ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពន្យារ​ពេល​រយៈពេល​៦​ខែ លើ​ការ​ហាម​ឃាត់​ការ​នាំ​ចូល​សាច់​បង្កក ដែល​អនុវត្ត​ចាប់​ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៥។

ការ​សម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប្រកាស​រួមគ្នា​នៅថ្ងៃនេះ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ឧស្សាហកម្ម​បសុសត្វ​របស់​ប្រទេស។

ការ​ហាមឃាត់​ដំបូង​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ក្នុង​គោលបំណង​ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការនាំ​ចូល​សាច់​ឆៅ និង​សាច់​បង្កក ដែល​មិន​មាន​គោល​បំណង​សម្រាប់​ការប្រើប្រាស់​របស់​មនុស្ស​នៅ​ក្នុង​ប្រទេស​នាំចេញ។

ក្រសួង​បាន​សង្កេត​ឃើញថា ​ផលិតកម្ម​សត្វ​ចញ្ចឹម​នៅ​កម្ពុជា​ត្រូវ​បាន​សង្គ្រោះ​ពី​ផល​ប៉ះពាល់ ដែល​បណ្ដាល​មក​ពី​ការ​នាំចូល​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ដែល​មិន​ប្រើប្រាស់​ជា​ចំណី​អាហារ​នៅ​ប្រទេសនាំ​ចេញ។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា៖  «ការ​នាំចូល​ថ្លើម​នៃ​សត្វ​ជ្រូក​បង្កក និង​ភាគ​បំណែក​សាច់​និង​គ្រឿងក្នុង​ (Offal) ផ្សេងទៀត ក្រៅពី​ថ្លើម​នៃ​សត្វ​ជ្រូក​ដែល​អាច​បរិភោគ​បាន នៅតែ​បណ្តាល​ឱ្យ​ផលិតកម្ម​ជ្រូក​នៅ​កម្ពុជា​បន្ត​រង​ការ​គម្រាមកំហែង និង​អាចឈាន​ទៅ​ដល់​ការ​ខូចខាត​ទាំង​ស្រុង»។

ក្រោម​ការ​បន្ដ​ហាម​ឃាត់​ការ​នាំ​ចូល​គ្រឿង​ក្នុង​សត្វ និង​បំណែក​សាច់​បង្កក​ផ្សេង​ទៀត ដែល​ត្រូវ​បានកំណត់​នៅ​ក្រោម​ប្រព័ន្ធ​សុខដុមនីយកម្ម​កម្ពុជា លេខ 0206.41.00 និង 0206.49.00 នឹង​ត្រូវបាន​រឹតបន្តឹង។ 

ទោះជាយ៉ាងណា​ក៏ដោយ វិធានការ​បន្ត​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន​នេះ មិន​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (គ.ល.គ) ដែល​នាំ​ចូល​ទំនិញ​ខាង​លើ​សម្រាប់​ប្រើប្រាស់​ជា​ធាតុ​ចូល​ផលិតកម្ម​សម្រាប់​ការ​នាំចេញ​ឡើយ។

ក្រសួង​បាន​ជំរុញ​ដល់​សាធារណជន​ក៏ដូចជា​អាជីវករ​នាំចេញ-នាំចូល​ដែល​ទាក់ទង​នឹង​មុខ​ទំនិញ​ហាមឃាត់​ត្រូវ​គោរព​តាម​វិធានការ​នេះ។

សេចក្ដីប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា វិធានការ​នេះ​ជា​វិធានការ​ចាំបាច់​ដើម្បី​ការពារ​អនាគត​នៃ​ឧស្សាហកម្ម​បសុសត្វ​របស់​កម្ពុជា។

ការ​ហាម​ឃាត់​បណ្តោះអាសន្ន​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​កន្លែង​ដក​ដង្ហើម​បន្ថែមទៀត​សម្រាប់​វិស័យ​បសុសត្វ​របស់​ប្រទេស​នេះ ដែល​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​ចាប់​តាំង​ពី​ការ​រឹតបន្តឹង​ដំបូង​ត្រូវបាន​អនុវត្ត​នៅ​ដើម​ឆ្នាំ​នេះ។

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​តាមដាន​ស្ថានការណ៍ ហើយ​នឹង​សម្រេច​លើ​វិធានការ​នាពេល​អនាគត​ដោយ​ផ្អែក​លើ​ស្ថានភាព​ទីផ្សារ​បសុសត្វ​ក្នុងស្រុក និង​ទិដ្ឋភាព​សេដ្ឋកិច្ច៕