សៀមរាប៖ «ចំការពូជឈើគ្រញូង» ជាឃ្លាំងស្តុកគ្រាប់ពូជឈើប្រណិតដ៏ធំនិងចំណាស់ជាងគេមួយនៅកម្ពុជា សម្រាប់ចែកចាយយកទៅបណ្តុះនៅតាមស្ថានីយ៍បណ្តុះកូនឈើនានានៅទូទាំងប្រទេសអស់រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ។
«ចំការពូជឈើគ្រញូង» នៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅនេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០០១ ដែលគ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ១ ៨៨៨ហិកតាស្ថិតក្នុងស្រុកបន្ទាយស្រី និងស្វាយលើ។ ចំការប្រណិតនេះមានប្រភេទឈើធម្មជាតិចម្រុះស្ទើរគ្រប់ប្រភេទ ជាពិសេសគឺឈើប្រភេទឈើប្រណិតៗដូចជា ឈើក្រញូង បេង ធ្នង់ នាងនួន និងហៃសានជាដើម។ ក្នុងនោះ មេពូជឈើក្រញូងមានចំនួន ៥៧២ដើម។ នេះបើយោងតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
លោក ប៊ុនលីម បានចាត់ទុកថា ចំការពូជឈើគ្រញូងនេះគឺជាកន្លែងផលិតគ្រាប់ពូជឈើប្រណិតដ៏ធំជាងគេមួយនៅកម្ពុជា សម្រាប់ចែកចាយយកទៅបណ្តុះនៅតាមស្ថានីយ៍ផ្សេងៗនៅទូទាំងប្រទេសចាប់តាំងពីបើកដំណើរការមក។
លោកថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ដូច្នេះថា៖ «ម៉ាស្រុកខ្មែរយើង គ្មានដើមក្រញូងណានៅសល់បានដូចនៅកន្លែងយើងនេះទេ។ មានដើមក្រញូងធំៗ ខ្ពស់ៗ ខ្លះមានអាយុជាង ១០០ឆ្នាំក៏មានដែរ ខ្លះជាង ៨០ឆ្នាំ ឬ ៩០ឆ្នាំទៅតាមលំដាប់លំដោយ ដែលផ្តល់គ្រាប់មេពូជ។ យើងប្រមូលចែកជូនតាមខេត្តក្រុង ដែលគេត្រូវការ ចែកចាយទៅស្ថានីយ៍ដាំឈើទូទាំងប្រទេស មានតែចំការហ្នឹងឯង»។ គ្រាប់ពូជដែលត្រូវបានចែកចាយយកទៅដាំទាំងនោះ មកដល់ពេលបច្ចុប្បន្ននេះបានផ្តល់ផលវិញហើយដែរ។
ទោះយ៉ាងណា ក្នុងចំណោមដើមមេពូជទាំង ៥៧២ដើមនោះ ត្រូវបានបំផ្លាញដោយខ្យល់ផ្តួលរលំអស់ជាង ១០ដើម និងខ្លះទៀតត្រូវបានជនល្មើសលួចកាប់។ បទល្មើសកាប់ឈើ និង បរបាញ់សត្វ គឺជាឧបសគ្គដ៏ធំបំផុតក្នុងការអភិរក្សចំការឈើប្រណិតនេះ បើទោះបីជាកម្លាំងរដ្ឋបាលព្រៃឈើ និងទាហានពីភូមិភាគ ៤ សហការគ្នាការពារយ៉ាងណាក៏ដោយ។
លោកបានឱ្យដឹងថា ក្រៅពីប្រភេទឈើប្រណិត ចំការនេះក៏មានប្រភេទសត្វស្លាបប្រហែលជា ២០០ប្រភេទ និងចតុប្បាទជាច្រើនប្រភេទផ្សេងៗទៀតផងដែរ។ ហេតុនេះ ជនល្មើសដែលរស់នៅតំបន់ជិតខាង ភាគច្រើនបានធ្វើសកម្មភាពលួចដុតចំការ ដើម្បីចាប់សត្វនៅរដូវប្រាំង។ រីឯ នៅរដូវវស្សា ពេលមានភ្លៀងធ្លាក់ខ្លាំង ពួកគេលួចកាប់ឈើ ឬបរបាញ់សត្វផងដែរ។
លោកបញ្ជាក់ថា៖ «អ្នកខ្លះថាចូលរកអនុផលព្រៃឈើ តែគោលបំណងគាត់គឺមើលតម្រុយទុកចូលពេលយប់ឡើង គេចវេសកម្លាំងយើងយាម ដើម្បីបាញ់សត្វ។ កាលណាយើងឱ្យចូលយើងរងគ្រោះមានបញ្ហា។ បើយើងមិនឱ្យ គេថាយើងដាច់មិនឱ្យចូលអាស្រ័យអនុផលព្រៃឈើ។ អញ្ជឹង យើងធ្វើក៏ខុស មិនធ្វើក៏ខុស»។
លោកបន្តថា ជនល្មើសខ្លះក៏បានវាយបំផ្លាញកាមេរ៉ាជាច្រើនគ្រឿង ដែលបំពាក់ក្នុងចំការផងដែរ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារអភិរក្សចំការឈើប្រណិតនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងផ្តល់កាមេរ៉ាចំនួន ៥០គ្រឿងយកទៅបំពាក់បន្ថែមផងដែរក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រសួងកសិកម្មក៏បានផលិតវីដេអូឯកសារមួយនិយាយពីសក្តានុពលទេសចរណ៍ និងការងារអភិរក្សនៅចំការប្រណិតនេះផងដែរ។ វីដេអូដែលត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងកសិកម្មកាលពីយប់ថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានលើកទឹកចិត្តឱ្យសាធារណជនទៅស្វែងយល់ ពីពូជឈើប្រណិតក៏ដូចជា សត្វព្រៃដែលកំពុងមានវត្តមាននៅទីនោះ។ ក្នុងនោះក៏មានសួនដាំដើមឈើអនុស្សាវរីយ៍ (Forest Park) មួយផងដែរ ដែលត្រូវបានបង្កើតនៅឆ្នាំ ២០១៥។
ទាំងភ្ញៀងទេសចរជាតិ និងអន្តរជាតិអាចដាំដើមឈើនៅក្នុងសួននេះបាន «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលមានរៀបចំដាក់ស្លាកឈ្មោះអ្នកដាំទុកជាអនុស្សាវរីយ៍ផងដែរ។
លោក ប៊ុនលីម ក៏បានឱ្យដឹងផងដែរថា សួនដាំដើមឈើអនុស្សាវរីយ៍មានទំហំជាង ៥ហិកតាហើយរហូតមកដល់ពេលនេះដើមឈើប្រណិតប្រមាណជា ៥ពាន់ដើមហើយត្រូវបានភ្ញៀវទេសចរដាំ។
លោក ប៊ុនលីម អំពាវនាវដល់ពលរដ្ឋមួយចំនួនឈប់ប្រព្រឹត្តបទល្មើស និង ចូលរួមអភិរក្សធនធានទាំងនោះ ទុកជាសម្បត្តិធម្មជាតិរួម។
លោកថ្លែងថា៖ «សូមចូលរួមដាំដើមឈើទាំងអស់គ្នា។ បើត្រឹមតែម្នាក់មួយដើម ក៏បានដែរ។ នៅកម្ពុជាយើង មានពលរដ្ឋ១៧លាននាក់ អញ្ជឹងក្នុង១ឆ្នាំ ក៏យើងដាំបាន ១៧លានដើមដែរ»៕