ភ្នំពេញៈ ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយ​បារម្ភ នៃ​ការ​ប្រែប្រួល​អាកាសធាតុ គឺ​ធ្វើឱ្យ​មាន​រលកកម្តៅ​កាន់​តែ​ខ្លាំង ព្យុះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​គ្រោះ​រាំងស្ងួត​អូស​បន្លាយ​យូរ​ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក​ អ៊ាង សុផល្លែត ក្នុងពេល​ថ្លែង​សន្ទរកថា​គន្លឹះ​ស្តីពី​ទស្សន​វិស័យ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​សិក្ខា​សាលា​ថ្នាក់​តំបន់​មួយ​នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃអង្គារ ទី១៧ ខែកញ្ញានេះ។

សិក្ខា​សាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ស្តីពី​ការ​ចេញ​ផ្សាយ​របាយការណ៍​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​អាស៊ី​អាគ្នេយ៍ៈ«ឆ្លងកាត់​កម្រិត​អាកាសធាតុ សកម្មភាព​បន្ទាន់​សម្រាប់​អនាគត​ប្រកប​ដោយ​និរន្តរភាព​របស់​អាស៊ី​អាគ្នេយ៍»។

លោករដ្ឋមន្រ្តី​បញ្ជាក់​ថា៖ «តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ប្រទេស​កម្ពុជា​ផង ​ឈរនៅ​ជួរ​មុខ នៃ​វិបត្តិ​នេះ ដែល​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​អាច​បំផ្លាញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​បង្កគ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់»។

​ទោះ​បី​ជា​បែបនេះ​ក៏ដោយ កម្ពុជា​រួម​ជាមួយ​នឹង​ប្រទេស​អាស៊ាន​ផ្សេងទៀត បាន​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​បង្កើន​មហិច្ឆតា​អាកាស​ធាតុ​របស់​ខ្លួន កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​រក្សា​សីតុណ្ហភាព​ពិភពលោក​ឱ្យ​ស្ថិត​ក្រោម​កម្រិត ១,៥ដឺក្រេ។ 

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ពី​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិទី​៧​នេះ ក៏​ដូចជា គោល​នយោបាយ​ របស់​ក្រសួង​បរិស្ថាន ដែល​​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ធ្វើ​ឱ្យ​មាន​និរន្តរភាព​បរិស្ថាន ដូចជា ​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ និង​ផែនការ​យុទ្ធសាស្រ្ត​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា (CCCSP) ២០២៤-២០៣៣​ជាដើម។

បន្ថែមពីនោះ កម្ពុជា បាន​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​សកល។ ក្នុង​នោះ​បាន​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​រួម​ចំណែក​របស់​ជាតិ (NDC) ៣,០ ដែល​នឹង​ពង្រឹង​បន្ថែម​ទៀត នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​កំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆិតា​បន្ថែម​ទៀត សម្រាប់​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រប​ខ្លួន​ជាមួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ 

ក្រៅពីនោះ កម្ពុជា​កំពុង​ជំរុញ​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​ប្រែក្លាយ​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ ២០២៥០។ 

យុទ្ធសាស្ត្រ​នេះ​មិនគ្រាន់​តែ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​កាត់​បន្ថយការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ជា​ចក្ខុ​វិស័យ​សម្រាប់​អនាគត​ប្រកប​ដោយ​និរន្តរភាព​ផងដែរ។

លោក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា៖ «វិធានការ​ជាច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​ការ​លើក​កម្ពស់​ថាមពល​កកើត​ឡើង​វិញ និង​ប្រសិទ្ធភាព​ថាមពល ការ​ការពារ​ព្រៃឈើ និង លើក​កម្ពស់​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព។ ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កាបូន​នៅ​ឆ្នាំ ២០៥០ មិនមែន​គ្រាន់​តែ​ជា​គោលដៅ​បរិស្ថាន​ប៉ុណ្ណោះ​ទេ។ វាជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ធន់​នឹង​សេដ្ឋកិច្ច និង​សមធម៌​សង្គម»។ 

លោក​បាន​បន្ថែម​ថា បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូចជា ប្រទេស​ជាច្រើន​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ការ​ពង្រឹង​លើ​កំណើន​សេដ្ឋកិច្ច ជាមួយ​នឹង​ភាព​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ឥន្ធនៈ​ហ្វូស៊ីល និង​កាត់​បន្ថយ​ការ​បំភាយ​កាបូន ​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត ក្នុង​នោះ​មាន​វិស័យ​ថាមពល ការ​ដឹកជញ្ជូន និង កសិកម្ម។ 

ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​កើនឡើង​កម្ពៅ​ភព​ផែនដី ក៏​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ផងដែរ ក្រសួង​បរិស្ថាន​បាន​ រៀបចំ​ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក​ក្រោម​ប្រធាន​បទ​ «ពិធី​សារម៉ុងរ៉េអាល់៖ ការ​ជំរុញ​សកម្មភាព​អាកាសធាតុ» កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​នេះ។ ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​វេទិកា​ពិភាក្សា​ដែល​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស ក៏​ដូចជា​យុវជន​ផងដែរ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​នេះ ជាពិសេស គឺ​សារធាតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​បំផ្លាញ​ស្រទាប់​អូហ្សូន ដែល​ជា​របាំង​ការពារ​ភព​ផែនដី​ពី​កាំ​រស្មី​ពណ៌ស្វាយ (UV) ដ៏​គ្រោះថ្នាក់។

អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ប៉ាក សុខារ៉ាវុធ បាន​លើក​ឡើង​ក្នុង​វេទិកា​នោះ​ថា ​សារធាតុមាន​​ច្រើន​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់ ដូចជា សារធាតុ​ហាយដ្រូ​ក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ដែល​មាន​ប្រើប្រាស់​ច្រើន​គឺ​សារធាតុអ៊ា២២​ (R-22) និង របាយ​សាធាតុ​មួយ​ទៀត គឺ៤១០អេ (410A) នាពេល​សព្វ​ថ្ងៃនេះ។

លោកមាន​ប្រសាសន៍​ថា៖ «សារធាតុ​ទាំង២ នេះ​មាន​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​របស់​យើង​នៅ​តាម​ផ្ទះ និង​សារធាតុ​មួយ​ចំនួន​មាន​ប្រើប្រាស់​នៅ​ក្នុង​ទូទឹកកក។ ដូច្នេះ យើង​ត្រូវ​យល់​ដឹង​ថា សារធាតុ​នេះ​មាន​សក្តានុពល​នៃ​ការ កើន​កម្តៅ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​មាន​ការ​កើន​កម្តៅ​ភពផែនដី»។

លោកបន្តថា សារធាតុ HCFC នេះ គឺ​ត្រូវ​លុប​បំបាត់​ទាំងស្រុង​នៅ​ឆ្នាំ ២០៣០ ប៉ុន្តែ​ដោយសារ​តែ​ជា​ករណី​ចាំបាច់ ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​ទុក​នូវ​ ២,៥​ភាគរយ នៃ​កម្រិត​មូលដ្ឋាន ដែល​ប្រើប្រាស់​សព្វថ្ងៃ។ សម្រាប់ ប្រទេស​កម្ពុជា កម្រិត​មូល​មាន​ប្រហែល​ជា ២៧០​តោន​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ កម្ពុជា​បាន​កាត់​បន្ថយ​បាន​ច្រើន ហើយ​សព្វ​ថ្ងៃ​នេះ កម្ពុជា​នៅ​សល់​ប្រហែល​ជា​ខ្ទង់​តែ​ក្រោម ១០០​តោន​ទេ ដែល​ប្រើប្រាស់​ក្នុង​មួយ​ឆ្នាំៗ។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​កាត់​បន្ថយ​បាន​ច្រើន ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​អាច​ធ្វើ​ការ​លុប​បំបាត់​បាន​ទាំង​ស្រុង​មុន​រយៈកាល​ឆ្នាំ ២០៣០​នេះ​ផង។ ជា​ការ​ចាំបាច់ ដែល​យើង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​សកល​លោក​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​កម្តៅ​ភព​ផែនដី ក៏​ដូចជា​ទប់ស្កាត់​ការ​បំផ្លាញ​ស្រទាប់​អូស្សូន​ផងដែរ»៕