្រប់ប្រភេទ អ្នកសរសេរប្លុក អ្នកសារព័ត៌មានពលរដ្ឋ (ឬពលរដ្ឋសារព័ត៌មាន) អ្នករកប្រាក់តាមប្រព័ន្ធអនឡាញគ្រប់ទម្រង់ និងអ្នកមានប្រជាប្រិយភាព (Key Opinion Leader ឬ KOL)»។
ពាក្យគន្លឹះដែលបានកំណត់ក្នុងធម្មនុញ្ញ រួមមាន ព័ត៌មាន សារព័ត៌មាន អ្នកសារព័ត៌មាន អ្នកសារព័ត៌មានពលរដ្ឋ អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានថតរូប អ្នកសារព័ត៌មានអាជីព អង្គភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក អ្នកផលិតមាតិកា អ្នកដឹកនាំមតិសំខាន់ៗ ប្លុក បញ្ញាសិប្បនិមិត្ត សន្ដិសុខព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ប្រព័ន្ធផ្សព្វផ្សាយទំនើប សមាគមអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ពត៌មានបំភ្លៃ ពត៌មានភាន់ច្រឡំ អ្នកបោះពុម្ពផ្សាយ និងរោងពុម្ព។
ធម្មនុញ្ញបានសង្កត់ធ្ងន់ថា សេរីភាពសារព័ត៌មានត្រូវតែស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ដែលមានស្រាប់ ជាពិសេសច្បាប់ស្តីពីសារព័ត៌មាន។
ការរំលោភបំពានវិជ្ជាជីវៈធ្ងន់ធ្ងរត្រូវបានចាត់ទុកថាជាបទល្មើសសារព័ត៌មាន ហើយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបានរំឭកថា សេរីភាពសារព័ត៌មានមិនលើកលែងពួកគេពីការទទួលខុសត្រូវចំពោះការរំលោភបំពាននោះទេ។
ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវតែផ្សាយព័ត៌មានត្រឹមត្រូវ ជៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ពត៌មានបំភ្លៃ ពត៌មានភាន់ច្រឡំ និងកែតម្រូវរាល់ការបកស្រាយខុស ខណៈពេលដែលរក្សាការសម្ងាត់ប្រភព។
គណនេយ្យភាពសង្គមគឺជាគោលការណ៍សំខាន់មួយ ដោយអ្នកសារព័ត៌មានបានជំរុញឱ្យផ្តល់អាទិភាពដល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គម និងជៀសវាងការផ្សាយខ្លឹមសារដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណី និងសិទ្ធិមនុស្ស។ ឯករាជ្យភាព និងអព្យាក្រឹតភាពត្រូវតែរក្សាដើម្បីជៀសវាងជម្លោះផលប្រយោជន៍។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងពីផលប៉ះពាល់ដ៏អាក្រក់នៃការផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ពត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ដោយពណ៌នាថាជាទម្រង់នៃការបំពុលសង្គមដែលអាចនាំឱ្យមានផលវិបាកនានា។
លោកបានរិះគន់អ្នកបង្កើតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន និងអ្នកនៅក្នុងវិស័យរកលុយតាមអ៊ីនធឺណិត (MMO) ចំពោះការប្រាកចាកពីការអនុវត្តក្រមសីលធម៌សម្រាប់ការផ្សព្វផ្សាយជាសាធារណៈ ការបំពានក្រមសីលធម៌សង្គម និង ស្តង់ដាវិជ្ជាជីវៈ។
លោក អស្នារិទ្ធ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កន្លងទៅក្រសួងព័ត៌មានតែងធ្លាប់បានណែនាំដល់អ្នកបង្កើតមាតិកាលើបណ្តាញទំនាក់ទំនងសង្គម និងអ្នករកប្រាក់តាមអនឡាញ (MMO) ទាំងឡាយឱ្យគោរពក្រមសីលធម៌សម្រាប់ការផ្សាយ ចែកចាយព័ត៌មាន ក៏ដូចជាសម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីចូលរួមធានាការផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ មានគុណភាព រួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ»។
លោកបាននិយាយថា ក្រសួងធ្លាប់បានដាស់តឿនផងដែរអំពីផលវិបាកនៃការផ្សព្វផ្សាយបំពានក្រមសីលធម៌ -រាប់បញ្ចូលការចែករំលែកព័ត៌មានតាមបណ្តាញសង្គមផងដែរ ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀតដែលប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម និងប៉ះពាល់ដល់សិទ្ធិឯកជនភាព សិទ្ធិនិងតម្លៃរបស់អ្នកដទៃ។
ដំណើរការពិគ្រោះយោបល់សម្រាប់ធម្មនុញ្ញនេះបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៤ ដោយមានការបញ្ចូលពីភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយតាមរយៈសិក្ខាសាលាធំៗចំនួនពីរដែលមានអ្នកចូលរួមប្រហែល ៥៥០ នាក់។
លោក អស្នារិទ្ធ បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនបានរាយការណ៍អំពីព្រឹត្តិការណ៍ពេញមួយដំណើរការនេះ ដោយជួយសម្រួលដល់ការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងសំណើនានា ដើម្បីលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា៕