តំណាងភាគីនិយោជកស្នើដំឡើង២ដុល្លារ ខណៈតំណាងកម្មករស្នើដំឡើង ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារទៅលើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ក្នុងវិស័យកាត់ដេរ សម្ភារៈធ្វើដំណើរនិងកាបូប។
តួលេខនេះត្រូវបានលើកឡើងដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា រវាងភាគីនិយោជក ភាគីកម្មករ និងភាគីក្រសួងការងារ ដែលធ្វើតាមយន្តការត្រីភាគី។
ក្រសួងការងារបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា តំណាងភាគីទាំងពីរ (និយោជក និងកម្មករ) បានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាព ចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។
ក្រសួងការងារបានថ្លែងថា៖ «ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនរបស់ខ្លួនចំនួនបីផ្សេងគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារ លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ ព្រមទាំងភ្ជាប់ជូននូវសំណើចំនួន ៧ចំណុច ជូនក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីពិចារណាដោះស្រាយ»។
ក្រសួងបន្តថា៖ «ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខកំណើនចំនួន ២ដុល្លារ លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ ហើយនឹងដាក់សំណើមួយចំនួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅក្រោយកិច្ចប្រជុំព្រឹកមិញថា កាលពីឆ្នាំមុន ប្រាក់ឈ្នួលនៅប្រទេសបង់ក្លាដែសមានចំនួន ១១៦ដុល្លារ ប៉ុន្តែតួលេខនេះបានធ្លាក់មកនៅតែ១១០ដុល្លារប៉ុណ្ណោះនៅឆ្នាំ២០២៤នេះ។ ចំណែកនៅវៀតណាម កាលពីឆ្នាំមុនគឺ ២០៨ដុល្លារ ប៉ុន្តែសម្រាប់ឆ្នាំនេះតំបន់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅវៀតណាមគឺសល់តែ ២០៦ដុល្លារ។
លោកបន្តថា ដោយហេតុផលនេះហើយ ភាគីនិយោជកស្នើដំឡើងតែ ២ដុល្លារទេសម្រាប់កម្ពុជា គឺ២០៦ដុល្លារនៅឆ្នាំ២០២៥។ ប៉ុន្តែ លោកក៏ទទួលស្គាល់សិទ្ធិរបស់ភាគីកម្មករ ដែលមានហេតុផលរៀងៗខ្លួនក្នុងការទាមទារដំឡើងប្រាក់ខែនេះ។
លោកថ្លែងថា៖ «ក្នុងនាមជាអាជ្ញាកណ្ដាល យើងខិតខំពន្យល់និងសម្របសម្រួលដើម្បីឲ្យមានការខិតជិតគ្នានៃតួលេខទាំងសងខាង។ ឥឡូវយើងឃើញតួលេខនៅលម្អៀង»។
ប្រាក់ឈ្នួលឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារ គឺបានមកពីការបន្ថែម២ដុល្លារពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ឆ្លើយតបសំនួរអ្នកសារព័ត៌មានថាតើឆ្នាំនេះ នឹងមានការបន្ថែមដែរឬយ៉ាងណានោះ លោក ហេង សួរ ថ្លែងថា វាអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី។
កិច្ចប្រជុំត្រីភាគីចុងក្រោយដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា រសៀល ដែលអាចនឹងឈានដល់ការបោះឆ្នោតក្នុងចំណោមសមាជិកត្រីភាគី ប្រសិនបើតំណាងភាគីនិយោជក និងភាគីកម្មករ មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ។ នេះបើតាមលោក ហេង សួរ៕