ភ្នំពេញៈ ការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិទី​១៥ (២០២៤-២០២៦) នៃ​គណៈមេធាវី​​កម្ពុជា នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ហើយ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៦ ខែ​តុលា​ខាង​មុខ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះជា​ប្រធាន​ចំនួន ៥រូប។ 

ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​និង​ជ្រើស​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី អាណត្តិ​ទី១១ (២០២៤-២០២៧) មាន​រយៈពេល​មួយ​ខែ ដែល​គិត​ចាប់​ពី​ថ្ងៃទី​១៤ ខែ​កញ្ញា​នេះ រហូត​ដល់​ម៉ោង​ ២៤:០០នាទី ថ្ងៃទី​១៤​ ខែ​តុលា ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈមេធាវី ដែល​ជូន​ដំណឹង​ដល់​បេក្ខជន​ឈរ​ឈ្មោះជា​ប្រធាន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា ក៏​ដូចជា​សមាជិក​របស់​ខ្លួន​ទាំង ២ ៨០០​នាក់​ផងដែរ។

សេចក្តី​ប្រកាស​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃទី​១០​ ខែ​កញ្ញា​នេះ​បាន​សរសេរ​ថា៖​ «មិន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​​ឃោសនា​អ្វី​ទាំងអស់​ក្នុង​រយៈពេល ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត លើក​លែង​តែ​ក្នុង​ថ្ងៃ​មហាសន្និបាត​ដែល​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈមេធាវី ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​មតិឃោសនា​នៅ​ចំពោះ​មុខ​អង្គ​មហាសន្និបាត​ក្នុង​ម្នាក់ ៥នាទី តាម​ការ​អញ្ជើញ​របស់​ប្រធាន​គណៈកម្មការ​បោះឆ្នោត និង​ការ​អាន​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី ដោយ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ទៅ​តាម​លំដាប់​លេខ​រៀង​ក្នុង​សន្លឹក​ឆ្នោត»។

ចំពោះ​សម្ភារ​ និង​សកម្មភាព​សម្រាប់​ធ្វើ​ការ​ឃោសនា និង សកម្មភាព​ដែល​ត្រូវ​ហាម​ឃាត់ មាន​កំណត់​ក្នុង​សេចក្តី​សម្រេច​លេខ​៦០៩ ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៤។ 

យោង​តាម​សេចក្តី​សម្រេច​បាន​ឱ្យ​ដឹង​ថា សកម្មភាព​ឃោសនា​ដែល​ត្រូវ​ហាម​ឃាត់​មាន​ដូចជា ការ​វាយ​ប្រហារ​អំពី​សកម្មភាព​ការងារ ឬ​ជីវភាព​ឯកជន​របស់​បេក្ខជន ឬ​មេធាវី​ដែល​មិនមែន​ជា​បេក្ខជន ទោះ​បី​តាម​រយៈរូបភាព គំនូរ លិខិត​ស្នាម ពាក្យ​សម្តី កាយវិការ ឬ​តាម​មធ្យោបាយ​ណា​មួយ​ក្តី, ការ​ដឹក​ជញ្ជូន​អ្នក​បោះឆ្នោត​ជា​ទ្រង់​ទ្រាយ​ធំ ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត, ការ​ស្លៀកពាក់​មាន​រូបបេក្ខជន ការ​បង្ហាញ​សញ្ញា ឬ​សម្ភារ​ផ្សេងៗ​ដែល​សម្គាល់​បេក្ខជន​និង​ការ​ផ្សព្វផ្សាយ​សារ ឬ​ខិត្តប័ណ្ណ​របស់​បេក្ខជន​ក្នុង​រយៈពេល ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត និង​ក្នុង​ថ្ងៃ​មហាសន្និបាត។

ការ​ហាមឃាត់​ផ្សេង​ទៀត​រួមមាន ការ​បង្គាប់​បញ្ជា​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន ទៅ​ហែក​ចោល​នូវ​ក្រដាស​ផ្សាយ​របស់​បេក្ខជន​ដទៃ​ទៀត,​ ការ​ជំរុញ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​បេក្ខជន​ណា​ម្នាក់​ឬ​ការ​បំភិតបំភ័យ​ក្នុង​អំឡុងពេល យុទ្ធនាការ​ឃោសនា​បោះឆ្នោត,​ ការ​ផ្តល់​ជា​ប្រាក់​កាស​ឬ​ជា​សម្ភារ ទោះបី​តាម​មធ្យោបាយ​ណា​ក៏​ដោយ​ដល់​អ្នក​បោះឆ្នោត ដើម្បី​ឱ្យ​គេ​បោះឆ្នោត​ឱ្យខ្លួន និង​ការ​គំរាមកំហែង ឬ​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ដល់​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​គាំទ្រ​ណាមួយ ដើម្បី​ឱ្យ​គេ​គាំទ្រ​បេក្ខជន​ណា​មួយ ឬ​បំបាក់​ទឹក​ចិត្ត​បុគ្គល​នោះ​ឱ្យ​ឈប់​គាំទ្រ​ដល់​បេក្ខជនណា​មួយ។ 

ប្រធាន​គណៈមេធាវី លោក លី ច័ន្ទតុលាបា ន​ឱ្យដឹង​ថា ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែ​តុលា​ខាង​មុខ។ បេក្ខជន​ឈរ​ឈ្មោះជា​ប្រធាន​មាន​ចំនួន ៥រូប ដែល​ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផងដែរ ហើយ​បេក្ខជន​ឈរ​ឈ្មោះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី​មាន​ចំនួន ៩០រូប ប៉ុន្តែ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុម​ប្រឹក្សា​តែ ៣៣​រូប​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ថា៖ «គណៈមេធាវី​មាន​បទពិសោធន៍​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​បាន ១៤​ដង​ហើយ និង​ក្រុម​ប្រឹក្សា ១០​ហើយ ដែល​សរុប ២៤​ដង​ហើយ។ អញ្ជឹង​យើង​មាន​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ ដែល​យើង​នឹង​ធ្វើឱ្យ​មាន​តម្លាភាព និង​សុក្រឹត្យ​ត្រឹមត្រូវ។ អញ្ជឹង​សង្ឃឹម​ថា យើង​នឹង​ដំណើរការ​បោះឆ្នោត​ដោយ​រលូន​ហើយ សមាជិក សមាជិកា​មេធាវី​នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​កុះករ»៕