កំពង់ស្ពឺៈ សម្ថកិច្ច​ជំនាញ​ខេត្ត​កំពង់ស្ពឺ​កំពុង​តែ​ធ្វើការ​សាកសួរ​នារី​ខារ៉ា​អូខេ​មិន​ទាន់​គ្រប់​អាយុ និង​អ្នកពាក់​ព័ន្ធ​ជាង​ ១០​នាក់ ក្រោយ​ពី​បាន​ឆ្មក់​ចូល​បង្រ្កាប​ ហើយ​រំដោះ​នារី​ទាំង​នោះ​ចេញ​ពី​ទីតាំង​ខារ៉ា​អូខេ ១​កន្លែង​នៅ​ក្នុង​ស្រុក​សំរោងទង។

ការ​ឆ្មក់​ចូល​បង្រ្កាប​នេះ​ត្រូវ​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​៨ ខែ​សីហា​នេះ​នៅ​ទីតាំង​ខារ៉ាអូខេ យីហោ បុប្ផាថ្មី ស្ថិត​នៅ​ភូមិបាក់​ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការ​ដឹកនាំ​ពី​លោក​ស្រី​ឧត្ដម​សេនីយ៍ត្រី ងិន សុគន្ធា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​សម្រប​សម្រួល​នីតិវិធី ដោយ​លោក ចក សម្បត្តិ ព្រះរាជ​អាជ្ញារង​សាលាដំបូង​ខេត្ដ។ នេះ​បើ​យោង​តាម​នគរបាលជាតិ។ 

នគរបាលជាតិ​បញ្ជាក់​ថា៖ «កម្លាំង​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បើក​ប្រតិបត្ដិការ​ឆ្មក់​ចូល​បង្រ្កាប​រំដោះ​នារី​ក្មេងៗ​មិន​ទាន់​គ្រប់​អាយុ​នៅ​ក្នុង​ទីតាំង​ខារ៉ាអូខេ...ជាក់ស្តែង ទីតាំង​ខាងលើ សមត្ថ​កិច្ច​រក​ឃើញ​ថា​ពិត​ជា​បាន​ទទួល​យក​នារី​ក្មេងៗ មិនទាន់​គ្រប់​អាយុ ឱ្យ​ចូល​មក​បម្រើ​ការ​នៅ​ទីតាំង​ខារ៉ាអូខេ​ពិត​ប្រាកដ​មែន និង​អាច​មាន​ការ​សង្ស័យ​លួច​អនុញ្ញាតឱ្យ​ផ្ដល់​សេវា​រួមភេទ​ដល់​ភ្ញៀវផងដែរ»។ 

ក្នុងប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ចំនួន ៥​នាក់ ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​បើក​ទីតាំង​ខារ៉ាអូខេ​នេះ ព្រោះ​ថា មនុស្ស​ទាំង ៥​នាក់​នេះ​មាន​វត្ដមាន​នៅ​ក្នុង​ទីតាំង​ខារ៉ាអូខេ​នោះ ពេល​សមត្ថកិច្ច​ទៅ​បង្រ្កាប។

នគរបាល​ស្រុក​សំរោង​ទង​ជាច្រើន​រូប​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ទាក់ទង​នឹង​ករណី​នេះ។

កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​សាកសួរ​លើ​បុគ្គល​សង្ស័យ​ទាំង ៥ ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​ទទួល​ខុសត្រូវ និង​បន្ដ​ចំណាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់។

លោកស្រី ងិន សុគន្ធា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩​ ខែ​សីហាថា នារីខារ៉ាអូខេ និង​មនុស្ស​ទាំង ៥​នាក់​នោះ​ផង​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ការ​សាកសួរ​នៅ​ឡើយ​រហូត​មក​ដល់​នឹង​ពេល​នេះ។ ជាទូទៅ ក្រោយ​ពេល​រំដោះ នារីៗ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត។ 

លោកស្រី​បញ្ជាក់​ថា៖ «ឥឡូវ​ព្រះ​រាជ​អាជ្ញា​កំពុង​តែ​សួរ​គាត់​សិន។ ខាងនារីៗ​បើ​គាត់​ចង់​ធ្វើការងារអី ខាង​សង្គម​កិច្ចនឹង​រក​ការងារ​ឱ្យ​ធ្វើ [ដូចជា] ការងារ​រោងចក្រ»៕