ភ្នំពេញៈ ប្រទេសកម្ពុជារំពឹងថានឹងទទួលថវិកាប្រមាណជា ១០លានដុល្លារអាមេរិកពីការលក់ឥណទានកាបូន ដែលបានមកពីព្រៃឈើ ហើយថវិកាទាំងនោះនឹងយកទៅបម្រើឱ្យការងារគ្រប់គ្រងធនធានធម្មជាតិ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្នុងសន្និសីទថ្នាក់តំបន់មួយកាលពីចុងសប្តាហ៍មុន។
ការសម្តែងក្តីរំពឹងនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង (Southern Cardamom Redd+ project) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ត្រូវបានសម្រេចលើកលែងការផ្អាកវិញកាលពីថ្ងៃទី១០ ខែកញ្ញានេះ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថាន ដែលជាភ្នាក់ងារជាតិ រំពឹងទុកថាយើងអាចទទួលបានថវិកាប្រមាណ ១០លានដុល្លារពីហ្នឹងដែរ ប៉ុន្តែថវិកាទាំងហ្នឹងគឺត្រូវធ្វើយ៉ាងណាយកមកប្រើឱ្យការគ្រប់គ្រងធនធានធម្មជាតិរបស់យើង ជួយដល់ប្រជាសហគមន៍របស់យើងទាំងនោះឯង»។
គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងគ្របដណ្តប់លើផ្ទៃដីទំហំ ៤៦៥ ៨៣៩ហិកតា ហើយបើតាមការប៉ាន់ស្មានប្រចាំឆ្នាំ គម្រោងនេះអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសបានចំនួន ៣ ៨៦៧ ៥៦៨តោន(tco2e)។
លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ការលក់ឥណទានកាបូន គឺជាការលើកទឹកចិត្តមួយ ដើម្បីធ្វើយ៉ាងណាឱ្យការថែររក្សា អភិរក្សធនធានធម្មជាតិរបស់កម្ពុជាមានការរីកចម្រើននិងប្រកបដោយចីរភាព។
លោកថ្លែងបន្តដោយលើកជាឧទាហរណ៍ថា៖ «មិនមែនថា យើងមានកាបូន ១០០តោន ខ្ញុំលក់១០០ដុល្លារហើយចប់នោះទេ។ ខ្ញុំមានកាបូន ១០០តោន ក្នុងព្រៃប៉ុណ្ណឹង ខ្ញុំលក់តម្លៃប៉ុណ្ណឹង លុយហ្នឹង ត្រូវយកមកថែរក្សា ព្រៃហ្នឹង ឱ្យព្រៃហ្នឹងមានចីរភាព ឱ្យព្រៃហ្នឹងមានការរីកចម្រើន ឱ្យប្រជាជន ប្រជាសហគមន៍របស់យើងរស់នៅក្នុងហ្នឹងមានជីវភាពកាន់តែល្អប្រសើរឡើង។ នេះគឺជាអត្ថន័យពិតនៃការលក់កាបូន»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ប៉ុន្តែដើម្បីលក់បាន យើងត្រូវឆ្លងកាត់សវនកម្មឯករាជ្យ ភ្នាក់ងារឯករាជ្យមកវាយតម្លៃ ហើយមិនត្រឹមតែវាយតម្លៃអ្វីដែលយើងមានទេ គឺវាយតម្លៃសមត្ថភាពរបស់យើង ថាតើយើងអាចគ្រប់គ្រងបានទៀតឬអត់។ ទោះជាយ៉ាងណាក៏ដោយ វាឆ្លុះបញ្ជាំងឱ្យឃើញថា រាជរដ្ឋាភិបាលយើងកំពុងតែគ្រប់គ្រងធនធានធម្មជាតិបានល្អ»។
លោកបន្ថែមថា ក្រៅពីតំបន់ជួរភ្នំក្រវាញខាងត្បូង កម្ពុជានៅមានគម្រោងរេដបូកជាច្រើនផ្សេងទៀត ដូចជាគម្រោងរេដបូក កែវសីមា ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី។
ទីភ្នាក់ងារអន្តរជាតិ វេរ៉ា(VERRA)បានផ្អាកគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងអស់រយៈពេលជាងមួយឆ្នាំក្រោមការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការរំលោភបំពានសិទ្ធិមនុស្ស ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។
ទោះយ៉ាងណា វេរ៉ាបានពិនិត្យសវនកម្មគម្រោងទាំងអស់ ហើយបានសន្និដ្ឋានថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបង្ហាញថា ខ្លួនកំពុងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយរាល់បញ្ហា កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នាពេលអនាគត និងបន្តកែលម្អគម្រោង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះការសម្រេចលើកលែងការផ្អាកគម្រោងរបស់ខ្លួននេះ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងពេញលេញ ដែលមានរយៈពេលជាងមួយឆ្នាំរួចមក។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថា នេះជាសក្ខីភាពបញ្ជាក់ពីភាពខ្លាំងនិងគុណភាពរបស់គម្រោងនេះ។ តាមរយៈការពិនិត្យឡើងវិញឃើញថា គម្រោងនេះ ត្រូវបានគាំទ្រយ៉ាងលើសលុបដោយសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានចំនួន២៩។ ៩៣ភាគរយ នៃសមាជិកសហគមន៍បានបោះឆ្នោតគាំទ្រគម្រោងនេះ ដោយមានការគាំទ្រចាប់ពី ៨១ភាគរយ ទៅ ៩៨ភាគរយ នៅក្នុងសហគមន៍ដែលមានជនជាតិដើមភាគតិចជងជាច្រើនរស់នៅ។
ពលរដ្ឋក្នុងមូលដ្ឋានគាំទ្រគម្រោងនេះ ពីព្រោះវាជួយលើកកម្ពស់ជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ ដោយសារតែគម្រោងនេះ អណ្តូងទឹកចំនួន៤៣ ត្រូវបានសាងសង់ដែលផ្តល់ទឹកស្អាតដល់ពលរដ្ឋជាង ២៧ ០០០នាក់។ បន្ថែមពីនោះ មនុស្សជាង ២ ០០០នាក់មានលទ្ធភាពទទួលបានការថែទាំសុខភាពល្អជាងមុន ហើយមនុស្សជាង ១០ ០០០នាក់បានទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនៃការអប់រំរបស់គម្រោងជាមួយនឹងទឹកប្រាក់ចំនួន ៣៦០ ០០០ដុល្លារដែលត្រូវបានចែកចាយតាមរយៈកម្មវិធីអាហារូបករណ៍ Southern Cardamom REDD+ ។
អង្គការបញ្ជាក់ថា៖ «គម្រោងនេះ ការពារព្រៃឈើ ដែលរងហានិភ័យជាង ៤៥០ ០០០ហិកតា ដែលបានកាត់បន្ថយការបំភាយកាបូនពិភពលោកជាង ២៧លានតោនរហូតមកដល់បច្ចុប្បន្ន និងជួយអភិរក្សប្រភេទសត្វដែលរងការគំរាមកំហែងទូទាំងពិភពលោកចំនួន ៦២ប្រភេទផងដែរ»។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនាថ្ងៃទី១៦ ខែកញ្ញានេះ។
គម្រោងរេដបូក ដែលកំពុងតែអនុវត្តនៅកម្ពុជាមានដូចជា គម្រោងរេដបូកកែវសីមានៅលើផ្ទៃដីព្រៃទំហំ ១៦៦ ៩៨៣ហិកតា ក្នុងចំណោមផ្ទៃដីជាង ៣០០ ០០០ហិកតានៃដែនជម្រកសត្វព្រៃកែវសីមា។ តាមការប៉ាន់ស្មានប្រចាំឆ្នាំ គម្រោងនេះអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចបានចំនួន ១ ៤២៦ ៦៤៨តោន (tco2e)។ មួយវិញទៀតគឺ គម្រោងរេដបូក ទំរីង (Tumring REDD+Project) ស្ថិតក្នុងខេត្តកំពង់ធំមានទំហំ ៦៧ ៧៩១ហិកតានោះ។ តាមការប៉ាន់ស្មានគម្រោងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប្រចាំឆ្នាំបានចំនួន ៣៧៨ ៤៣៤តោនផងដែរ។
គម្រោងរេដបូកផ្សេងទៀតនៅកម្ពុជា ដែលកំពុងតែស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយមាន ដូចជា គម្រោងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ តំបន់ជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃភ្នំត្នោត តំបន់ទេសភាពវាលទំនាបខាងជើង ដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃព្រៃឡង់ និង ដែនជម្រកសត្វព្រៃភ្នំសំកុស។
ចាប់ពីឆ្នាំ២០១៦ គម្រោងរេដបូកចំនួន ៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់បានផ្តល់ថវិកាពីការលក់ឥណទានកាបូនចំនួនប្រមាណ ១១,៦ លាន ដុល្លារអាមេរិក។ ថវិកាទាំងនេះ ត្រូវបានបែងចែកលើការងារអភិរក្សបរិស្ថាន។ គម្រោងរេដបូកទាំង ៣ ខាងលើ គ្របដណ្តប់ទៅលើ ផ្ទៃដីប្រមាណ ១,២៧ លានហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ នេះបើយោងតាមក្រសួងបរិស្ថាន៕