ខេត្ដ​ឧត្ដរមានជ័យ៖ មជ្ឈមណ្ឌល​ឯកសារ​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បាន​រៀបចំ​វេទិកា​ថ្នាក់​រៀន​ស្តីពី «ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់​សិស្ស​វិទ្យាល័យ​ស្រែណូយ ចំនួន ២៥​នាក់ នៅ​ថ្ងៃទី​១០ ខែកញ្ញា។

វេទិកា​ដែល​ផ្តោត​លើ​ប្រធានបទ «ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ» បាន​ទាក់ទាញ​សិស្សានុសិស្ស​ប្រុស ១១ នាក់ និង​​ស្រី ១៤ នាក់ ក្នុង​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​យុវជន​អំពី​អំពើ​ខ្មៅ​​ងងឹត​បំផុត​របស់​កម្ពុជា និង​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នាពេល​អនាគត ដោយ​ការ​លើកកម្ពស់​ការអត់ឱន និង​អហិង្សា​។​

វេទិកា​ថ្នាក់រៀន​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់​មជ្ឈមណ្ឌល​សន្តិភាព ដើម្បី​អប់រំ​យុវជន​អំពី​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ១៩៧៩។​

មជ្ឈមណ្ឌល​នេះ​បាន​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ អស់​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​មក​ហើយ ដោយ​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​រៀនសូត្រ​ពី​អតីតកាល និង​បដិសេធ​អំពើហិង្សា​គ្រប់​រូបភាព។

អប់រំ​មនុស្ស​ជំនាន់​ក្រោយ​

របបខ្មែរក្រហម ដែល​គេ​ស្គាល់​ថា​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា​ប្រមាណ ១,៧ លាន​នាក់ តាម​រយៈ​ការ​ប្រហារ​ជីវិត ភាព​អត់ឃ្លាន ពលកម្ម​ដោយ​បង្ខំ និង​ការ​ធ្វើ​ទារុណកម្ម។

លោក លី សុខឃាង នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​ដឹកនាំ​បទ​បង្ហាញ​ក្នុង​វេទិកា​នេះ ដោយ​ផ្តោត​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​ឆ្លងកាត់​សម័យ​ដ៏​ច្របូកច្របល់​នេះ។

សិស្សានុសិស្ស​ អានឯកសារដែលរៀបរាប់អំពី​ទីតាំង​ប្រល័យ​ពូជសាសន៍ នៅ​មជ្ឈមណ្ឌល​ឯកសារ​សន្តិភាព​អន្លង់វែង​។ រូបថត សហការី

លោក សុខឃាង បាន​និយាយ​ថា៖ «វិធីសាស្ត្រ​របស់​ខ្មែរ​ក្រហម​ចំពោះ​ការ​រៀបចំ​រចនាសម្ព័ន្ធ​សង្គម រួម​ទាំង​ការ​បង្កើត​សហករណ៍ និង​ការ​លុប​បំបាត់​កម្មសិទ្ធិ​ឯកជន បាន​ធ្វើឱ្យ​ប្រជាជន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វេទនា»។

លោក​បាន​គូស​បញ្ជាក់​ពី​របៀប​ដែល​ក្រុម «ប្រវ៉ាស់ដៃ» ដែល​ដំបូង​ឡើយ អង្គភាព​កសិកម្ម​តូចៗ​ដែល​មាន​សមាជិក​ពី ១០ ទៅ ៣០ គ្រួសារ បាន​វិវត្តន៍​ទៅ​ជា​សហករណ៍​ដ៏​ធំ​រហូត​ដល់ ១ពាន់​គ្រួសារ ដោយ​បង្ខំ​ឱ្យ​ប្រជាជន​រស់នៅ​សហគមន៍ និង​​មិន​ផ្ដល់​​អាហារ​គ្រប់គ្រាន់ ឬ​តម្រូវការ​មូលដ្ឋាន។

ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​ពិត​ដ៏​អាក្រក់​នៃ​ជីវិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរក្រហម។

លោក សុខឃាង បាន​បន្ដ​ថា៖ «រឿងរ៉ាវ​របស់​អ្នក​រស់រាន​មាន​ជីវិត​បង្ហាញ​ពី​បរិបទ​សង្គម​ដ៏​គួរ​ឱ្យ​តក់ស្លុត និង​នឹកស្មាន​មិន​ដល់ ​ដែល​របប​នេះ​បាន​បង្កើត​សង្គម​ដែល​គ្មាន​វណ្ណៈ​នៅ​ទីបំផុត​នាំ​ទៅ​ដល់​ការ​បំផ្លិចបំផ្លាញ​ជីវិត​គ្រួសារ​និង​សហគមន៍»។

កេរដំណែល​នៃ​សាលាក្តី​ខ្មែរក្រហម

វេទិកា​ថ្នាក់​រៀន​ក៏​បាន​ភ្ជាប់​នូវ​អំពើ​ឃោរឃៅ​ពី​អតីតកាល​ដល់​បច្ចុប្បន្ន ជាពិសេស​ផ្តោត​លើ​សាលាក្តី​ខ្មែរក្រហម (អ.វ.ត.ក) និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​តុលាការ​កូន​កាត់​នេះ​​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៃ​របប​នេះ។

សាលាក្តី​ដែល​ដំណើរការ​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០២២ បាន​កាត់​ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ជាច្រើន​នាក់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍។

កេរដំណែល​នៃ​សាលាក្ដី​​ទាំងនេះ​នៅតែ​សំខាន់​ក្នុងការ​យល់​ដឹង​អំពី​ទំហំ​នៃ​អំពើ​ឃោរឃៅ។

សិស្សានុសិស្ស​ អានឯកសារដែលរៀបរាប់អំពី​ទីតាំង​ប្រល័យ​ពូជសាសន៍ នៅ​មជ្ឈមណ្ឌល​ឯកសារ​សន្តិភាព​អន្លង់វែង​។ រូបថត សហការី

លោក សុខឃាង ពន្យល់​ថា៖ «សាលាក្តី​បាន​លាតត្រដាង​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ពលកម្ម​កុមារ ការ​រៀបការ​ដោយ​បង្ខំ និង​ការ​បៀតបៀន​សាសនា»។

របប​នេះ​ផ្តោត​ជាពិសេស​ទៅ​លើ​ក្រុម ដូចជា ជនជាតិ​ភាគតិច​ចាម មូស្លីម ជនជាតិ​វៀតណាម ពុទ្ធសាសនិក និង​អតីតមន្ត្រី​រដ្ឋាភិបាល។

លោក​បាន​បញ្ជាក់​ថា៖ «ប្រជាជន​មិន​ត្រឹមតែ​ត្រូវ​បាន​បង្ខំ​ឱ្យ​​ធ្វើជា​ទាសករ និង​បង្ខំ​ឱ្យធ្វើ​ការ​ថែម​ម៉ោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រឈម​មុខ​នឹង​ការធ្វើ​ទារុណកម្ម កង្វះ​អាហារូបត្ថម្ភ និង​ការ​ប្រហារ​ជីវិត​ជា​ប្រព័ន្ធ»។

ទីតាំង​វាលពិឃាត​ចំនួន ៣៩០​ ផ្នូរ​ដ៏​ធំ​ចំនួន ១៩០០០ គុក​ចំនួន ១៩៧ ដែល​ត្រូវ​បាន​សាងសង់​ឡើង​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​កាន់​អំណាច​ និង​គូស​ផែនទី​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ស្ដ្រី​ម្នាក់​ក្នុង​វ័យ​ ៧០​ឆ្នាំ មកពី​ស្រុក​អន្លង់វែង​បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ថា៖ «គ្មាន​អ្នកណា​ស្អប់​ខ្មែរ​ក្រហម​ជាង​ខ្ញុំ​ទេ... ខ្ញុំ​មិនដែល​និយាយ​រឿងនេះ​ប្រាប់​អ្នកណា​ទេ គ្រួសារ​ខ្ញុំ​រង​ទុក្ខ និង​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម ហើយ​ពេលនេះ​ខ្ញុំ មិន​អាច​និយាយ​អំពី​វា​បាន​ទៀត​ទេ»។

គុកទួលស្លែង​ដ៏​ល្បី ឬ​ហៅ​ម្យ៉ាង​ទៀតថា ស-២១ ដែល​មាន​អ្នក​ទោស​ប្រមាណ ១៨០០០​នាក់ ត្រូវ​បាន​ធ្វើ​ទារុណកម្ម មុន​ពេល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​វាលពិឃាត គឺជា​ចំណុច​សំខាន់​នៃ​បទ​បង្ហាញ​របស់​លោក សុខឃាង។

លោក​បាន​លើក​យក​ការ​កាត់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​ប្រធាន​ពន្ធនាគារ ហើយ​ចុង​ក្រោយ​ត្រូវបាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត ដោយសារ​តួនាទី​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ទាំង​នេះ។

សព្វថ្ងៃនេះ លោក ខៀវ សំផន ជា​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​តែមួយគត់​ដែល​នៅរស់ ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

ការ​ចងចាំ​តា​មរយៈ​កា​រអប់រំ

ជា​ផ្នែក​នៃ​វេទិកា សិស្សានុសិស្ស​​បាន​ទស្សនា​ភាពយន្ត​ឯកសារ «ខ្មែរបាត់បង់​តន្រ្ដីរ៉ក់» ដែល​ផលិត​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដោយ​ចំណាយពេល​វេលា​ជាង​១០​ឆ្នាំ។

វាបាន​បង្ហាញ​អំពី​ដួងព្រលឹង​សិល្បៈ​ខ្មែរ​មិនចេះ​សាបសូន្យ​ទោះ​ស្ថិតក្នុង​សម័យ​កាល​ណាក៏ដោយ​។ សិល្បៈករ និង​តូរ្រតន្ដ្រី​ខ្មែរ​ ដូចជា​តារាចម្រៀង​ល្បី ស៊ិន ស៊ី​សាមុត និង រស់ សេរី​សុទ្ធា បាន​បត់បែន​ទៅតាម​សម័យកាល​នីមួយៗ​ដើម្បី​រស់​ដូច​ទៅនឹង​ការប្រឹងប្រែង​តស៊ូ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែរ​។​

លោក សុខឃាង បាន​កត់សម្គាល់ថា​៖ «​ព្រលឹង​សិល្បៈ​ខ្មែរ​មិនដែល​ស្លាប់​ឡើយ សូម្បីតែ​ក្នុងរបប​ខ្មៅ​​ងងឹត​បំផុត​ក៏ដោយ​»។​

យុវតី​ ច្រឹ​ក វ៉ាន់​នី អាយុ ១៨​ឆ្នាំ បាន​​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ដែល​បាន​ចូលរួម​ជាមួយ​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់វែង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ ខ្ញុំ​បានដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ និង​បានដឹង​ពី​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម ក៏ដូចជា​ដឹង​អំពី​ទីតាំង​ផ្ទះ​របស់​តា​ម៉ុក​»។

ការទប់ស្កាត់​អំពើ​ឃោរឃៅ​នាពេល​អនាគត

វេទិកា​បានបញ្ចប់​ជាមួយ​បទបង្ហាញ​​ស្តីពី​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នាពេល​អនាគត​។ សិស្សានុសិស្ស​​បាន​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​ចំណេះដឹង​ក្រោយ​វេទិកា ហើយ​ត្រូវ​បាន​ផ្តល់​របាយការណ៍​ពិសេស និង​ទស្សនាវដ្តី​ស្វែងរក​ការពិត​ទាក់ទង​នឹង​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​ក្នុងសម័យ​ខ្មែរក្រហម។

យុវតី វ៉ាន់នី បាន​កត់​សម្គាល់​ថា៖ «តាម​រយៈ​ការ​យល់ដឹង​ពី​ភាពអាក្រក់​នៃ​អតីតកាល យើង​អាច​ធានាថា​អំពើ​ឃោរឃៅ​បែបនេះ​មិនកើត​ឡើង​ទៀត​ទេ។ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ​ក្នុងការ​លើកកម្ពស់​សន្តិភាព និង​អហិង្សា»។

មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​បេសកកម្ម​របស់ខ្លួន​ក្នុងការ​អប់រំ​យុវជន​កម្ពុជា​អំពី​គ្រោះថ្នាក់​នៃ​ការមិន​អត់ឱន អំពើហិង្សា និង​ការ​ស្អប់ ដោយ​សង្ឃឹមថា ​មេរៀន​ទាំងនេះ​នឹង​ជួយ​បង្កើត​អនាគត​សន្តិភាព និង​សុខដុមរមនា​សម្រាប់​កម្ពុជា៕