«ខ្ញុំមានការភ្ញាក់ផ្អើលដែលឃើញស្ត្រីម្នាក់វ័យ៣០ឆ្នាំ សម្រាកនៅលើគ្រែមានបញ្ហាទឹកនោមផ្អែមដល់ថ្នាក់សន្លប់បាត់ស្មារតីផង ហើមពេញខ្លួនដោយសារខ្សោយតម្រងនោម ទឹកនោមមិនអាចបញ្ចេញមកបាន មើលលែងឃើញ ហើយមានម្ដាយដែលបាក់ដៃដោយសារគ្រាះថ្នាក់ចរាចរណ៍ជាអ្នកមើលថែ»។
នេះជាការលើកឡើងរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល ដែលរៀបរាប់អំពីក្ដីបារម្ភរបស់ក្រសួងសុខាភិបាលអំពីជំងឺមិនឆ្លង និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការប្រឈមជាមួយអត្រាមនុស្សចាស់កាន់តែច្រើន ស្របពេលដែលប្រទេសកំពុងរីកចម្រើន។
ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១១ ខែកញ្ញា លោក ឈាង រ៉ា បានឲ្យដឹងថា កាលពីមុន ក្នុងចំណោមមនុស្សស្លាប់សរុបគឺស្លាប់ដោយសារជំងឺឆ្លងមានច្រើនជាងស្លាប់ដោយសារជំងឺមិនឆ្លង ប៉ុន្តែបច្ចុប្បន្ននេះ ការស្លាប់ពីជំងឺមិនឆ្លងមានលើសពីពាក់កណ្ដាលហើយ។
លោកថ្លែងថា៖ «ជំងឺមិនឆ្លងដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរគឺជំងឺទឹកនោមផ្អែម លើសជាតិស្ករ និងជំងឺឡើងសម្ពាធឈាម ពីរនេះគឺជាកេរមរតកមិនល្អទាល់តែសោះសម្រាប់សុខភាព ដែលបន្តមកបណ្ដាលឲ្យមានជំងឺសរសៃឈាម ជំងឺស្ទះបេះដូង ហើយបន្តមកទៀតក្លាយជាជំងឺផ្នែកប្រព័ន្ធប្រសាទ ស្ទះសរសៃឈាមនិងធ្លាយសរសៃឈាមក្នុងខួរក្បាល បណ្ដាលឲ្យមានពិការភាពក្នុងជីវិត ដែលយើងនៅរស់រាន ប៉ុន្តែពិបាកធ្វើចលនាសម្រាប់រាងកាយរបស់យើងមួយចំហៀង ឬផ្នែកណាមួយ»។
លោកបន្តថា ក្រៅពីជំងឺទឹកនោមផ្អែមនិងឡើងសម្ពាធឈាម ជំងឺសួតរ៉ាំរ៉ៃ និងជំងឺមហារីក ក៏ជាឃាតករលាក់មុខដែរ ជាពិសេសសម្រាប់ស្ត្រីដែលមានមហារីកមាត់ស្បូន មហារីកសុដន់ និងមហារីកផ្សេងៗ ដូចជាមហារីកថ្លើមនិងប្រព័ន្ធសរីរាង្គផ្សេងៗ ដែលសុទ្ធតែធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។ ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយក្រសួងប្រៃសណីយ៍ក្នុងការផ្សព្វផ្សាយសារអប់រំសុខភាពនៅពេលទូរស័ព្ទចេញជាដើម។
លោក ឈាង រ៉ា៖ «យើងមានការអប់រំសុខភាព ឥឡូវនេះធ្វើនៅតាមទូរស័ព្ទ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងម្ចាស់ក្រុមហ៊ុនដែលបានជួយដាក់តាមសំណូមពររបស់យើង គឺដូរសំឡេងទូរស័ព្ទដោយដាក់សារអប់រំសុខភាពតែម្ដង»។
សម្រាប់ការពារខ្លួនពីជំងឺទឹកនោមផ្អែម លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិភោគស្ករតិច អំបិលតិច ខ្លាញ់តិច ធ្វើចលនាការងារ ឬលំហាត់ប្រាណ។ ប្រជាពលរដ្ឋគួរទៅពិនិត្យសុខភាពរកមើលជំងឺទឹកនោមផ្អែម និងមហារីកឲ្យបានទាន់ពេល ដើម្បីអាចដោះស្រាយបាននៅកម្រិតមូលដ្ឋាន នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។
លោកថ្លែងថា៖ «បើទុកឲ្យធ្ងន់ធ្ងរដល់ដំណាក់កាលទី៣ ឬទី៤ហើយ មណ្ឌលសុខភាពមិនអាចរ៉ាប់រងបានទេ ព្រោះខ្សោយតម្រងនោមហើយ ខូចភ្នែកហើយ ចេញទៅជាស្លាប់មួយចំហៀងខ្លួន ស្ទះសរសៃឈាមក្នុងខួរក្បាល ដាច់សរសៃឈាម ឬស្ទះសរសៃបេះដូង ហើយវាយឺតពេល»។
លោកបញ្ជាក់ថា ជំងឺទាំងនេះ មាននិន្នាការដូចទៅរីកចម្រើនដទៃទៀតដែរ ពោលគឺនៅពេលសេដ្ឋកិច្ចរីកចម្រើន ករណីជំងឺមិនឆ្លងមានកាន់តែច្រើន។ ដូច្នេះ រាជរដ្ឋាភិបាល កំពុងពិនិត្យទៅលើចក្ខុវិស័យមួយដែលត្រូវតែដើរទៅមុខ ដើម្បីសម្របទៅនឹងបរិបទនៃការអភិវឌ្ឍន៍។ ប្រសិនបើមិនមានការយកចិត្តទុកដាក់ទេ ការការដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែមនឹងមានការចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ក្រៅពីបញ្ហាបណ្ដាលមកពីជំងឺមិនឆ្លង លោករដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងពីបញ្ហាដែលត្រូវយកចិត្តទុកដាក់មួយទៀតសម្រាប់កម្ពុជា នោះគឺកំណើនចំនួនមនុស្សចាស់អាយុលើសពី ៦០ឆ្នាំ និងកំណើនអត្រារស់។ លោកថា ប្រទេសអភិវឌ្ឍន៍នានាតែងប្រឈមនឹងកំណើននៃចំនួនមនុស្សវ័យចំណាស់។
បច្ចុប្បន្ននេះ នៅប្រទេសបារាំងមានមនុស្សវ័យចំណាស់ ២០ភាគរយនៃចំនួនប្រជាជនសរុប។ ប៉ុន្តែ ប្រទេសដែលមានបញ្ហាប្រឈមខ្លាំងជាងគេ គឺជប៉ុនដែលមានរហូតដល់ទៅ ២៩ភាគរយ។ ចំណែកកម្ពុជា នៅឆ្នាំ២០១៩ មានប្រមាណ ៨,៩ភាគរយ កើនឡើងពី ៥,២ភាគរយកាលឆ្នាំ ២០០០។ ប៉ុន្តែនៅឆ្នាំ២០៥០ ភាគរយនៃមនុស្សចាស់នឹងមានជាង ២០ភាគរយ ដូចប្រទេសជឿនលឿនដទៃទៀត។បញ្ហាដែលបណ្ដាលមកពីកំណើនចំនួនមនុស្សចាស់គឺការថែទាំ។ នេះបើតាមលោក ឈាង រ៉ា។
លោកថា៖ «បើតាមការប៉ាន់ស្មាន នៅពេលកម្ពុជាមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងនឹងមានមនុស្សវ័យចាស់អាយុលើស៦០ឆ្នាំ ២១ភាគរយ គឺដូចប្រទេសបារាំងដែរ។ នេះគឺអ្វីដែលយើងត្រូវត្រៀមខ្លួនជាមុន»។
ក្រៅពីបញ្ហាជំងឺមិនឆ្លងនិងកំណើនចំនួនមនុស្សចាស់ វិស័យសុខាភិបាលកម្ពុជា នឹងជួបបញ្ហាប្រឈមបណ្ដាលមកពីកត្តាបរិស្ថាន ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកស្អាត គុណភាពខ្យល់អាកាស ចំណីអាហារ លទ្ធភាពនៃការងើបឡើងវិញនៃជំងឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលទាំងនេះត្រូវមានការចូលរួមដោះស្រាយជាអន្តរវិស័យ៕