ភ្នំពេញ៖ អ្នកស្រី សុខ កន្និដ្ឋា ជា​អ្នក​បង្កើត​មាតិកា និង​ជា​អ្នក​អត្ថាធិប្បាយ​ពី​បញ្ហា​សង្គម​ដ៏​លេច​ធ្លោរ​ម្នាក់ បាន​សម្តែង​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន» ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​​នា​ពេល​ថ្មីៗ​នេះ​ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា។

ធម្មនុញ្ញ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​​នៅ​ថ្ងៃទី៦​ ខែ​សីហា មាន​គោល​បំណង​លើក​កម្ពស់​ស្តង់ដា​សីលធម៌​និង​ការ​អនុវត្ត​នៅ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ពង្រីក​លទ្ធភាព​​នៅ​ទូទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ រួមទាំង​អ្នក​បង្កើត​មាតិកា​ និង​បុគ្គល​រក​លុយ​តាម​អ៊ីនធឺណិត (MMO)។

ធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​សារព័ត៌មាន និង​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន​ចំនួន ៣២៥​នាក់។ វា​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ភាព​ស្មោះត្រង់ យុត្តិធម៌ ភាព​មិន​លម្អៀង និង​ការ​គោរព​សិទ្ធិ​អ្នក​ដទៃ។

ធម្មនុញ្ញ​នេះ​មាន​វិសាលភាព ​អនុវត្ត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សោតទស្សន៍​នៅ​កម្ពុជា រួមទាំង​​​អ្នក​សារព័ត៌មាន​អាជីព អ្នក​សារព័ត៌មាន​រូប​ថត អ្នកសារព័ត៌មាន​អន​ឡាញ អ្នក​សារ ព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍ អ្នក​បោះពុម្ពផ្សាយ អង្គភាព​សារព័ត៌មាន សមាគម​អ្នក សារព័ត៌មាន ព្រមទាំង​អ្នក​ប្រកប​អាជីព​និង​សកម្មភាព​វិជ្ជាជីវៈ​ផ្សេងទៀត ទាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​​។​

យោង​តាម​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ បាន​ឱ្យដឹងថា​៖ «វារួម​បញ្ចូល​ផងដែរ​នូវ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​មែន​ជា​អ្នកសារព័ត៌មាន​អាជីព ដែល​រួមមាន​ជាអាទិ៍ អ្នកបង្កើត​មាតិកា​លើ​បណ្តាញ ទំនាក់​ទំនង​សង្គម​និង​បណ្តាញ​អន​ឡាញ​គ្រប់​ប្រភេទ អ្នកសរសេរ​ប្លុក អ្នក​សារព័ត៌មាន​ពល​រដ្ឋ (ឬ​ពលរដ្ឋ​សារព័ត៌មាន) អ្នក​រក​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​ទម្រង់ និង​អ្នកមាន​ប្រជាប្រិយភាព (Key Opinion Leader ឬ KOL)»។

ពាក្យ​គន្លឹះ​ដែល​បាន​កំណត់​ក្នុង​ធម្មនុញ្ញ​ រួមមាន ​ព័ត៌មាន សារព័ត៌មាន អ្នក​សារព័ត៌មាន អ្នកសារព័ត៌មាន​ពលរដ្ឋ អ្នកសារព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មានថតរូប​ អ្នកសារព័ត៌មាន​អាជីព អង្គភាព​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក អ្នក​ផលិតមាតិកា​ អ្នកដឹកនាំ​មតិ​សំខាន់ៗ ប្លុក បញ្ញា​សិប្ប​និមិត្ត សន្ដិសុខ​​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ សមាគម​អ្នក​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ​ ពត៌មានបំភ្លៃ​ ពត៌មាន​ភាន់​ច្រឡំ​ អ្នក​បោះពុម្ព​ផ្សាយ និង​រោង​ពុម្ព​។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ កន្និដ្ឋា​ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​តាមរយៈ​កម្មវិធី​ «The Kanitha Show» បាន​លើកឡើង​​អំពីមតិមួយ​ចំនួន​ជុំវិញ​​ទិដ្ឋភាព​មួយចំនួន​នៃ​ធម្មនុញ្ញ​។​

អ្នកស្រី​បាន​អះអាងថា ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​ចំពោះ​អ្នក​មិនមែនជា​អ្នកសារព័ត៌មាន​គឺ​ផ្ទុយ​ស្រលះ ព្រោះ​ប្រជាពលរដ្ឋ​ធម្មតា​មិនបាន​ទទួល​ការ​បណ្តុះបណ្តាល​ដូច​អ្នក​សារព័ត៌មាន​អាជីព​នោះទេ​។​

អ្នកស្រី​បន្តថា​៖ «​ពលរដ្ឋ​ធម្មតា​មិន​ទទួលបាន​ការបណ្តុះបណ្តាល​ដូច​អ្នកកាសែត​ទេ នេះ​ជា​មូលហេតុ​ដែល​មា​នអាជីព​អ្នក​កាសែតផ្សេង និង​អាជីព​ទន្ដពេទ្យ​ផ្សេង​​។ ទន្ដពេទ្យ​ព្យាបាល​មាត់​​ធ្មេញ​ ​ហើយ​អ្នកកាសែត​ផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍»។

អ្នកស្រី​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​៖​ «​ប្រសិនបើ​ក្រសួង​ព័ត៌មាន​យល់​ឃើញ​ថា សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្តតាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដូច​អ្នកសារព័ត៌មាន​ទាំងអស់នោះ ភារកិច្ច​របស់ខ្លួន​គឺ​ស្ថិតនៅលើ​ក្រសួង​ព័ត៌មាន ដែល​ត្រូវ​ចំណាយ​លើ​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ​គ្រប់រូប​»។​

កន្និដ្ឋា​ ក៏បាន​ចោទសួរ​អំពី​ភាពយុត្តិធម៌​នៃ​ការអនុវត្ត​ធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​អ្នកសារព័ត៌មាន​សម្រាប់​អ្នកសារព័ត៌មាន​ទៅកាន់​សាធារណជន​ទូទៅ ដោយ​​​បាន​ស្នើថា ប្រសិនបើ​អ្នកសារព័ត៌មាន​ត្រូវបាន​ផ្តល់​សំឡេង​ក្នុង​ដំណើរ​ការព្រាង​ប្រកាស​នេះ​ អ្នក​មិនមែនជា​អ្នកសារព័ត៌មាន​គួរតែចូល​រួម​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​នោះ​ផងដែរ​។​

អ្នក​បង្កើត​មាតិកា​បរិយាយ​អំពី​បញ្ហា​សង្គម​រូប​នេះ បាន​ឱ្យ​ដឹងថា​៖ «​វា​ហាក់បីដូចជា​ក្រសួង​ត្រូវ​ផ្តល់​សំឡេង​ដល់​អ្នក​កាសែត​នៅក្នុង​រឿងនេះ មុនពេល​វា​ត្រូវបាន​ព្រាង​នោះ ហេតុអ្វី​បានជា​ពួកគេ​មិន​សួរ​អ្នក​មិនមែន​អ្នកសារព័ត៌មាន​ចំនួន ១៧ លាន​នាក់​ឱ្យ​បញ្ចេញ​មតិ​​ផង?»។

តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦ សីហា ឆ្នាំ​២០២៤ លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន មាន​ការ​យល់​ឃើញ​ផ្សេង​។ 

ក្រសួង​ព័ត៌មាន​បានបញ្ជាក់​​​ថា​ ធម្មនុញ្ញ​នេះ​ជា​និយាម​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​គ្រប់​ជំនាញ ដែលមាន​ជាអាទិ៍​អ្នកសារព័ត៌មាន​អាជីព អ្នក​សារព័ត៌មាន​រូប​ថត អ្នកសារព័ត៌មាន​អន​ឡាញ អ្នក​សារព័ត៌មាន​គ្មាន​អង្គភាព អ្នក​សារព័ត៌មាន​វិទ្យុ ​និង​ទូរទស្សន៍ អ្នក​បោះពុម្ពផ្សាយ អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន ព្រមទាំង​អ្នក​ប្រកប​អាជីព​និង​សកម្មភាព​វិជ្ជាជីវៈ​ផ្សេងទៀត ទាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី​។  

លោក​បន្ដថា ដើម្បី​ធានាថា​ ការផ្សាយ​ព័ត៌មាន​បែប​ឌីជីថល និង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចូលរួម​លើកកម្ពស់​ការទទួល​ព័ត៌មាន​ប្រកបដោយ​គុណភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ការផ្សាយ​ព័ត៌មាន​ដោយ​គោរព​ច្បាប់ សីលធម៌​សង្គម សិទ្ធិ​អ្នកដទៃ ព្រមទាំង​ក្រមសីលធម៌​ទាក់ទង​នឹង​ការផ្សាយ និង​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងនោះ គឺជា​ភាពចាំបាច់​មិនអាច​ខ្វះ​បាន​។ 

លោក​ អស្នារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ក្នុងន័យនេះ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ក៏​ជា​វិធាន​ម​គ្គុ​ទេសន៍​សម្រាប់​ជួយ​តម្រង់​ទិសលើ​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​សង្គម​របស់​អ្នក​ផ្សាយ​ព័ត៌មាន​ដែល​មិនមែនជា​អ្នកសារព័ត៌មាន​អាជីព​ផងដែរ ក្នុង​គោលបំណង​ធានា​សន្តិសុខ​ព័ត៌មាន និង​លើកកម្ពស់​ការការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ក្នុងសង្គម​កម្ពុជា​យើង»​។​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យដឹងថា ចាប់តាំងពី​ថ្ងៃ​បើក​ដំណើរការ​ដំបូង ក្រសួង​ព័ត៌មាន​បាន​លើកទឹកចិត្ត​ដល់​អ្នកអនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​ទាំងអស់ ដោយបាន​ផ្សាយ​សេចក្តីជូនដំណឹង​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​និង​ឯកជន។

ពួកគេ​ចូលរួម​ក្នុង​​ដំណើរការ​​រៀបចំ ការទទួល​ធាតុ​ចូល មតិយោបល់ និង​សំណូមពរ​ពី​អ្នក​បានមក​ចូលរួម​ក្នុង​ដំណើរការ​ទាំងមូល ពោលគឺ​ទាំង​ក្នុង​និង​ក្រោយ​សិក្ខាសាលា​។

យ៉ាងណាមិញ អ្នកស្រី កន្និដ្ឋា​​ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការរំពឹងទុក​របស់​ធ​ម្មនុញ្ញ​ដែលថា ប្រជាពលរដ្ឋ​ទាំងអស់​ជៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែង​ក្លាយ និង​ក្លែង​បន្លំ​ ដោយ​លើក​ហេតុផល​ថា ការវែកញែក​ការពិត​គឺជា​រឿង​​ស្មុគស្មាញ ដែល​មិន​អាច​ដឹង​មុន​បាន​​។​

អ្នកស្រី​បញ្ជាក់ថា ការទទួលខុសត្រូវ​ក្នុងការ​ពិនិត្យមើល​ការពិត​គួរតែ​ជា​តួនាទីរបស់​អង្គភាព​រាជ​​រដ្ឋាភិបាល មិនមែន​ពលរដ្ឋ​សាមញ្ញ​ទេ​។​

​អ្នកស្រី​បន្តថា​៖ «​ទុក​ឱ្យ​​ពលរដ្ឋ​បង្ហោះ​អ្វីដែល​ខ្លួន​ចង់បាន បើ​មាន​ភាពមិន​ត្រឹមត្រូវ នោះ​បន្ទុក​របស់​រដ្ឋាភិបាល​ត្រូវ​ពិនិត្យមើល​ការពិត និង​ផ្តល់ព័ត៌មាន​ពិត​ដល់​សាធារណជន​»​។​

កន្និដ្ឋា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា «​ប្រសិនបើ​មាន​ព័ត៌មាន​ណា​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នកដទៃ សូមឱ្យ​​ជន​បរិហារកេរ្តិ៍​ដាក់ពាក្យ​បណ្ដឹង​ដោយឡែក​ពីគ្នា​។​ ​ប្រសិនបើ​មាន​ព័ត៌មាន​ណាមួយ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​អ្នកដទៃ ឬ​ប្រទេសជាតិ សូមឱ្យ​​អ្នកអនុវត្ត​ច្បាប់​ដោះស្រាយ​។​ល​។​

អ្នកស្រី​បន្ដថា​៖ «​ប៉ុន្តែ​យើង​មិនអាច​សុំឱ្យ​ពលរដ្ឋ​បង្ហោះ​ព័ត៌មាន​ត្រឹមត្រូវ​បានទេ​នៅពេលដែល​មនុស្ស​ទូទៅ​មិនដឹងថា​អ្វី​ត្រឹមត្រូវ ​ឬ​មិន​ត្រឹមត្រូវ​នោះ​»​។​

លោក​បាន​លើកឡើងថា​៖ «ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ដំណើរការ​នេះ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​និង​ទំនើប ក៏មាន​វត្តមាន​អ្នកបង្កើត​មាតិកា​ផ្សាយ​តាម​អ៊ីនធឺណិត​បាន​ចូលរួម​ ​ក្នុង​សិក្ខាសាលា​ផងដែរ ដែល​សិក្ខាសាលា​ចំនួន​ពីរលើក​ធំៗ​មាន​អ្នកចូលរួម​សរុប​ប្រមាណ ​៥៥០ ​នាក់  ហើយ​ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​កម្ពុជា​»។ 

ធាតុ​ចូល​ទាំងអស់ ដែល​ទទួលបាន រាប់​ចាប់តាំងពី​ពេល​ចាប់ផ្តើម​ដំណើរការ​ដំបូង​មក មាន​លក្ខណៈ​បរិ​យាប​ន្ន និង​ត្រូវបាន​កត់ត្រា​ទុក​ដោយ​ម៉ត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ និង​ត្រូវបាន​យកមក​ពិនិត្យ ពិចារណា​យ៉ាង​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការរៀបចំ​ឱ្យ​លេចចេញ​ជា​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា នេះ​ឡើង​។​

អ្នកស្រី កន្និដ្ឋា បាន​រិះគន់​បន្ថែម​លើ​ការហាម​ប្រាម​របស់​ធម្ម​នុ​ញ្ញ​លើ​ការបោះពុម្ពផ្សាយ​មាតិកា​​ដែល​អាច​ប៉ះពាល់​ដល់​សន្តិភាព ប្រពៃណី សណ្តាប់ធ្នាប់​សាធារណៈ និង​ភាពសុខដុមរមនា​ខាង​សាសនា ដោយ​លើក​ហេតុផល​ថា​ ការ​រឹតបន្តឹង​បែបនេះ​អាច​រារាំង​ការកែទម្រង់​សង្គម​ចាំបាច់​។​

អ្នក​ស្រី​បាន​បន្តថា​៖ «​ការហាម​មិន​ឱ្យ​​ពួកគេ​បញ្ចេញ​មតិ​ ​ដោយសារតែ​វា​អាច​រំខាន​ដល់​សន្តិភាព​គឺ​ធ្វើឱ្យ​​ពួកគេ​បន្ត​ស៊ូទ្រាំ​នឹង​ស្ថានភាព​ដដែល​ជា​រៀងរហូត​​។​ ​គ្មានអ្វី​អាក្រក់​ក្នុង​ជីវិត​ជាង​ការរស់នៅ​ក្នុង​ការពិត​ដែលមាន​បញ្ហា​ តែ​​មិន​​ត្រូវបាន​​ឱ្យ​និយាយ​អំពី​បញ្ហា​ទាំងនោះ ហើយ​អ្នក​ត្រូវតែ​បន្ត​រស់នៅក្នុង​ការពិត​ដដែល​នេះ​ពេញ​មួយជីវិត​»។​

អ្នកស្រី​​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​មាន​បញ្ហា​ជាច្រើន​នៅក្នុង​សង្គម ហើយ​ថា​ យើង​ត្រូវតែ​អាច​និយាយ​អំពី​វា​ដោយ​សេរី ទោះបីជា​វា​អាចមាន​រំខាន​ចិត្ដ​ខ្លះ​ក៏ដោយ​»​។​

យ៉ាងណាក៏ដោយ លោក អស្នារិទ្ធ បាន​បន្ដថា ក្រសួង​ព័ត៌មាន ក៏ដូចជា​រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​លើ​ការធានា​សិទ្ធិ សេរីភាព​គ្រប់បែបយ៉ាង​ទាំងអស់ ដែល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់ជូន​។ 

លោក​បាន​បញ្ជាក់ថា សិទ្ធិ សេរីភាព ក៏​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ទាំង​ផ្នែក​សង្គម និង​ផ្នែក​ច្បាប់​ ដោយ​លោក​បាន​លើកយកមាត្រា​៤១ មាត្រា​១៩(៣) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ មាត្រា ២៩(២) នៃសេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាមក​អំណះអំណាង៕