ភ្នំពេញ៖ យុទ្ធនាការបរិច្ចាគឈាម #BloodofKindness រៀបចំឡើងនៅថ្ងៃទី៩ ខែសីហា ចាប់ពីម៉ោង៩ ព្រឹកដល់ម៉ោង ៤ រសៀល នៅ TheCommune ក្នុងខណ្ឌទួលគោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការបរិច្ចាកឈាមទូទាំងប្រទេសកម្ពុជា។
កម្មវិធីនេះ ក្រោមភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) បានលើកទឹកចិត្ដសាធារណជនចូលរួមជួយសង្គ្រោះជីវិតដោយការបរិច្ចាគឈាមស្ម័គ្រចិត្ដ។
លោក Miguel Jeronimo អ្នកថតរូបជនជាតិព័រទុយហ្គាល់ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ និងជាអ្នកគាំទ្រដ៏សំខាន់នៃយុទ្ធនាការនេះ បាននិយាយថា៖ «រាល់ឈាមមួយប្លោកអាចសង្គ្រោះជីវិតមនុស្សម្នាក់ ឬអាចបានដល់ទៅបីនាក់។ នោះគឺជារឿងដ៏មានឥទ្ធិពល និងគួរឱ្យគោរព»។
លោកបានបន្ថែមថា៖ «យើងចង់ឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ថា ការបរិច្ចាកឈាមមិនមែនគ្រាន់តែជានីតិវិធីវេជ្ជសាស្ត្រនោះទេ វាគឺជាទង្វើនៃសេចក្តីសប្បុរស ជាមធ្យោបាយមួយដើម្បីជួយសង្គ្រោះជីវិតរបស់នរណាម្នាក់»។
កម្មវិធីបរិច្ចាគឈាមនេះ រៀបចំនៅ TheCommune ជាកន្លែងប្រជុំជនដែលមានទីតាំងនៅផ្ទះលេខ ១៥ ផ្លូវ ៣៤៧ ក្នុងខណ្ឌទួលគោក ដោយសារការគាំទ្រពី Soma Group និង BreadTalk។
កិច្ចសហការនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជីវកម្មក្នុងស្រុក និងសហគមន៍នៅក្នុងបេសកកម្មរបស់ខ្លួន។
លោក Jeronimo បានកត់សម្គាល់ថា៖ «ការចាប់ដៃគូជាមួយសហគ្រាសក្នុងស្រុក ដូចជា Soma Group និង BreadTalk អនុញ្ញាតឱ្យយើងទទួលស្វាគមន៍អ្នកស្ម័គ្រចិត្ដកាន់តែច្រើន និងធ្វើឱ្យការបរិច្ចាគឈាមជាបទពិសោធន៍ដ៏ល្អ។
ចំណុចពិសេសមួយក្នុងចំណោមកម្មវិធីថ្ងៃស្អែកនេះគឺការដាក់បង្ហាញ «អម្រឹត» ជាម៉ាស្កូតដែលទើបនឹងបង្ហាញខ្លួនក្នុងយុទ្ធនាការនេះ។
អម្រឹត ដែលមានន័យថា «ភាពរឹងមាំ» ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់អ្នកបរិច្ចាគឈាម ខណៈពេលដែលបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទង្វើមនុស្សធម៌នេះ។
ម៉ាស្កូត «អម្រឹត» ត្រូវបានរចនាឡើងដោយវិចិត្រករក្នុងស្រុក Kan Sereysopheak ហើយនឹងត្រូវបានផលិតជាតុក្កតាអំបោះដែលធ្វើឡើងដោយ Cambodia Knits ជាសហគ្រាសសង្គមដែលផ្តល់ឱកាសការងារដោយយុត្តិធម៌ដល់សហគមន៍ខ្វះខាតក្នុង និងជុំវិញរាជធានីភ្នំពេញ។
លោក Jeronimo បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «អម្រឹតតំណាងឱ្យកម្លាំងជីវិតដែលឈាមបានផ្តល់ឱ្យ។ វាជានិមិត្តរូបនៃក្តីសង្ឃឹម និងភាពរឹងមាំ ដែលជាការបរិច្ចាគឈាមយ៉ាងពិតប្រាកដ។ តាមរយៈសិល្បៈ និងការច្នៃប្រឌិត យើងសង្ឃឹមថានឹងអាចទៅដល់មនុស្សកាន់តែច្រើន និងមានឥទ្ធិពលយូរអង្វែងលើទម្លាប់នៃការបរិច្ចាគឈាមនៅក្នុងប្រទេសកម្ពុជា»។
ឈាមនៃក្ដីសប្បុរស ឬ Blood of Kindness ត្រូវបានបង្កើតឡើងដោយយុវជន សិល្បករក្នុងស្រុក និងអង្គការមិនរកប្រាក់ចំណេញ Local4Local ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់ការបរិច្ចាគឈាម។
យោងតាម NBTC ប្រជាជនកម្ពុជាតិចជាង ១៥ ភាគរយបានបរិច្ចាកឈាម ខណៈពេលដែលតម្រូវការនៅតែមានកម្រិតខ្ពស់ ដោយជាមធ្យមពី ២៥០ ទៅ ៣០០ ប្លោកត្រូវការជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ និងគ្លីនិកសាធារណៈ។
លោក Jeronimo បានសង្កត់ធ្ងន់ថា៖ «យុទ្ធនាការនេះមានអត្ថន័យច្រើនជាងការជំរុញការបរិច្ចាគឈាម ។ វាគឺអំពីការកសាងវប្បធម៌នៃការបរិច្ចាគ ដែលការផ្តល់ឈាមក្លាយជាផ្នែកធម្មតា និងមានតម្លៃនៃជីវិតសហគមន៍របស់យើង។ សេចក្តីត្រូវការគឺជានិរន្តរ៍ ហើយយើងអាចបំពេញបានប្រសិនបើយើងរួមគ្នា»។
Jeronimo បានលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមក្នុងឆាណែល Telegram https://t.me/bloodofkindness ដើម្បីដឹងអំពីគំនិតផ្តួចផ្តើមនៃចលនាបរិច្ចាគឈាម៕