ការចរចាចុងក្រោយសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ ខណៈតួលេខនៃការស្នើដំឡើងនៅឆ្ងាយពីគ្នានៅឡើយរវាងភាគីនិយោជក និងភាគីកម្មករ។
នៅក្នុងការចរចាត្រីភាគីសប្ដាហ៍មុន ភាគីនិយោជកស្នើដំឡើងចំនួន ២ ដុល្លារទៅលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ឬហៅសាមញ្ញប្រាក់ខែគោល ដែលបច្ចុប្បន្នមានចំនួន២០៤ដុល្លារ។ ចំណែកភាគីតំណាងកម្មករនិយោជិតស្នើដំឡើងក្នុងតួលេខបីផ្សេងគ្នា គឺ ៦, ៧, និង ១០ដុល្លារ ដែលស្មើនឹងប្រាក់ខែ ២១០, ២១១ ឬ ២១៤ដុល្លារសម្រាប់ឆ្នាំ២០២៥។ ការស្នើដំឡើងនេះត្រូវបានបកស្រាយផ្សេងគ្នា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានថ្លែងថា TAFTAC បានតស៊ូមតិឲ្យមានការដំឡើងប្រាក់ខែគោលដោយប្រុងប្រយ័ត្ន។
លោកបានលើកឡើងហេតុផលមួយចំនួន ដូចជាប្រាក់ឈ្នួលបច្ចុប្បន្ននៅកម្ពុជា មានចំនួនច្រើនជាងនៅវៀតណាមដែលជាប្រទេសមានសេដ្ឋកិច្ចធំជាង និងអភិវឌ្ឍន៍ជាងកម្ពុជា ហើយក៏ច្រើនជាងនៅប្រទេសមីយ៉ាន់ម៉ា ឡាវ និងឥណ្ឌាផងដែរ។
លោកបន្ថែមថា ក្រៅពីនេះក៏អាចមានការប្រែប្រួលនៃការបញ្ជាទិញផលិតផលពីប្រទេសដែលកំពុងមានបញ្ហា និងផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់វិស័យផ្សេងទៀតដែលមិនទាន់ងើបឡើងវិញបានពេញលេញ ដូចជាវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។
ក្រៅពីនេះ កត្តាដែលត្រូវពិចារណាដែរនោះគឺ តុល្យភាពរវាងប្រាក់ខែថេរ និងប្រាក់ខែដែលប្រែប្រួលទៅតាមទីផ្សារ ដែលអនុញ្ញាតឲ្យមានភាពបត់បែនសម្រាប់និយោជកទៅតាមសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
លោកថ្លែងថា៖ «គ្មានប្រទេសណាមួយដែលមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងចំណូលមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ទេ។ បច្ចុប្បន្ននេះ ប្រាក់ខែអប្បបរមានៅកម្ពុជាខ្ពស់ជាងចំណូលមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ប្រមាណ ៣០ភាគរយ»។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា លោកមិនអាចបង្ហាញពីជំហរទៅលើតួលេខនៃការទាមទារណាមួយនោះទេ ប៉ុន្តែ លោកថា អ្វីដែលភាគីកម្មករនិយោជិតបានទាមទារ ធ្វើឡើងដោយវិភាគទៅលើកត្តាជាក់ស្ដែង។
លោកថា៖ «អ្វីដែលក្រុមសហជីពធ្វើ គឺយើងគិតពីប្រយោជន៍របស់បងប្អូនកម្មករ ហើយក៏គិតប្រយោជន៍រួមរបស់ភាគីនិយោជក និងការវិនិយោគផ្សេងៗ ព្រោះយើងជាប្រទេសប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត។ កាលណាបើយើងទាមទារខ្ពស់ពេកក៏ធ្វើឲ្យបាត់បង់ឱកាស និងប៉ះពាល់ដល់ការវិនិយោគផ្សេងៗ»។
លោកបន្តថា ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងនៅមីយ៉ាន់ម៉ា បង់ក្លាដែស ស្រីលង្កា ប៉ាគីស្ថាន និង ឡាវ។ ដូច្នេះហើយ ភាគីសហជីពរបស់លោកនឹងជ្រើសរើសយកតួលេខសមរម្យមួយសម្រាប់ចរចាថ្ងៃទី១៩ កញ្ញា។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះពិភពលោកកំពុងជួបវិបត្តិផ្សេង ហើយកម្ពុជាក៏រងឥទ្ធិពលពីវិបត្តិទាំងនោះដែរ។ ទោះបីជាភាគីនីមួយៗចង់ឡើងប៉ុណ្ណា ក៏ត្រូវអាស្រ័យលើកត្តាជាក់ស្ដែងផងដែរ។ ដូច្នេះការសម្រេចត្រូវមានការចរចាគ្នាដើម្បីភាគីទាំងពីរសុខចិត្តទាំងអស់គ្នា។
លោកថា ភាគីនិយោជកតែងជួបនៃការបញ្ជាទិញដែលមានចំនួនកំណត់ជាក់លាក់ ពោលគឺមិនអាចចេះតែផលិតលើតម្រូវការនោះទេ។ ចំណែកភាគីកម្មករក៏មានបញ្ហាលំបាកដូចគ្នាដែរ ដូចជាទំនិញឡើងថ្លៃ និងការជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ គួបផ្សំនឹងការវិវត្តនៃសង្គមដែលធ្វើឲ្យកម្មករនិយោជិតត្រូវរត់ឲ្យទាន់។
លោកថ្លែងថា៖ «ការដំឡើងប្រាក់ឈ្នួលនេះគឺជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់និយោជិតដើម្បីឲ្យពួកគាត់រីករាយសប្បាយចិត្ត ប៉ុន្តែ ត្រូវស្ថិតក្នុងកម្រិតមួយដែលអាស្រ័យលើស្ថានភាពបច្ចុប្បន្ន ដូចជាតម្លៃទំនិញ និងការរីកចម្រើននៃសង្គមបច្ចុប្បន្ន»។
លោកបន្តថា៖ «ចំណុចមួយទៀតដែលខ្ញុំគិតថា ប្រាក់ឈ្នួលគួរតែត្រូវបានដំឡើងគឺដើម្បីឆ្លើយតបនឹងប្រទេសដែលបញ្ជាទិញផងដែរ ដូចសហរដ្ឋអាមេរិក ប្រទេសនៅសហភាពអឺរ៉ុប។ ពួកគាត់នឹងសប្បាយចិត្តនៅពេលឃើញរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ទៅលើសុខមាលភាព និងការចិញ្ចឹមជីវិតរបស់កម្មករនិយោជិតកាន់តែខ្លាំង។ បើគេរីករាយពេញចិត្ត គេអាចបន្ថែមការបញ្ជាទិញ។ ទោះបីយើងជួបស្ថានភាពលំបាកខ្លះ ការដំឡើងប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភដល់កម្មករធ្វើឲ្យអ្នកបញ្ជាទិញមើលឃើញពីចំណុចល្អដែរ»។
ពីសំណាក់រាជរដ្ឋាភិបាល លោកកត់សម្គាល់ឃើញមានការជួយឧបត្ថម្ភសង្គមកិច្ចមួយចំនួនពីសំណាក់រដ្ឋាភិបាល ដូចជាការឧបត្ថម្ភសម្រាប់កម្មការិនីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការបន្ថែម ២ដុល្លារទៅលើប្រាក់ដែលចរចាត្រូវគ្នាជាមួយនិយោជក។
យ៉ាងណាក៏ដោយ លោកក៏ស្នើឲ្យភាគីកម្មករកុំស្នើដំឡើងដល់កម្រិតមួយដែលនិយោជកមិនអាចរត់រួច ព្រោះវាអាចឈានទៅដល់ការក្ស័យធននៃរោងចក្រ ដែលខាតទាំងសងខាង៕