ភ្នំពេញៈ សហគមន៍ជនជាតិដើមភាគតិចចំនួន១៩៤ ក្នុងចំណោម៤៥៥សហគមន៍ត្រូវបានប្រកាសទទួលស្គាល់អត្តសញ្ញាណជាផ្លូវការ រហូតមកដល់ពេលបច្ចុប្បន្ន ដែលស្មើនឹងប្រមាណ៤៣ភាគរយប៉ុណ្ណោះ។ ចំណែកឯការចុះបញ្ជីដីជាសមូហភាពសហគមន៍វិញមានតែប្រមាណជា៥២ភាគរយ។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោកពិត ករុណបានឱ្យដឹងថា ក្រសួងបានស្រង់ទិន្នន័យសហគមន៍ជនជាតិដើមភាគតិច ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួន៤៥៥សហគមន៍នៅទូទាំងប្រទេស។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់អត្តសញ្ញាណបានចំនួន១៩៤សហគមន៍រួចហើយ។
លោកបន្តថា អត្ថប្រយោជន៍ នៃប្រកាសទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចនេះមានដូចជា ការកំណត់ឱ្យ បាននូវគោលដៅ ទិសដៅ និងគោលការណ៍ជាក់លាក់សម្រាប់អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច។ លើសពីនោះ ការប្រកាសទទួលស្គាល់នេះគឺជាឯកសាផ្លូវការសម្រាប់មួយសហគមន៍ជនជាតិដើមភាគតិចដើម្បីដាក់ស្នើសុំចុះបញ្ជីដីសមូហភាព និងទទួលបានប័ណ្ណកម្មសិទ្ធជាដើម។
លោកបញ្ជាក់ថា៖«សម្រាប់អត្ថប្រយោជន៍នៃការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចនេះគឺក៏ដើម្បីចូលរួមថែរក្សា និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីប្រពៃណី ទំនៀមទំលាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចផងដែរ»។
នាពេលថ្មីៗនេះ អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយចំនួន២សហគមន៍ នៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំត្រូវបានក្រសួងប្រកាសទទួលស្គាល់។
មុនពេលឈានដល់ការប្រកាសទទួលស្គាល់ មានការរៀបចំការងារចំនួន៥ជំហាន។ ជំហានទី១គឺការធ្វើការផ្សព្វផ្សាយការយល់ដឹងនៅក្នុងចំណោមអាជ្ញាធរថ្នាក់ខេត្ត រួមមានមន្ទីរជំនាញពាក់ព័ន្ធ ថ្នាក់ស្រុក ឃុំ ភូមិ និង សហគមន៍ជនជាតិដើមភាគតិច។ ទី២ សហគមន៍ជនជាតិដើមភាគតិចបង្ហាញឆន្ទៈ ក្នុងការចាប់ផ្តើម ដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួន។ ទី៣ ការធ្វើការផ្សព្វផ្សាយដល់សហគមន៍គោលដៅ។ ទី៤ សហគមន៍ជនជាតិដើមភាគតិចបោះឆ្នោតជ្រើសរើសតំណាងគណៈកម្មការសហគមន៍ និងប្រកាសស្វ័យអត្តសញ្ញាណខ្លួនជា«ជនជាតិដើមភាគតិច» និងទី៥ ការដាក់ពាក្យ ការវាយតម្លៃ និងទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចរបស់សហគមន៍ជនជាតិដើមភាគតិច។
ទោះយ៉ាងណា ក្នុងចំណោម ១៩៤សហគមន៍នោះ មានតែបទបញ្ជាផ្ទៃក្នុង ស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិចចំនួន ១០១សហគមន៍ ឬ ស្មើប្រមាណជា ៥២ភាគរយ ដែលត្រូវបានអនុម័ត។
នៅថ្ងៃអបអរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហានេះ សហគមន៍ជនជាតិដើមភាគតិចបានក្តីបារម្ភថា ភាពយឺតយ៉ាវនៅក្នុងការប្រកាសទទួលស្គាល់ និងចុះបញ្ជីដីសមូហភាពនេះគឺជាមូលហេតុមួយ ដែលបង្កឱ្យមានជម្លោះដីធ្លីនាពេលកន្លងមក។
អ្នកស្រី ផ្លឹក ភីរុំ តំណាងបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរីមិនទាន់កំណត់បាននូវចំនួនសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តនេះនៅឡើយនោះទេ។ ទោះយ៉ាងណា លោកស្រីបានលើកឡើងថា ការប្រកាសទទួលស្គាល់អត្តសញ្ញាណ និងចុះបញ្ជីដីធ្លីសមូហភាពមានការយឺតយ៉ាវ ដែលនេះបង្កឱ្យមានជម្លោះដីធ្លីមួយចំនួនកើតមានឡើងទាំងពីអតីកាល រហូតមកដល់នឹងពេលបច្ចុប្បន្ននេះ។
លោកស្រីអះអាងថា៖«គ្រាន់តែចុះសម្គាល់អត្តសញ្ញាណហ្នឹងមានការពិបាកបាត់ទៅហើយ។ មិនងាយនឹងមានការប្រកាស ទទួលស្គាល់ទេ ព្រោះពិបាករៀបចំឯកសារ។ ក្នុងការរៀបចំហ្នឹង គឺយឺតមែនទែន គឺខ្វះឯកសារនេះ ខ្វះឯកសារនោះ»។
លោកស្រីបានលើកឡើងថា ក្នុងដំណើរការងារទាំងនេះ ក៏មិនសូវមានមន្រ្តីមូលដ្ឋានចុះទៅធ្វើការណែនាំនោះដែរ។ លោកស្រីក៏បានសំណូមពរឱ្យអាជ្ញាធរថ្នាក់ជាតិជួយយកចិត្តទុកដាក់បន្ថែម ដើម្បីជួយសម្រួលការងារប្រកាសទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចនេះ។
លោក ពិត ករុណ ថ្លែងដូច្នេះថា៖«អ្វីដែលសំខាន់បំផុតនោះគឺការស្ម័គ្រចិត្តរបស់បងប្អូនជនជាតិដើមភាគតិច ដែលគាត់ស្ម័គ្រចិត្តក្នុងការធ្វើស្វ័យប្រកាស ថាខ្លួនជាជនជាតិដើមភាគតិច។ ប្រសិនណាមិនមានការចូលរួមពីបងប្អូនជនជាតិដើមភាគតិចទេ ក្រសួងក៏មិនអាច រៀបចំធ្វើជាការ ប្រកាសទទួលស្គាល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចបានដែរ»។
លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចចំនួន៣៤ហើយនៅក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ប្រកាសទទួលស្គាល់អត្តសញ្ញាណ។ ប៉ុន្តែនៅមានសហគមន៍ជាច្រើនផ្សេងទៀត ដែលកំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំឯកសារ។
លោកថ្លែងថា៖«យើងត្រូវការប្រើពេលវេលាយូរ និងចំណាយថវិកាទំរាំនឹងបានការប្រកាសទទួលស្គាល់មួយៗ តែថវិកាមានកំណត់។ យើងធ្វើតាមនិតីវិធីច្បាប់ ដែលក្នុងមួយដំណាក់ៗមានបីបួនប្រាំជំហាន។ មិនមានតែឯកសារមួយធ្វើភ្លាមបានភ្លាមឯណា ឬធ្វើឱ្យរួចតែខ្លួននោះទេ»។
លោកបានពន្យល់ថា តាមនិតីវិធី ដំណើរការទាំងនេះមានពាក់ព័ន្ធទៅនឹងក្រសួងចំនួន៣។ ដំណើរការបង្កើតលក្ខន្តិកៈផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គឺត្រូវមានការសម្របសម្រួល និងទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅមុនពេល ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។ ចំណែកឯ ការចុះបញ្ជីដីសមូហភាពគឺត្រូវធ្វើជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកបន្តថា ដំណើការនេះ មន្ទីរត្រូវធ្វើជាមួយនឹងជនជាតិដើមភាគតិចគ្រប់ភូមិ និងឃុំទាំងអស់ មិនមែនបណ្តោយឱ្យពួកគាត់ធ្វើតែឯងដោយគ្មានការជួយណែនាំនោះទេ។ ប៉ុន្តែលោកអះអាងថាមានសហគមន៍ខ្លះបានរៀបចំធ្វើដោយខ្លួនឯង ទៅតាមការណែនាំរបស់អង្គការក្រៅរដ្ឋាភិបាលដោយខុសនិតីវិធីច្បាប់ទៅវិញ ហើយចោទប្រកាន់ថា មន្ទីរ ឬក្រសួងមិនទទួលស្គាល់។
លោកបានកត់សម្គាល់ឃើញថា ឧបសគ្គមួយក្នុងចំណោមឧបសគ្គផ្សេងទៀត គឺដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ដែលសមាជិកមិនសូវមានការឯកភាពគ្នាក្នុងការគាំទ្រ។
លោកអះអាងដូច្នេះថា៖«បើគាត់យល់ គាត់ត្រូវសហការជាមួយយើង។ គាត់ធ្វើខុសនិតីវិធី ហើយចេះតែដើរស្រែក។ អ្នកនៅក្នុងសហគមន៍ខ្លះលក់ដីខ្ទិចខ្ទីអស់ ហើយចេះតែដើរចង្អុលយកដីជាធនធានធម្មជាតិ។ ជួនកាលមនុស្សពីរបីនាក់ហ្នឹងបង្កការខូចខាតដល់សហគមន៍ទាំងមូលក៏មានដែរ»។
ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន១,៤ភាគរយ ឬ ២៤ម៉ឺននាក់នៃចំនួនប្រជាជាតិសរុប ១៧ លាននាក់។ ពួកគាត់រស់នៅក្នុងខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។
ជនជាតិដើមភាគតិចរួមមាន កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្មូន លុន ស្អូច រដែ ខិ រអង ស្ពុង ល្អីន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត៕