ភ្នំពេញៈ ក្រសួងបរិស្ថានអំពាវនាវឱ្យមានការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូនឱ្យបានត្រឹមត្រូវ ខណៈដែលកម្ពុជាកំពុងរៀបចំផែនការគ្រប់គ្រងសារធាតុពាក់ព័ន្ធផ្សេងៗ ដើម្បីចូលរួមថែរក្សាស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មីពណ៌ស្វាយ (UV) ដ៏គ្រោះថ្នាក់។
ការពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងការប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ដែលជាខួបលើកទី៣៩ នៃ «អនុសញ្ញាទីក្រុងវីយ៉ែនស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៧ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧។
សម្រាប់ឆ្នាំនេះ ពិភពលោករួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោក ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ” (Montreal Protocol: Advancing Climate Action) ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូន និង សម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សម្តៅថែរក្សាការពារស្រទាប់អូហ្សូន និង កាត់បន្ថយការកើនកម្ដៅភពផែនដី។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងក្នុងសារលិខិតអបអរសាទរថា កន្លងមក ស្រទាប់អូហ្សូនត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និង ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូនជាច្រើនប្រភេទ។
សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្រ្ពៃ និង បរិក្ខារត្រជាក់ក្នុងនោះរួមមានសារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូន(CFC) និងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យកើនកម្ដៅផែនដីខ្ពស់ផងដែរ។
ទោះយ៉ាងណា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ របស់ប្រជាជាតិជាច្រើនលើសកលលោករហូតមកដល់បច្ចុប្បន្ននេះ ការបំផ្លាញស្រទាប់អូហ្សូនបានកាត់បន្ថយនិងឈានទៅលុបបំបាត់សារធាតុបំផ្លាញទាំងនោះ ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូនបន្ថែមទៀត ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។
លោករដ្ឋមន្រ្តីបន្តថា ជាក់ស្តែងក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ ១៣៥ពាន់លានតោន ក្រោមការអនុវត្តពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ ២០០០ មក ស្រទាប់អូហ្សូន បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី ១-៣ ភាគរយក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅផែនដីផងដែរ។
នាពេលបច្ចុប្បន្ននេះ បរិក្ខារត្រជាក់បានរួមចំណែក ២០ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប ហើយត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០។ ការអនុវត្តវិសោធនកម្មទីក្រុង គឺហ្កាលី រួមជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់បរិក្ខារត្រជាក់មានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ ដល់ការកាត់បន្ថយការកើនឡើងកម្ដៅផែនដីទ្វេដង។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖ «ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់សារធាតុ CFC ទាំងស្រុងក្នុងឆ្នាំ ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ HCFC ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់»។ បន្ថែមពីនោះ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និង កំពុងរៀបចំផែនការគ្រប់គ្រងសារធាតុ HFCS ក្នុងការអនុវត្តវិសោធនកម្មទីក្រុង គីហ្កាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជាបានផ្តល់សច្ចាប័ន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្មទីក្រុងគីហ្គាលី ត្រូវបានផ្តល់សច្ចាប័នជាសកល និង អនុវត្តបានពេញលេញ។
លិខិតដដែលសរសេរថា៖ «ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សម្តៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និង សារធាតុដែលមានសក្តានុពលកម្ដៅសកលខ្ពស់»។
បើទោះបីជាវិធានការជាច្រើនត្រូវបានធ្វើឡើងរួចមកហើយ ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការសន្សំសំចៃថាមពល ក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីដំណោះស្រាយទាំងនេះ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅប្រើប្រាក់ឧបករណ៍ដែលប្រើប្រាស់សារធាតុមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប ឬ សូន្យ។
ទន្ទឹមនឹងនោះ បទប្បញ្ញត្តិផ្សេងៗក៏ត្រូវរៀបចំផងដែរ ដើម្បីសម្រេចឱ្យការផ្លាស់ប្តូរនេះឱ្យបានកាន់តែល្អប្រសើរ រួមមានការរៀបចំឱ្យមាននូវកូដអគារ និងបច្ចេកវិទ្យាត្រជាក់ប្រកបដោយប្រសិទ្ធភាព ថាមពលខ្ពស់ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានទូលំទូលាយ។
លោករដ្ឋមន្រ្តីបានសម្តែងការជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់មករកស្ថានភាពដើមវិញនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ និងចូលរួមចំណែកក្នុងការកាត់បន្ថយការកើនកម្ដៅភពផែនដីបាន ០,៥°C ផងដែរ។
ក្នុងឱកាសនេះ លោកបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស អ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និង សារធាតុត្រជាក់ ឱ្យបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានជោគជ័យបន្ថែមទៀតនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ទាក់ទងនឹងការអនុវត្តពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា៕