ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ផ្តល់​ជំនួយ​ឥត​សំណង​បន្ថែម​ចំនួន​៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​គម្រោង​អភិរក្ស និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ដំណាក់កាល​ទី២ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​ធានា​បាន​គុណភាព និង​លទ្ធភាព​ប្រើប្រាស់​នៃ​បណ្ណសារ​ទាំងនេះ។

កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោកស្រី Moonjung Choi តំណាង​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ KOICA និង​លោក សាដា អ៊ូម៉ា អាទ្បាម (Sardar Umar Alam) តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​យូណេស្កូ ខណៈ​​កំណត់​ហេតុ​នៃ​កិច្ចពិភាក្សា​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោកស្រី Moonjung Choi និង​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី៨ ខែ​សីហា នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ។

គម្រោង​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​តម្លៃ​នៃ​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​កម្ពុជា​តាម​រយៈ​ការ​អភិរក្ស​កំណត់​ត្រា និង​វឌ្ឍនភាព​នៃ​ការ​ថតចម្លង​បណ្ណសារ និង​លើកកម្ពស់​លក្ខខណ្ឌ​អភិរក្ស និង​បរិស្ថាន​អ្នក​ទស្សនា​សម្រាប់​ការ​អភិរក្ស និង​ការ​ផ្សព្វផ្សាយ​តម្លៃ នៃ​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​កម្ពុជា។

គម្រោង​នេះ​ក៏​មាន​គោលបំណង​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​តាំង​ពិព័រណ៍ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សន្តិភាព តាម​រយៈ​ការ​អប់រំ​សន្តិភាព។

លោកស្រី Moonjung Choi ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ​គម្រោង​នេះ ជា​និមិត្ត​រូប​នៃ​ការ​ចែករំលែក​ការ​ឈឺចាប់ និង​បន្ទុក​រួមគ្នា​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​កូរ៉េ។ 

នាយកប្រចាំប្រទេសនៃKOICA លោកស្រី Moonjung Choi (កណ្តាលឆ្វេង), រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា (កណ្តាល), និងតំណាងប្រចាំប្រទេសនៃយូណេស្កូ លោក Alam Sardar Umar (កណ្តាលស្តាំ) បង្ហាញឯកសារផ្តល់ជំនួយក្នុងពិធីចុះហត្ថលេខានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅថ្ងៃទី៨ សីហា។ KOICA

លោកស្រី​ថ្លែង​ថា៖ «យើង​មាន​គោលបំណង​កាត់បន្ថយ​ទុក្ខសោក និង​ការ​ឈឺចាប់​របស់​កម្ពុជា តាម​រយៈ​គម្រោង​នេះ ដែល​ដើរតួ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​អំពី​អតីតកាល​ដ៏​សោកសៅ​របស់​កម្ពុជា ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​ស្រដៀង​គ្នា​នេះ​មិន​ឱ្យ​កើត​មាន​នៅ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត»។
 
KOICAបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​៨ សីហា ថា គម្រោង​នេះ​ក្នុង​ដំណាក់កាលទី១​ទទួល​បាន​សមិទ្ធផល​សំខាន់ៗ ​រួមមាន បណ្ណសារ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ចំនួន ៧៤៥ ៤៩៤ទំព័រ​ត្រូវ​បាន​រក្សាទុក ហើយ​ជិត​កន្លះ​លាន​បណ្ណសារ​ត្រូវ​បាន​បំប្លែង​ជា​ឌីជីថល (digital) ដើម្បី​លើកកម្ពស់​ការ​ចូល​ប្រើប្រាស់​ជា​សកល​នូវ​បេតិកភណ្ឌ​ឯកសារ។ 

KOICAបញ្ជាក់​ថា ឥឡូវ​នេះ​ បណ្ណសារ​ទាំងនេះ​អាច​ចូល​ប្រើ​បាន​តាម​រយៈ​គេហទំព័រ​ពីរ​ភាសា គឺ​ភាសាខ្មែរ និង​ភាសា​អង់គ្លេស។ គម្រោង​នេះ​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​សំខាន់ៗ​ដល់​បុគ្គលិក​សារមន្ទីរ រួមចំណែក​ដល់​ការ​ទទួល​ស្គាល់​របស់​សារមន្ទីរ ហើយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២០ សារមន្ទីរ​ទួល​ស្លែង​ក៏​បាន​ទទួល​​ជ័យលាភី Jikji UNESCO Memory of the World prize របស់​រដ្ឋាភិបាល​កូរ៉េ។

KOICAលើក​ឡើង​ថា៖ «ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​នៃ​ដំណាក់​កាល​ទី១ KOICA បាន​ប្តេជ្ញា​ផ្តល់​ជំនួយ​បន្ថែម​ចំនួន ៣លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​រយៈ​ពេល​៥ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២៤ រហូត​ដល់​ឆ្នាំ​២០២៨»។

គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​សង្គម​ប្រកប​ដោយ​សន្តិភាព តាម​រយៈ​ការ​អប់រំ​វប្បធម៌ និង​បេតិកភណ្ឌ និង​ការ​ពង្រឹង​សមត្ថភាព​យុវជន ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​របស់​កម្ពុជា គឺ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាល​ទី១។

KOICAកត់សម្គាល់​ថា វិស័យ​ទេសចរណ៍ ដែល​ជា​សសរស្ដម្ភ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​បង្ហាញ​សក្ដានុពល​របស់​ខ្លួន​រួច​ហើយ តាម​រយៈ​ការ​បង្កើត​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ជាច្រើន។ នៅ​ក្នុង​ឆ្នាំ២០១៩ វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​មនុស្ស​ចំនួន​ ៦៣០ ០០០ នាក់ ជាមួយ​នឹង​ចំណូល​ពី​វិស័យ​ទេសចរណ៍​រហូត​ដល់ ៤,៩ ពាន់​លាន​ដុល្លារ ដែល​បាន​បង្កើត​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា​ចំនួន​១៨,២ភាគរយ ដែល​ជា​សេដ្ឋកិច្ច​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​អាស៊ាន បូក៣។ 

KOICA លើក​ឡើង​ថា គម្រោង​នេះ​មាន​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន, បង្កើន​ចំណូល​ពី​ទេសចរណ៍, បង្កើត​ការងារ​ក្នុង​ផ្នែក​អភិរក្ស ឌីជីថល និង​ការ​អប់រំ, ពង្រឹង​ការ​អភិវឌ្ឍ​ជំនាញ ជាពិសេស​ក្នុង​ការ​គ្រប់គ្រង​បណ្ណសារ និង​ការ​អប់រំ​សន្តិភាព, បង្កើន​លទ្ធភាព​ការងារ, និង​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្ពុជា។

KOICA បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «តាម​រយៈ​ការ​ធានា​នូវ​ការ​អភិរក្ស និង​ភាព​ងាយ​ស្រួល​នៃ​បណ្ណសារ​ប្រវត្តិសាស្ត្រ គម្រោង​នេះ​ជួយ​សម្រួល​ដល់​ការ​ស្រាវជ្រាវ​ផ្នែក​សិក្សា និង​ជំរុញ​ការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ​អំពី​អតីតកាល ដោយ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​រួម​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឃោរឃៅ​នា​ពេល​អនាគត»៕