ភ្នំពេញៈ ប្រធានបទកិច្ចប្រជុំនៃប្រទេសមហាអនុតំបន់មេគង្គ កម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រនេះផ្តោតសំខាន់ទៅលើការពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថាន និងបានភាក្សាពីសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ។
លទ្ធផលដ៏សំខាន់មួយដែលសមាជិកគ្រប់គ្នាសង្ឃឹមសម្រេចបាននៅក្នុងកិច្ចប្រជុំនេះគឺ ការយល់ព្រមទៅលើក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០ របស់ប្រទេសមហាអនុតំបន់មេគង្គ។ នេះជាការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ាក សុខារ៉ាវុធ ក្នុងពេលបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃក្រុមការងារមហាអនុតំបន់មេគង្គនាថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញានេះ។
លោកបានលើកឡើងថា ចាប់តាំងពីការបង្កើតកម្មវិធីបរិស្ថានប្រទេសមហាអនុតំបន់មេគង្គនៅឆ្នាំ២០០៦មក ក្រុមការងារស្តីពីបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារនិងលើកកម្ពស់បរិស្ថានធម្មជាតិរបស់ខ្លួន។ ប្រធានបទកិច្ចប្រជុំនៅឆ្នាំនេះផ្តោតសំខាន់ទៅលើការពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថាន។
លោកថ្លែងដូច្នេះថា៖ «ជាក់ស្តែង យើងទាំងអស់គ្នា កំពុងស្ថិតនៅលើចំណុចដ៏សំខាន់មួយ ដែលការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះ នឹងជះឥទ្ធិពលយូរអង្វែងទាំងបរិស្ថាន និងគុណភាពជីវិតរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ។ ដូចច្នេះ ពិតជាចាំបាច់ណាស់ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការពិភាក្សាបញ្ហាទាំងអស់ដោយភាពបន្ទាន់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចនូវលទ្ធផលជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព»។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីជំនាញការជាតិ អន្តរជាតិមកពីប្រទេសសមាជិកមហាអនុតំបន់មេគង្គ ព្រមទាំងក្រុមការងារអន្តរក្រសួង ដៃគូអភិវឌ្ឍវិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ប្រមាណជាង ២០០នាក់។
នៅថ្ងៃដដែលនេះផងដែរ ក្រុមអ្នកចូលរួមក៏បានពិភាក្សាពីសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមនេះ សង្កត់ធ្ងន់លើសកម្មភាពសំខាន់ៗ ក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក និង កាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិក និងការលើកទឹកចិត្តដល់សេដ្ឋកិច្ចចក្រា។
លោកបញ្ជាក់ថា៖ ប្រទេសសមាជិកមហាអនុតំបន់មេគង្គ ប្តេជ្ញារួមគ្នាឆ្ពោះទៅរកការលុបបំបាត់ប្លាស្ទិកប្រើតែមួយដង និងការលើកកម្ពស់ការគ្រប់គ្រងបរិស្ថានឱ្យកាន់មានប្រសិទ្ធភាព តាមរយៈការអប់រំ និងពង្រឹងចំណេះដឹងក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងតំបន់»។
លោក សុខារ៉ាវុធ បានបន្តថា ការកើនឡើងនូវការបំពុលប្លាស្ទិកបានកំពុងគំរាមកំហែង ទន្លេ សមុទ្រ និងប្រពន្ធ័អេកូឡូស៊ី និងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់។
លោកថា៖ «តាមរយៈការយល់ព្រមលើសេចក្តីថ្លែងការណ៍នេះ យើងកំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហានេះដោយយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រដល់សេដ្ឋកិច្ចវិលជុំ តាមរយៈការធ្វើការរួមគ្នា យើងអាចកាត់បន្ថយសំណល់ប្លាស្ទិក កែលម្អការគ្រប់គ្រងសំណល់ និងការពារផ្លូវទឹកដ៏សំខាន់ៗរបស់យើង»។
លោកបន្ថែមថា ការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមនេះ មហាអនុតំបន់មេគង្គ កំពុងពង្រឹងសារៈសំខាន់នៃការធ្វើការរួមគ្នា តាមបណ្តោយព្រំដែន ដើម្បីការពារបរិស្ថានរបស់ខ្លួន ពង្រឹងភាពធន់ និងធានាថា អត្ថប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រូវបានទទួលដោយមនុស្សគ្រប់គ្នា។
លើសពីនោះ សេចក្តីថ្លែងការណ៍នេះនឹងឆ្លុះបញ្ជាក់ពីសកម្មភាពដែលប្រទេសជាសមាជិកត្រូវអនុវត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការគ្រប់គ្រងប្រភពធនធានប្រកបដោយនិរន្តភាព៕