ភ្នំពេញៈ កម្ពុជា និងកូរ៉េខាងត្បូងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងខេត្តឃ្យុងសាងប៊ុកដូ (Kyungsangbukdo) របស់កូរ៉េខាងត្បូង និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៃកម្ពុជាលើគម្រោង «ចលនាភូមិថ្មី»។
MoU នេះមានគោលបំណងលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូងតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានស្ថាបនិកកិត្តិយសនៃACC បានធ្វើជាអធិបតីក្នុងពិធីចុះ MoU នេះ នាថ្ងៃទី១២ ខែកញ្ញា នៅខេត្តឃ្យុងសាងប៊ុកដូ ក្នុងឱកាសលោកចូលរួមវេទិកាចំណេះដឹងពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ហ្វេសប៊ុកលោកប្រធានព្រឹទ្ធសភាបញ្ជាក់នាថ្ងៃដដែលនេះថា៖ «គោលបំណងនៃ MoU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមនិងសហការគ្នាយ៉ាងសកម្មដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ»។
គម្រោងសហប្រតិបត្តិការនេះផ្តោតលើការអនុវត្តកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ ដូចជា ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ រួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ, កសិកម្មមេកានិច, និងប្រព័ន្ធគាំទ្រកសិកម្ម។
គម្រោងនេះក៏ផ្តោតលើការលើកកម្ពស់សុខភាពសាធារណៈផងដែរ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ, ការងារពេទ្យស្ម័គ្រចិត្ត, និងដំណើរការគ្លីនិក និងមន្ទីរពេទ្យក្នុងស្រុក, ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្រប និងការពង្រីកការផ្លាស់ប្ដូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា គម្រោងនេះក៏គាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី, បង្កើត និងដំណើរការមជ្ឈមណ្ឌលចលនាភូមិថ្មី, ការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី, កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល, និងការផ្លាស់ប្តូរវប្បធម៌។
លោក ឯក ប៊ុនលី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) ថ្លែងថា «ចលនាភូមិថ្មី» របស់កូរ៉េ ឬ «Saemaul Undong» គឺជាចលនាអភិវឌ្ឍន៍សហគមន៍ ដែលកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតមិនគួរមើលរំលង។ កូរ៉េខាងត្បូងគឺជាដៃគូដ៏ល្អ និងជាគ្រូបង្រៀនក្នុងកិច្ចសហប្រតិបត្តិការទាក់ទងនឹងការអភិវឌ្ឍជនបទ ជាមួយនឹងប្រវត្តិនៃការអភិវឌ្ឍជនបទដ៏រឹងមាំ និងការអត់ធ្មត់របស់ខ្លួនកាលពីទសវត្សរ៍ឆ្នាំ១៩៧០។
លោករំឭកថា៖ «ក្នុងអំឡុងពេលនោះ ប្រជាជនកូរ៉េខាងត្បូងបានយកការអភិវឌ្ឍសហគមន៍លើកម្រិតផ្ទាល់ខ្លួន ថែមទាំងបានបន្តប្រើប្រាស់សមត្ថភាព និងធនធានផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់សហគមន៍កាន់តែប្រសើរឡើង ដោយមិនពឹងផ្អែកលើការអំពាវនាវ និងការជំរុញពីរដ្ឋាភិបាល»។
លោក ប៊ុនលី ថ្លែងថា៖ «ចលនានេះបានជួយផ្លាស់ប្តូរផលិតភាពក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងសម្រាប់មនុស្សម្នាក់ពីត្រឹមតែ១០០ដុល្លារក្នុងឆ្នាំ១៩៦៥ ដល់ជាង២ ០០០ដុល្លារនៅចុងទសវត្សរ៍ឆ្នាំ១៩៧០។ ដូច្នេះហើយ កម្ពុជាអាចរៀនបានច្រើនពីគោលគំនិតនៃចលនានេះ»។
លោកពន្យល់ថា ថ្វីត្បិតតែកម្ពុជាបានព្យាយាមផ្លាស់ប្ដូរពីសង្គមកសិកម្មទៅជាសង្គមដែលពឹងផ្អែកលើឧស្សាហកម្មជាង ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏វិស័យកសិកម្មតែងតែជាទិដ្ឋភាពសង្គមដ៏សំខាន់នៃការអភិវឌ្ឍរបស់កម្ពុជា។
លោក ប៊ុនលី បញ្ជាក់បន្ថែមថា ការចុះMoU ដែលផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍជនបទតាមរយៈចក្ខុវិស័យដែលបានបង្កប់នៅក្នុង «ចលនាភូមិថ្មី» នេះមិនត្រឹមតែអាចភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើតការរួមគ្នាផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។
លោកជឿជាក់ថា នេះក៏ជាជំហានមួយឆ្ពោះទៅមុខក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលត្រួសត្រាយផ្លូវសម្រាប់ផែនការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគតរបស់ប្រទេសទាំងពីរ៕