ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនចំនួន ៥ របស់លោកថាមាន «ចេតនានយោបាយ» និងផ្ទុយពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងការបរទេសមានសោកស្ដាយចំពោះ «ការសម្រេចចិត្តដោយអយុត្តិធម៌» នេះ។
ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា បានប្រកាសពីការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្រុមហ៊ុនរបស់លោកមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតាមរយៈការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។
លោក លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់លោកឈ្មោះ L.Y.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ដូចជា រមណីយដ្ឋានអូស្មាច់ សណ្ឋាគារហ្គាដិនស៊ីធី រមណីយដ្ឋាន កោះរ៉ុង និងសណ្ឋាគារភ្នំពេញ ត្រូវបានដាក់ទណ្ឌកម្មដោយផ្អែកលើរបាយការណ៍ស្ដីពីការជួញដូរមនុស្សរបស់អាមេរិក និងយោងតាមច្បាប់សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability ប្រកាសកាលពីឆ្នាំ២០១៧។
ក្រសួងការបរទេសថ្លែងថា៖ «វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយឯកឧត្តម ឡយ ជេ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ»។
ក្រសួងការបរទេសបន្តថា តួនាទីរបស់លោក លី យ៉ុងផាត់ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ក្រុមហ៊ុន L.Y.P Group ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់ បន្ថយភាពក្រីក្រ និងបានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។
ក្រសួងការបរទេសក៏បង្ហាញការសោកស្ដាយផងដែរ ដែលក្រសួងរតនាគារអាមេរិកធ្វើការសម្រេចចិត្តដោយផ្អែកលើលើរបាយការណ៍ជួញដូរមនុស្សរបស់ខ្លួន ដែលរបាយការណ៍នេះមិនមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។
ក្រសួងការបរទេសថា៖ «ការអះអាងថាកម្ពុជាមិនបានយកចិត្តទុកដាក់ ឬព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ ជាការយល់ខុសយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់កម្ពុជា ក្នុងការដោះស្រាយការប្រឈម ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រស្មាញនេះ»។
ក្រសួងការបរទេសថ្លែងដូច្នេះថា៖ «ការដាក់ទណ្ឌកម្មជាឯកតោភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក»។
ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក មានប្រសិទ្ធភាពលើការរារាំងសកម្មភាពហិរញ្ញវត្ថុរបស់លោក លី យ៉ុងផាត់ និងបុគ្គលពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងនោះនៅសហរដ្ឋអាមេរិក៕