ខណៈដែល «ទិវាសន្តិភាពអន្តរជាតិ» នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការបង្កភាពចលាចលក្នុងសង្គម ដែលប៉ះពាល់ដល់«ការបណ្ដុះវប្បធម៌សន្តិភាព» ដែលជាមូលបទនៃការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ។
លោក ហ៊ុន ម៉ណែត ថ្លែងនៅក្នុងសារ ៤ ទំព័ររបស់លោកថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងស្ថិរភាពសង្គមដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្ដុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍសង្គមជាតិយើង»។
ដោយមិនបានលើកចំឈ្មោះ លោកបន្តថា៖ «ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិត គ្មានមូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋយើង ឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្ដុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស»។
ទិវាសន្តិភាពអន្តរជាតិ ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៨១ ដើម្បីបង្ហាញពីអំណាចនៃការសាមគ្គីភាពនៅលើពិភពលោកដែលមានសន្តិភាព និងនិរន្តរភាព។ នៅឆ្នាំ ២០០១ សន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីចាត់ទុកថ្ងៃនេះជាថ្ងៃគ្មានអំពើហិង្សា និងជាថ្ងៃឈប់បាញ់គ្នា។
លោក ហ៊ុន ម៉ាណែត បានរៀបរាប់អំពីការប្រឹងប្រែងស្វែងរកសន្តិភាពរបស់កម្ពុជា គិតចាប់តាំងពីការតស៊ូរបស់អតីតព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ដើម្បីទាមទារឯករាជ្យពីបារាំងរហូតដល់បានជ័យជម្នះនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការបែកបាក់ប្រទេសក្នុងសម័យសង្គ្រាមរហូតដល់ទទួលបានសន្តិភាពនៅឆ្នាំ១៩៩៨។
លោកក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពនៅលើពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅចូលរួមជាមួយអង្គការសហប្រជាជាតិ ដែលគិតចាប់ពីឆ្នាំ ២០០៦ មកទល់នឹងពេលនេះមានចំនួន ៩៨១៩នាក់ ទៅកាន់ប្រទេសចំនួន១០ ក្នុងនោះមានទាំងស្ត្រីចំនួន ៨៥៦នាក់ផងដែរ។ បច្ចុប្បន្ននេះ កងទ័ពមួកខៀវកម្ពុជាចំនួន ៦២៧នាក់កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល យេម៉ែន និងកុងហ្គោ។
លោកថ្លែងថា៖ «នេះជាមោទនភាពដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ»។
លោកក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាកត្តាការពារសន្តិភាព ដូចជាតាមរយៈការកសាងព្រែកជីកហ្វូណនតេជោ ការលុបបំបាត់ភាពក្រីក្រ គោលនយោបាយគាំពារសុខភាព ការទទួលយកសំណូមពរ និងផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋជាដើម។
លោកថ្លែងថា៖ «សន្តិភាពងាយណាស់ក្នុងការបាត់បង់តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផង។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សាជាថ្មីឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព និង ការតម្កល់សន្តិភាពជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ»៕