សាលា​រាជធានី​ភ្នំពេញ​ត្រៀម​រថយន្ត​ជាង ៥០០​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត និង​ទៅ​លេង​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា​នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អាគារ​បន្ថែម​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

លោក​ ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដោយ​ឥត​គិត​ថ្លៃ​នេះ​នឹង​ដំណើរ​ការ​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៤ ខែ​តុលា គឺ​មាន​រយៈ​ពេល​ ៥ ថ្ងៃ មុន​និង​ក្រោយ​មួយ​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១ ដល់​ទី៣ ខែ​តុលា។ លោក​ថា​ សាលា​រាជធានី​នឹង​មាន​រថយន្ត ៤៩៧​គ្រឿង​សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​ខេត្ត។ បន្ថែម​ពី​លើ​នេះ ក៏​នឹង​មាន​រថយន្ត​ ៥៦​គ្រឿង​ទៀត​ដែល​នឹង​ដឹក​ពលរដ្ឋ​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ស្ថិត​ភាគ​ឦសាន​របស់​កម្ពុជា​ផងដែរ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ​ថា៖ «ឥឡូវ​ឆ្នាំ​នេះ​ទៀត គាត់​ត្រៀម​ឡាន ៥៦ គ្រឿង សម្រាប់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ទិសឦសាន ដូចជា​ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌល​គីរី ក្នុង​ពេល​ភ្ជុំបិណ្ឌ។ ឥឡូវ​បង​ប្អូន​ណា​ខ្លះ​ចង់​ទៅ​លេង​ខេត្ត​ភាគ​ឦសាន ទៅ​លេង​ទឹក​ជ្រោះ​ប៊ូស្រា ទៅ​លេង​រតនគីរី បឹង​យក្សឡោម ឥឡូវ​បាន​ការ​ជិះ​រថយន្ត​ដោយ​ឥត​គិត​ថ្លៃ​ទៀត ៥៦​គ្រឿង​ត្រៀម​ដឹក​ទៅ»។

ការ​ផ្ដល់​ការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ទៅ​ស្រុក​កំណើត​ក្នុង​ពេល​ភ្ជុំបិណ្ឌ​ក៏​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បន្ត​កើត​មាន​ក្នុង​ចំនួន​ច្រើន ជា​ពិសេស​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ដូចជា​ភ្ជុំ​បិណ្ឌ​ជា​ដើម។

កាល​ពី​ឆ្នាំ​២០២៣ ​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ដែល​ប្រព្រឹត្ត​ឡើង​ពីថ្ងៃទី១៣ ​ដល់​ថ្ងៃ​ទី១៥ ខែ​តុលា គ្រោះ​ថ្នាក​ចរាចរណ៍​បាន​ឆក​យក​ជីវិត​មនុស្ស ២២នាក់ និង​បង្ក​ឲ្យ​របួស ៧៩នាក់​ទៀត​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចំនួន​៥៨លើក។ នេះ​បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិ។

លោក​នាយក​រដ្ឋមន្ត្រី ក៏​ប្រាប់​ឲ្យ​អាជ្ញាធរ​ត្រៀម​សម្រួល​ចរាចរណ៍ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់ ជា​ពិសេស​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។

កាល​ពី​ពេល​ខែ​មិថុនា រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា ក៏​បាន​ប្រាប់​ឲ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​គិតគូរ​​ពី​ការ​រៀបចំ​ប្រតិទិន​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពិធីបុណ្យ​ធំៗ ​ដូចជា​បុណ្យ​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ​ជា​ដើម៕