កម្ពុជានឹងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ។ លំហាត់ហ្វឹកហ្វឺនរួមគ្នានេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងបី បានរៀបចំការផ្លាស់ប្ដូរទស្សនកិច្ចមិត្តភាពនៅតំបន់កន្ទុយនាគលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០២៣។
ការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនេះត្រូវបានប្រកាសនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៥ ខែកញ្ញា ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីសប្ដាហ៍មុន។
នាយកឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សុទ្ធតែបានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានៅកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី បានជួបគ្នាម្ដងហើយ និងបានធ្វើទស្សនកិច្ចទៅកាន់តំបន់បង្គោលឡាក់លេខសូន្យជាលើកទី១ ស្ថិតនៅខេត្តរតនគិរីពីភាគីកម្ពុជា ខេត្ត Kon Tum ពីភាគីវៀតណាម និងខេត្ត Attapeu របស់ឡាវក្នុងជំនួប «ការផ្លាស់ប្តូរមិត្តភាពការពារព្រំដែន» ដែលធ្វើឡើងដើម្បីធ្វើបច្ចុប្បន្នភាពនៃផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នេះបើយោងតាមក្រសួងការពារជាតិវៀតណាម។
ក្រសួងការពារជាតិវៀតណាមចុះផ្សាយនាពេលនោះថា៖ «ព្រឹត្តិការនេះជួយពង្រឹងទំនុកចិត្តផ្នែកនយោបាយ មិត្តភាព និងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងចំណោមកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃប្រទេសទាំងបី ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និងដើម្បីផ្សព្វផ្សាយសារអំពីសាមគ្គីភាព មិត្តភាព និងការជួយគ្នាទៅវិញទៅមក ក្នុងរដ្ឋាភិបាល យោធា និង ប្រជាជននៃប្រទេសទាំងបី»។
ដោយឡែក កិច្ចសហប្រតិបត្តិការជាលក្ខណៈទ្វេភាគីរវាងកម្ពុជា និងឡាវ ភាគីទាំងពីរបានផ្លាស់ប្តូរ យោបល់ និងឯកភាពគ្នាលើការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីយោធាទៅវិញទៅមកឱ្យបានកាន់តែច្រើន និងបង្កើនកម្រិតនិងចំនួនសិក្ខាកាមទៅវិញទៅមកឱ្យបានច្រើនជាងមុន ក៏ដូចជា បង្កើនការផ្លាស់ប្តូរទំនាក់ទំនងរវាងអង្គភាពនៅតាមបណ្តាព្រំដែន ដើម្បីបង្កើនការកសាងទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។
សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមវិញ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានថ្លែងអំណរគុណរដ្ឋមន្ត្រីការពារជាតិកម្ពុជាដែល បានផ្ញើសាររំលែកទុក្ខដល់ប្រទេសវៀតណាមចំពោះការបាត់បង់អាយុជីវិត និងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះសង្ឃរានាពេលថ្មីៗនេះ។
លោក ហ្វាន វ៉ាន់ហ្សាង ក៏បានស្នើកម្ពុជាបន្តកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុយុទ្ធមិត្តដែលបាត់ខ្លួននៅសម័យសង្គ្រាម ព្រមទាំងបានអញ្ជើញរដ្ឋមន្ត្រីការពារជាតិកម្ពុជាចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិលើកទី២ នៅខែធ្នូ ឆ្នាំ២០២៤។
កម្ពុជា ឡាវ និង វៀតណាម មានកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលចាប់ផ្ដើមចរចាកាលពីឆ្នាំ ១៩៩៩ និងបានចេញជារូបរាងឡើងនៅឆ្នាំ ២០០៤ ដែលផ្ដោតលើការតភ្ជាប់ ជាពិសេសផ្នែកពាណិជ្ជកម្មនៅក្នុងខេត្តស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ។ ប៉ុន្តែ នាពេលថ្មីៗនេះមានការតវ៉ាពីសំណាក់ពលរដ្ឋកម្ពុជាខ្លះឲ្យកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការនេះដោយលើកឡើងពីការភ័យខ្លាចបាត់បង់ទឹកដី។ ថ្នាក់ដឹកនាំកម្ពុជាថ្លែងថា កម្ពុជាមិនដកខ្លួននោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោកមិនដឹងថា លំហាត់ហ្វឹកហ្វឺនកងទ័ពរួមរវាងប្រទេសទាំងបីនេះជាផ្នែកមួយនៃ CLV-DTA ឬយ៉ាងណានោះទេ ប៉ុន្តែ លោកមើលឃើញពីសារៈសំខាន់នៃសមយុទ្ធរួមនេះ។
លោកថ្លែងដូច្នេះថា៖ «ការធ្វើសមយុទ្ធរួមគ្នានេះ ក៏ជាការល្អដែរ ដែលយើងអាចចែករំលែកបទពិសោធន៍ ត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ការបង្ក្រាបការជួញដូរមនុស្ស ការការជួញដូរគ្រឿងញៀន ឬឧក្រិដ្ឋកម្មឆ្លងដែនជាដើម»៕