ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអនុរដ្ឋមន្ត្រីមកពីប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) នៅសុក្រនេះបានគាំទ្រនិងឯកភាពលើក្របខ័ណ្ឌយុទ្ធសាស្រ្តបរិស្ថានថ្មីរយៈពេល ៥ឆ្នាំ ដែលរួមមានទាំងសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្ត ដែលមានតម្លៃជាងមួយពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថានទូទាំងតំបន់។ នេះបើយោងតាមក្រសួងបរិស្ថាន។
ការគាំទ្រ និងឯកភាពលើក្របខ័ណ្ឌយុទ្ធសាស្រ្តនេះត្រូវបានធ្វើឡើង នៅថ្ងៃចុងក្រោយ នៃកិច្ចប្រជុំលើកទី៦ របស់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (EMM-6) ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកញ្ញា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS ២០៣០ ថ្មីសម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថានមានប្រធានបទអាទិភាពចំនួន៤ ដូចជា៖ (១) ការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី។ (២) គាំទ្រការផ្លាស់ប្តូរកាបូនទាបប្រកបដោយបរិយាបន្ន (៣) ជំរុញសេដ្ឋកិច្ចចក្រាបៃតង និងការពង្រឹងវិធានការត្រួតពិនិត្យការបំពុល និង (៤) ការដាក់ពង្រាយដំណោះស្រាយនៃការផ្អែកលើធម្មជាតិសម្រាប់ការលើកកម្ពស់ជីវចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និង ការកែលម្អជីវភាពរស់នៅ។
សេចក្តីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គក៏ត្រូវបានគាំទ្រ និងអនុម័តផងដែរ ដោយតំណាងនៃប្រទេសទាំង៦ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែនលើប្រធានបទដ៏សំខាន់នេះ និងការដោះស្រាយការបំពុលប្លាស្ទិក។
ប្រធានបទសំខាន់ៗជាច្រើនត្រូវបានពិភាក្សា ហើយលើកជាអាទិភាព សម្រាប់សកម្មភាពដែលត្រូវបានស្នើឡើង។ ក្នុងចំណោមទាំងនេះមានដូចជា៖ តម្រូវការសម្រាប់ការលើកកម្ពស់ជម្រើស ជំនួសប្លាស្ទិកប្រកបដោយនិរន្តរភាព និងការលើកកម្ពស់វេទិកាចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងកាកសំណល់ និងសេដ្ឋកិច្ចចក្រា ព្រមទាំងការដាក់ពង្រាយឧបករណ៍ហិរញ្ញប្បទានហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយតាមគោលដៅ និងការបង្ហាញឧបករណ៍ហិរញ្ញប្បទាននៅថ្នាក់ខេត្ត ក្រុង និងសហគមន៍ ដើម្បីផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងពេលធ្វើជាអធិបតីបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះថា មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោរពេញដោយសក្តានុពលធម្មជាតិ តែបច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ កិច្ចប្រជុំលើកទី៦ នេះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ។ ដើម្បីលើកកម្ពស់ពីគុណភាពបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែវាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល»។
លោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលស្គាល់ថា មហាអនុតំបន់ទន្លេមេគង្គ ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច។ ទោះយ៉ាងណា វាក៏ជាតំបន់មួយ ដែលងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោកស្រីបញ្ជាក់ថា៖ «បញ្ហាប្រឈម ដែលយើងកំពុងជួបមានការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុជាដើម។ ADB ទទួលស្គាល់នូវតម្រូវការសំខាន់ សម្រាប់សកម្មភាពបន្ទាន់ និង រួមគ្នា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ប្រទេស GMS ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ»។
លោកស្រីបន្ថែមថា៖ «ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់នឹងអាកាសធាតុ និង និរន្តរភាពបរិស្ថានទៅក្នុងគ្រប់ផ្នែកនៃផែនការអភិវឌ្ឍន៍ គោលនយោបាយ និងការវិនិយោគរបស់យើង។ ហេតុនេះ ADB បានប្តេជ្ញាបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០៣០»។
ក្រសួងបរិស្ថានបានលើកឡើងថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំប្រកបដោយនិរន្តភាពបរិស្ថាននៅពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និង ធនធានធម្មជាតិ។ ជាពិសេស យុទ្ធសាស្ត្រចក្រាលើវិស័យបរិស្ថាន ២០២៣ ដល់ ២០២៨ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ ៣សំខាន់ ដូចជា ភាពស្អាតលើដី ភាពស្អាត ក្នុងដែនទឹក ភាពស្អាតដែនអាកាស រួមជាមួយការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតកម្ពុជាក៏ដូចជាតំបន់មួយប្រកបដោយនិរន្តភាព៕