ភ្នំពេញ៖ អ្នកដឹកនាំវ័យក្មេងជាង ៦០ នាក់មកពីមជ្ឈដ្ឋានផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញបានប្រមូលផ្តុំគ្នាសម្រាប់កម្មវិធី Changemakers Social Incubator 2: Social Hackathon ដែលរៀបចំដោយ Impact Hub Phnom Penh និងផ្តល់មូលនិធិដោយគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំវ័យក្មេងរបស់ USAID។
កម្មវិធីបណ្តុះបណ្តាលមានរយៈពេលបីថ្ងៃ កាលពីដើមខែកញ្ញានេះ បានបង្ហាញនូវយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នសង្គម និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ដែលខ្វះខាត ដោយការចូលរួមរបស់ប្រជាពលរដ្ឋដឹកនាំដោយយុវជននៅកម្ពុជា។
កម្មវិធីនេះត្រូវបានធ្វើឡើងជាថ្មី បន្ទាប់ពីការសម្រាករយៈពេល ២ ឆ្នាំជាមួយនឹងថាមពលថ្មី ដោយប្រមូលផ្តុំអ្នកចូលរួមចម្រុះដើម្បីដោះស្រាយបញ្ហាប្រឈមសង្គមរបស់សហគមន៍ដែលមិនមានតំណាង រួមទាំងជនពិការ យុវជនជនជាតិដើមភាគតិច និងក្រុមបុគ្គល LGBTQI+។
កម្មវិធីនេះបានផ្តល់វេទិកាសម្រាប់ការរៀនសូត្រពីបទពិសោធន៍ ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហាដែលជំរុញដោយសហគមន៍។
លោក ឈឹម ទិត្យមតៈ នាយកផ្នែកអប់រំសហគ្រិននៅ Impact Hub Phnom Penh បានឱ្យដឹងថា៖ «យើងរំភើបណាស់ដែលឃើញយុវជនក្នុងទីក្រុងភ្នំពេញបានបង្ហាញពីបញ្ហាសង្គម ដែលពួកគេមិនដែលដឹងថាជាបញ្ហា មុនពេលពួកគេចូលរួមកម្មវិធី»។
លោកបន្ដថា៖ «វាគឺជាពេលវេលាសិក្សាបទពិសោធន៍សម្រាប់ពួកគេ ខណៈដែលពួកគេបានធ្វើការដោយផ្ទាល់ជាមួយអ្នកជួបបញ្ហាផ្ទាល់ ដើម្បីដោះស្រាយបញ្ហាពិតប្រាកដដោយប្រើការគិតប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព»។
កម្មវិធីបានឈានដល់វគ្គ Social Hackathon រយៈពេលបីថ្ងៃ ដែលអ្នកចូលរួមធ្វើការជាក្រុមដើម្បីបំប្លែងបញ្ហាប្រឈមសហគមន៍ស្មុគស្មាញទៅជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។
ដោយមានការគាំទ្រពីអ្នកណែនាំដែលមានបទពិសោធន៍ ក្រុមការងារបានបង្កើតសំណើគម្រោងជាក់ស្តែងក្នុងគោលបំណងបង្កើតសង្គមមួយដែលមានសមធម៌ និងបរិយាបន្នកាន់តែច្រើន។
បន្ទាប់មក គំនិតទាំងនេះត្រូវបានបង្ហាញនៅក្នុងវគ្គចុងក្រោយមួយដែលក្រុមកំពូលទាំងប្រាំមួយបានទទួលរង្វាន់ជាមូលនិធិសកម្មភាពដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់ពួកគេ។
គម្រោងលេចធ្លោ Lotus Blooming បានផ្តោតលើការគាំទ្រសហគមន៍ LGBTQI+ ដោយជំរុញការយល់ដឹងអំពីខ្លួនឯង និងបង្កើតកន្លែងសុវត្ថិភាពសម្រាប់ការសន្ទនា។
គម្រោងមួយទៀត F4r Better មានគោលបំណងបង្កើនបរិយាបន្នភាពក្នុងវិស័យសិល្បៈ និងកីឡាសម្រាប់ជនពិការ តាមរយៈយុទ្ធនាការ និងសិក្ខាសាលាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
គម្រោងទាំងនេះ រួមជាមួយនឹងគម្រោងផ្សេងទៀតបានទទួល ៦០០ដុល្លារ ក្នុងម្នាក់ៗជាមូលនិធិគ្រាប់ពូជ ដើម្បីជួយប្រែក្លាយគំនិតរបស់ពួកគេឱ្យក្លាយជាការពិត។
កញ្ញា ជួន រស្មី អ្នកចូលរួមមកពីក្រុម Unmute ដែលកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងការរៀបការវ័យក្មេងក្នុងចំណោមយុវជនជនជាតិដើមភាគតិច បាននិយាយថា៖ «នេះគឺជាកម្មវិធី hackathon លើកដំបូងរបស់ខ្ញុំ ហើយវាជាបទពិសោធន៍មិនគួរឱ្យជឿ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមានអំណាចក្នុងការចែករំលែកគំនិតរបស់ខ្ញុំ និងទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នា»។
កញ្ញាបន្ដថា៖ «ការគាំទ្ររបស់អ្នកណែនាំគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយជួយខ្ញុំកែលម្អ និងបង្កើតគំនិតខ្លួនឯង។ ខ្ញុំក៏បានទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីភាពចម្រុះ និងសារៈសំខាន់នៃបរិយាបន្នផងដែរ»។
The Changemakers Social Incubator 2 មិនមែនគ្រាន់តែជាកម្មវិធីមួយប៉ុណ្ណោះទេ វាជាជំហានមួយសម្រាប់មេដឹកនាំវ័យក្មេងទាំងនេះដើម្បីក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ។
ដោយផ្តោតលើបរិយាបន្នសង្គម កម្មវិធីនេះបានជំរុញឱ្យមានស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងចំណោមអ្នកចូលរួម ដើម្បីដោះស្រាយវិសមភាព និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
អ្នកស្រី ស សាន តំណាងជនពិការបាននិយាយថា៖ «ក្នុងនាមជាស្ត្រីពិការ និងជាអ្នកជួបបញ្ហាប្រឈម ខ្ញុំពិតជារំភើបណាស់ដែលបានឃើញនូវចំណង់ចំណូលចិត្ត និងការលះបង់របស់យុវជនទាំងនេះដែលចង់ដោះស្រាយវិសមភាពដែលប្រឈមមុខដោយក្រុមដែលមានតំណាងតិចតួច»។
តាមរយៈការផ្ដល់ឱ្យអ្នកដឹកនាំវ័យក្មេងនូវជំនាញ និងធនធានដែលពួកគេត្រូវការដើម្បីបង្កើតការផ្លាស់ប្តូរសង្គមប្រកបដោយអត្ថន័យ កម្មវិធីកំពុងរួមចំណែកដល់ការអភិវឌ្ឍបរិយាបន្នសង្គម និងសមធម៌ជាងមុន៕