ភ្នំពេញៈ មន្រ្តីរដ្ឋបាលព្រៃឈើគ្រោងនឹងធ្វើជំរឿនសត្វស្វា ជាពិសេស នៅតាមតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស ដើម្បីរកពពួកស្វាកាចដែលកំពុងតែបង្កគ្រោះថ្នាក់ដល់សាធារណជនក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
គម្រោងធ្វើជំរឿននេះត្រូវបានរៀបចំឡើង បន្ទាប់ពីសត្វស្វាមួយចំនួនបានបង្កការរំខានដល់ពលរដ្ឋ ជាពិសេសគឺភ្ញៀវទេសចរនៅតំបន់រមណីយដ្ឋានទេសចរណ៍ខេត្តសៀមរាប។ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកំពុងតែជួបប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរតាមខេត្តនៅមុនពេលចាប់ផ្តើមធ្វើជំរឿននេះ។
រដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ុង សំអាត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំក្នុងខេត្តសៀមរាប កាលពីដើមសប្តាហ៍នេះថា មន្ត្រីជំនាញរបស់រដ្ឋបាលព្រៃឈើនិងធ្វើជំរឿនសត្វស្វានេះ នៅតាមទីសាធារណៈក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស នៅតាមតំបន់រមណីយដ្ឋាននានាដែលមានសត្វស្វារស់នៅ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្ត។
លោករដ្ឋលេខាធិការបញ្ជាក់ថា៖ «ការធ្វើជំរឿននេះ មន្ត្រីជំនាញអាចនឹងដឹងថា សត្វស្វាទាំងអស់នោះតើមួយណាជាសត្វកាច ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ដើម្បីងាយស្រួល យកពួកវាទៅកន្លែងផ្សេង ឬទៅកសិដ្ឋានស្របច្បាប់សម្រាប់ជាពូជមេបានៅក្នុងការបង្កាត់»។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា កិច្ចប្រជុំដូចគ្នានេះនឹងត្រូវធ្វើឡើងនៅខេត្តផ្សេងទៀត។ ហេតុនេះ វិធីសាស្រ្តផ្សេងៗក្នុងការធ្វើជំរឿននៅមិនទាន់ដឹងច្បាស់លាស់នោះទេ។
ទោះយ៉ាងណា លោកបានឱ្យដឹងថា ក្នុងការធ្វើជំរឿននេះ គឺត្រូវពឹងផ្អែកសំខាន់ទៅលើពលរដ្ឋមូលដ្ឋានផងដែរ ព្រោះពួកគាត់ស្គាល់ពពួកស្វាកាច និងស្វាស្លូត។
លោកបញ្ជាក់ថា៖ «គ្រប់តំបន់ទេសចរណ៍ទាំងអស់នឹងត្រូវធ្វើការដកហូតសត្វស្វាកាច។ វាខាំភ្ញៀវ ខាំអីអញ្ជឹងទៅ។ យើងយកតែស្វាកាចទេ ព្រោះស្វាវារំខានច្រើនណាស់ដល់ភ្ញៀវ អញ្ជឹងហើយបានជាត្រូវការធ្វើជំរឿន ត្រូវការមានអ្នកស្គាល់ស្វាណាកាច ស្វាស្លូត»។
កាលពីខែសីហាកន្លងមក រដ្ឋបាលព្រៃឈើបានប្រកាសឱ្យពលរដ្ឋ ដែលមានស្វាកាច ឬជួបនឹងស្វាកាចនៅតាមទីសាធារណៈ រាយការណ៍រដ្ឋបាលព្រៃឈើ ដើម្បីចុះអន្តរាគមន៍ចាប់យកស្វាទាំងនោះ។
មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បានឱ្យដឹងថា គម្រោងធ្វើជំរឿននេះ គឺជាផ្នែកមួយនៃការប្រកាសនេះ។ រហូតមកដល់ពេលនេះ រដ្ឋបាលព្រៃឈើទទួលបានការស្នើសុំឱ្យយកស្វាកាចជាច្រើនករណី។ ក្នុងនោះរួមមានស្វាកាចនៅតំបន់អង្គរជាច្រើនក្បាល នៅប្រាសាទព្រះវិហារ ២ក្បាល នៅម្តុំវត្តភ្នំ ២០ក្បាល និងនៅវត្តមួយក្នុងខេត្តកណ្តាលមួយក្បាលផងដែរ។
លោកបញ្ជាក់ថា៖ «ស្វាឈ្មោល១ក្បាលនៅខេត្តកណ្តាលហ្នឹងត្រូវបានចាប់រួចហើយ និងយកទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ។ វាខាំប្រជាជន២នាក់។ កន្លែងផ្សេងទៀតកំពុងរៀបចំមានចំណាត់ការជាបន្តបន្ទាប់»។
លោកក៏បានឱ្យដឹងផងដែរថា ការចាប់ស្វានេះគឺធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង ដូចជា ការបាញ់ថ្នាំសន្លប់ ដាក់អន្ទាក់ ឬអង្គប់។ ចំពោះស្វាកាចជាមេហ្វូងគឺប្រើថ្នាំសន្លប់ ព្រោះវាជាទូទៅមិនចូលអន្ទាក់ ឬអង្គប់នោះទេ។ ដោយឡែកចំពោះកូនស្វា ឬស្វាតូចៗអាចប្រើអង្គប់ តាមរយៈការដាក់ចំណីបញ្ឆោត៕