កំពង់ធំ៖ ឈើ​ឃ្លុំ​ប្រភេទ​លេខ​១​ជាង​១០០​កំណាត់ និង​ឈើ​ក្តារ​រាប់រយ​បន្ទះ​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ និង រឹបអូស​នៅ​ទីតាំង ៤​ផ្សេង​គ្នា​ក្នុង​ស្រុក​បារាយណ៍ ដោយ​កម្លាំង​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត​កំពង់ធំ​ក្នុង​រយៈពេល​២​ថ្ងៃ។ នេះ​បើ​យោង​​តាម​លោក តាន់ គឹមសួរ សមាគម​យុវជន​ស្រឡាញ់​ធម្មជាតិ។

លោក គឹមសួរ បាន​អះអាង​ថា ក្រោយ​ពី​ទទួល​បាន​តម្រុយ​ពី​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នេះ​រួច​មក​ លោក​និង​ក្រុម​ការងារ​បាន​ចំណាយ​ពេល​អស់​ជិត ១ខែ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

បន្ទាប់ពី​រក​ឃើញ​វត្ថុតាង​ច្បាស់លាស់​អស់​ហើយ ពួក​លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ កម្លាំង​ចម្រុះ​ដែល​រួម​មាន​លោក អ៊ិត ភូម្រា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់ជាតិ និង​កម្លាំង​ពី​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ចុះ​បង្រ្កាប​បទល្មើស​នេះ​កាល​ពី​ថ្ងៃទី​១៥ និង​១៦​ ខែ​កញ្ញា​នេះ នៅ​ទីតាំង ៤​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​ចុងដូង និង ឃុំ​បល្ល័ង្គ ក្នុង​ស្រុក​បារាយណ៍។

ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​​ឃាត់​ខ្លួន​យក​ទៅ​ធ្វើការ​សួរ​នាំ ហើយ​រថយន្ត​ដឹក​ឈើ​ធុន​ធ្ងន់​ប្រភេទ​កង់ ១០​យ៉ាង​ហោច​ណាស់ ២​គ្រឿង​ត្រូវ​បាន​រក​ឃើញ​ផងដែរ។

លោក​បញ្ជាក់​ថា៖ «នៅពេល​ដែល​យើង​ក្តោប​បាន​ទីតាំង​ទម្លាក់​ឈើ និង​កន្លែង​ទុក​ឡាន​ដឹក​ឈើ​ហើយ ទើប​យើង​ស្នើសុំ​កម្លាំង​ថ្នាក់ជាតិ​ចុះ​ទៅ​បង្រ្កាប​ដោយ​សម្ងាត់ ព្រោះ​យើង​ខ្លាច​បែកការណ៍។ យើង​រក​ឃើញ​ថា ឈើ​ទាំង​អស់​ហ្នឹង គឺ​សុទ្ធតែ​ឈើ​ខុសច្បាប់​ទាំងអស់ ដែល​កាប់​ចេញ​ពី​តំបន់​ព្រៃឡង់​ក្នុង​ស្រុក​សណ្តាន់ ហើយ​ដឹក​ទៅ​ទុក​នៅ​ស្រុក​បារាយណ៍​ខ្លះ និង​ឈើ​ឃ្លុំ​ខ្លះ​ទៀត​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស»។

កម្លាំង​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត​កំពង់ធំចុះ​បង្រ្កាប​បទល្មើស​នេះ​កាល​ពី​ថ្ងៃទី​១៥ និង​១៦​ ខែ​កញ្ញា​នេះ នៅ​ទីតាំង ៤​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​ចុងដូង និង ឃុំ​បល្ល័ង្គ ក្នុង​ស្រុក​បារាយណ៍។ រូបថត Tan Kimsour

លោក​បន្ត​ថា ក្រុម​យុវជន​លោក​ក៏​បាន​រកឃើញ​ឈើ​ក្តារ​ចម្រុះ​ប្រមាណ​ជា​២០ ទៅ ៣០​ម៉ែត្រ​គុប​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ហើយ​កំពុង​តែ​សុំ​ឱ្យ​កម្លាំង​ចុះ​ទៅ​បង្រ្កាប​ផងដែរ។ ឈើ​ទាំង​នោះ​ក៏​ត្រូវ​បាន​កាប់ និង​ដឹក​ចេញ​ពី​ព្រៃឡង់​ផងដែរ។

ក្នុង​អំឡុង​ពេល​ចុះ​ស៊ើប​អង្កេត​នោះ លោក​បាន​សង្កេត​ឃើញ​ថា​ នៅតាម​ផ្លូវ​ដែល​គេ​ដឹក​ឈើ​នោះ​មាន​ប៉ុស្តិ៍​យាម​ របស់​មន្រ្តី​រដ្ឋបាល​ព្រៃឈើ បរិស្ថាន ប៉ូលិស និង អាវុធហត្ថ​ជាច្រើន​កន្លែង។ ប៉ុន្តែ «មិន​ដឹង​ឈ្មួញ​ទាំង​អស់​ហ្នឹង​មាន​យុទ្ធសីល​យ៉ាង​ណា ទើប​អាច​ចរាចរណ៍​ឈើ​ទាំងអស់​ហ្នឹង​បាន​ដោយ​រលូន​ដោយ​សុវត្ថិភាព»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ឈ្មួញ​ធ្វើ​យ៉ាងណា​ដឹក​ជញ្ជូន​ឈើ​ទាំង​ឡានធំៗ​ មាន​ទាំង​ឡាន​កង់ ១០ ​បែប​នេះ​បាន​បី​បួន​គ្រឿង មាន​ទាំង​ឡាន​វេអង​ផង។ ប្រសិន​បើ​មន្រ្តីថ្នាក់​មូលដ្ឋាន​មាន​ឆន្ទៈ​ក្នុង​ការ​បង្រ្កាប ប្រហែល​ជា​មិនមាន​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​បែបនេះ​កើត​ឡើង​ទេ។ គាត់​មើល​មិន​ឃើញ ឬ​ធ្វើ​ជា​មើល​មិន​ឃើញ​តែម្តង​»។ 

ឈើ​រាប់រយ​កំណាត់ ដែល​កាប់​ពី​តំបន់​ព្រៃឡង់​ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស​ក្នុង​ស្រុក​បារាយណ៍ ដោយ​កម្លាំង​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត​កំពង់ធំ​ កាលពីម្សិលមិញ។ រូបថត Tan Kimsour

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​អះអាង​ថា លោក​ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ រីឯ​លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ ដែល​គ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា មន្រ្តី​ជំនាញ​កំពុង​តែ​បន្ត​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​ករណី​នេះ។ 

មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បារាយណ៍ លោក ឃុន ប៊ុនហួរ​ ដែល​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​បង្រ្កាប​បទល្មើស​នេះ និង​លោក ឃុន ប៊ុនហូ មេ​បញ្ជាការ​រង និង​ជា​នាយ​សេនាធិការ​កង​រាជអាវុធហត្ថ​ខេត្ត​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ផងដែរ​កាល​ពី​ថ្ងៃ​ពុធ ទី១៨ ខែកញ្ញានេះ៕ 

ឈើ​ក្តារ​រាប់រយ​បន្ទះ​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ។ រូបថត Tan Kimsour