ភ្នំពេញៈ ការចាប់យកសត្វស្វាកាចចេញពីតំបន់អង្គរ គឺដើម្បីបង្ការការរំខានដល់ភ្លៀវទេសចរ និងការពារប្រាសាទ ហើយក៏មិនមានការបណ្តែតបណ្តោយឱ្យមានការធ្វើបាប ឬធ្វើអាជីវកម្មលើស្វាពីក្រុមអ្នកផលិតវីដេអូអនឡាញនោះដែរ។ នេះជាការពន្យល់របស់អាជ្ញាធរជាតិអប្សរា ចំពោះក្តីកង្វល់របស់គម្រោង Action for Primates ដែលជាក្រុមអ្នកការពារសត្វសកល ទាក់ទងទៅនឹងគម្រោងជំរឿនចាប់យកសត្វស្វាកាច។
គម្រោង Action for Primates ដែលមានមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហាញក្តីបារម្ភចំពោះគម្រោងចាប់ស្វាកាចនៅតំបន់អង្គរ ហើយបានស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ដើម្បីទប់ស្កាត់សកម្មភាពធ្វើបាបសត្វស្វា ដើម្បីធ្វើអាជីវកម្មតាមបណ្តាញសង្គមយូធូប និងហ្វេសប៊ុក។
ការសម្តែងក្តីបារម្ភនេះបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន និង បណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីរដ្ឋបាលព្រៃឈើមានគម្រោងធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ ដែលកំពុងបង្កគ្រោះថ្នាក់ដល់មនុស្ស ដើម្បីយកទៅកសិដ្ឋានស្របច្បាប់សម្រាប់ជាពូជមេបានៅក្នុងការបង្កាត់ ប្រលែងក្នុងជម្រកធម្មជាតិ ឬនៅសួនសត្វភ្នំតាម៉ៅក្នុងខេត្តតាកែវ។
Action for Primates បានលើកឡើងថា ស្វាទាំងនេះកំពុងទទួលរងនូវការធ្វើបាបជាច្រើនឆ្នាំមកហើយ ដោយសារតែភាពអសកម្មរបស់អាជ្ញាធរ ដែលមិនបានបញ្ចប់ការចាត់ទុកសត្វស្វាថាជាការទាក់ទាញទេសចរណ៍។ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសត្វស្វាស៊ាំនឹងមនុស្ស ជាពិសេសតាមរយៈការឱ្យចំណីស៊ី។ ជាលទ្ធផល សត្វស្វាឥឡូវនេះបានរក និងដណ្តើមចំណីពីមនុស្ស ដែលខុសពីលក្ខណៈធម្មជាតិរបស់ពួកវា។
លើសពីនេះ ក្រុមអ្នកថតវីដេអូត្រូវបានអនុញ្ញាតឱ្យអុកឡុកក្រុមសត្វស្វាដើម្បីបង្កើតមាតិកាបង្ហោះតាមអនឡាញ ក្នុងគោលបំណងរកប្រាក់។
សហស្ថាបនិកនៃគម្រោង Action for Primates លោកស្រី Sarah Kite បាននិយាយក្នុងសេចក្តីប្រកាសថា៖ «សត្វស្វានៅប្រាសាទអង្គរវត្តកំពុងតែទទួលរងនូវការធ្វើបាបពីអាកប្បកិរិយាមិនសមរម្យរបស់មនុស្ស។ ការអុកឡុក និងយាយីដោយចេតនា របស់ក្រុមអ្នកថតវីដេអូសម្រាប់ «កម្សាន្ត» តាមអ៊ីនធឺណិតគឺអមនុស្សធម៌និងដែលមិនអាចទទួលយកបាននោះទេ»។
លោកស្រីបន្តថា៖ «វាចាំបាច់ណាស់ ដែលត្រូវបង្កើតផែនមួយ សម្រាប់គ្រប់គ្រងសកម្មភាពមនុស្ស ។ ការចាប់យកនិងការបំបែកបំបាក់សត្វស្វាចេញពីគ្រួសារនិងក្រុមរបស់ពួកវា មិនមែនជាអំពើមនុស្សធម៌នោះទេ ហើយវានឹងមិនមានប្រសិទ្ធភាពជាយូរអង្វែងនោះដែរ»។
អគ្គនាយករងនិងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងថា អាជ្ញាធរជាតិអប្សរាមិនដែលលើកទឹកចិត្តឱ្យមានការថតយកសត្វស្វាទៅធ្វើអាជីវកម្ម ឬធ្វើបាបសត្វស្វានោះទេ ហើយថែមទាំងបានធ្វើការណែនាំពួកគេឱ្យបញ្ឈប់សកម្មភាពនោះជាច្រើនដងផងដែរ។ ប៉ុន្តែ ពួកគេមិនបានសហការ ស្តាប់តាមការណែនាំនោះឡើយ។
លោកបញ្ជាក់ថា៖ «យើងមិនបានបណ្តែតបណ្តោយឱ្យថតអញ្ជឹងទេ តែយើងក៏លំបាកក្នុងការហាមឃាត់ដែរ។ អញ្ជឹងហើយបានជាយើងសំណូមពរសមត្ថកិច្ចជំនាញផ្នែកហ្នឹងជួយដោះស្រាយបញ្ហាហ្នឹងជាមួយយើង.. យើងត្រូវដោះស្រាយបញ្ហានេះទៅតាមក្របខណ្ឌនៃច្បាប់ដែលកំណត់»។
លោកបន្ថែមថា ការស្នើសុំឱ្យមានការយកសត្វស្វានោះ គឺធ្វើឡើងតែចំពោះស្វាណាដែលកាច និងបង្កបញ្ហាតែប៉ុណ្ណោះ។ ទោះយ៉ាងណា លោកមិនបានដឹងពីចំនួនសត្វស្វា ដែលកំពុងតែបង្កបញ្ហានោះទេ។
លោកមានប្រសាសន៍ថា៖ «ឥឡូវយើងធ្វើយ៉ាងណា ដើម្បីការពារទាំងប្រាសាទ យើងការពារទាំងភ្ញៀវទេសចរដែលត្រូវរងខាំដោយសត្វស្វា ប្រាសាទដែលរងការខូចខាតដោយសារសត្វស្វាហើយនឹងការពារសត្វស្វាដែលរងការទាញយកផលប្រយោជន៍ពីអ្នកមួយចំនួនណានោះ»។
គម្រោង Action for Primates ក៏បានលើកឡើងផងដែរថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ដែលនាំចេញសត្វស្វាកន្ទុយវែងរាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ សម្រាប់ឧស្សាហកម្មស្រាវជ្រាវនិងពិសោធជាតិពុលជាសកល។
លោកស្រី Sarah Kite បានលើកឡើងថា៖ «ការចាប់បញ្ជូនស្វាទៅកសិដ្ឋានបង្កាត់ពូជ គឺវាសាហាវណាស់»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ និងកញ្ញា អ៊ឹម រចនា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេទាក់ទងនឹងករណីនេះ។ រដ្ឋលេខាធិក្រសួងកសិកម្ម លោក អ៊ុង សំអាត ដែលបានប្រជុំជាមួយមន្រ្តីពាក់ព័ន្ធក្នុងខេត្តសៀមរាបពីការជំរឿន និងចាប់យកស្វាកាចនេះក៏មិនអាចទាក់ទងបានដែរ។
ដោយឡែក លោក កែវ អូម៉ាលីស្ស បានអះអាងថា លោកបានផ្លាស់ប្តូរការងារពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើហើយ។
ទោះយ៉ាងណា មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បានឱ្យដឹងថា ការចាប់ស្វាកាចនៅតំបន់អង្គរ ដែលជាការស្នើសុំរបស់អាជ្ញាធរជាតិអប្សរា មិនទាន់ត្រូវបានធ្វើឡើងនោះទេ។ លោកថា ការងារនេះអាចនឹងត្រូវធ្វើឡើងនៅក្រោយពេលបុណ្យភ្ជុំបិណ្ឌក្នុងខែតុលាខាងមុខ។
លោកបានឱ្យដឹងបន្ថែមថា កន្លងមក ក្រោយពេលចាប់រួចហើយ ស្វាកាចខ្លះក៏ត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិ និងខ្លះទៀតត្រូវរក្សាទុកនៅសួនសត្វភ្នំតាម៉ៅផងដែរ ដែលអាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់ពួកវា៕