ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃគ្រោងនឹងរៀបចំកិច្ចប្រជុំជាមួយនឹងក្រសួង អង្គទូត និងអង្គការសិទ្ធិមនុស្សនានាដើម្បីពិភាក្សារកដំណោះស្រាយ ត្រៀមទុកជាមុន ខណៈពេលដែលចំនួនអ្នកជាប់ឃុំនៅពន្ធនាគារបាននឹងកំពុងតែកើនឡើងជាលំដាប់។
ក្នុងអំឡុងពេលចុះពិនិត្យស្ថានភាពពន្ធនាគារខេត្តស្វាយរៀង ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាចង្អៀតនៅតាមពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារបានកំពុងតែជំរុញការដោះស្រាយការកកស្ទះសំណុំរឿង គោលការណ៍មនុស្សធម៌ ការប្រជុំលើកលែងទោស និងបន្ធូរបន្ថយទោសនិងការផ្ទេរអ្នកជាប់ឃុំទៅកាន់ពន្ធនាគារផ្សេងៗជាដើម។ នេះបើយោងតាមទូរទស្សន៍មហាផ្ទៃ(MOI TV)នាថ្ងៃពុធ ទី១១ ខែកញ្ញានេះ។
លោកបញ្ជាក់ថា៖ «ហើយចំណុចចុងក្រោយនេះ យើងបានមានវិធានការ គឺយកជនជាប់ឃុំក្នុងកម្រិតពី ២០០ ទៅ ២៥០នាក់ដើម្បីផ្ទេរទៅពន្ធនាគារផ្សេងទៀត។ ឥលូវនៅតាមមណ្ឌល ឬក៏ពន្ធនាគារ ដែលអាចទទួលជនជាប់ឃុំបាន នៅសល់តែ៦ ឬ៧អង្គភាពទេ។ ក្រៅពីហ្នឹងបានបដិសេធថា ឈប់ទទួលហើយ មានភាពចង្អៀតណែនខ្លាំង»។
លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ អគ្គនាយដ្ឋានពន្ធនាគារបានប្រជុំផ្ទៃក្នុង ហើយនឹងសុំគោលការណ៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដើម្បីរៀបចំធ្វើវេទិកាតុមូល ឬក៏សិក្ខាសាលាមួយនាពេលខាងមុខ។ អគ្គនាយដ្ឋានពន្ធនាគារនឹងអញ្ជើញក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងយុត្តិធម៌ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ អង្គទូតប្រចាំកម្ពុជា អង្គការសិទ្ធិមនុស្ស ឬក៏អង្គការនានា ដែលធ្វើការពាក់ព័ន្ធលើវិស័យពន្ធនាគានេះ ឱ្យចូលរួមក្នុងកម្មវិធីនេះ។
លោកថ្លែងដូច្នេះថា៖ «នោះទើបយើងអាចដោះស្រាយភាពចង្អៀតណែតបានទាំងផ្ទាំងតែម្តង ព្រោះនេះជាកិច្ចការងាររួម ដូចខ្ញុំនិយាយថា ពន្ធនាគារមិនមែនជាកម្មសិទ្ធិរបស់អគ្គនាយដ្ឋានពន្ធនាគារឬ ក៏កម្មសិទ្ធិផ្តាច់មុខរបស់ក្រសួងមហាផ្ទៃទេ គឺជាការទទួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនិងមន្រ្តីពន្ធនាគារនីមួយៗដែរ»។
ទោះយ៉ាងណា លោកបានអះអាងថា ការចង្អៀតណែននៅពន្ធនាគារក្នុងប្រទេសកម្ពុជាគឺស្ថិតក្នុងកម្រិតទី៦ ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ាន ប៉ុន្តែអគ្គនាយដ្ឋានពន្ធនាគារ«ត្រូវត្រៀមលក្ខណៈទុកជាមុន»។ ថ្នាក់ដឹកនាំបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធនាគារគិតគូរ មិនត្រឹមតែលើការពង្រីកអគារពន្ធនាគារប៉ុណ្ណោះទេ តែក៏ត្រូវគិតពីទិដ្ឋភាពរួមទាំងអស់ផងដែរ។
លោកមានប្រសាសន៍ថា៖ «បានន័យថា យើងចង្អៀតណែនក្នុងកម្រិតទី៦ ទេ។ បានន័យថា នៅហ្វីលីពីន នៅឥណ្ឌូនេស៊ី នៅភូមា មានការណែនជាងយើងច្រើន។ អញ្ជឹងក្នុងអាស៊ាន យើងក្នុងកម្រិតទី៦ ដែរទេ។ គ្រាន់ថា បើយើងមិនត្រៀមលក្ខណៈទុកជាមុនទេ ដល់ពេលថ្ងៃខាងមុខ លើសពីបន្ទាត់ក្រហមទៀត តើយើងត្រូវធ្វើរបៀបម៉េច»។
យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា នាពេលបច្ចុបប្បន្ននេះ អ្នកជាប់ឃុំនៅតាមពន្ធនាគារនៅទូទាំងប្រទេសមានជាង ៥ម៉ឺននាក់ដែលមាន ៤៩សញ្ជាតិ។
អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើប្រតិភូកម្មការគ្រប់គ្រងទៅដល់ពន្ធនាគារនៅគ្រប់ខេត្តទាំងអស់ ហើយខេត្តភាគច្រើនមានការគ្រប់គ្រងបានល្អ។ ប៉ុន្តែខេត្តមួយចំនួននៅមានការខ្វះចន្លោះនៅឡើយ ដែលតម្រូវឱ្យមានការតាមដាន ពង្រឹងប្រសិទ្ធភាពបន្ថែមទៀត។
ដោយឡែក នៅពន្ធនាគារខេត្តស្វាយរៀងនេះវិញ មានអ្នកជាប់ឃុំចំនួន ១ ៥៣៥នាក់ ដែលក្នុងនោះ អ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងមានចំនួន ៨២៦នាក់រួមមានស្រ្តី ៦២នាក់។ តាមការចុះទៅពិនិត្យជាក់ស្តែងនេះ ឃើញថា នៅក្នុងបន្ទប់នីមួយៗមានភាពចង្អៀងណែន បើទោះបីជា ពន្ធនាគារបានធ្វើធ្នើរដាក់ឥវ៉ាន់ក្នុងបន្ទប់នីមួយៗរួចហើយក៏ដោយ។ ជាដំណោះស្រាយបន្ត អគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំឱ្យធ្វើទូដាក់ឥវ៉ាន់នៅខាងក្រៅបន្ទប់ ហើយយកឥវ៉ាន់ ដែលមិនចាំបាច់មួយចំនួនចេញពីក្នុងបន្ទប់ មកដាក់ខាងក្រៅវិញ។ នេះបើយោងតាមប្រភពដដែលនេះ។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការ លីកាដូ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនៅថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញានេះ៕