ភ្នំពេញៈ ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​ដែល​កម្ពុជា កំពុង​តែ​​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិសម្ពាធ ដែល​អាច​មាន​ភ្លៀង ផ្គរ រន្ទះ ច្រើន​លើស​ពី​ធម្មតា​ចាប់​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែ​កញ្ញា​នេះ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិសម្ពាធ​ (Tropical Depression) ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​កណ្តាល ប្រទេស​វៀតណាម និង​ភាគ​កណ្តាល​នៃ​អាង​ទន្លេ​មេគង្គ។ ប្រព័ន្ធ​វិសម្ពាធ​នេះ និង​របប​ខ្យល់​មូសុង​និរតី​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា។

លក្ខខណ្ឌ​បែប​នេះ​នឹង​បណ្តាល​ឱ្យ តំបន់​វាលទំនាប ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​ជាមួយ​នឹង​ភ្លៀង ផ្គរ រន្ទះ ច្រើន​លើស​ពី​កម្រិត​ធម្មតា និង​មាន​ខ្យល់​បក់​មក​ពី​ទិស​និរតី និង​ខ្យល់​ខ្លាំង (ឬ​ខ្យល់​កន្ត្រាក់) បក់​ក្នុង​កម្រិត​ល្បឿន​មធ្យម។ ក្នុង​នោះ​រួម​មាន​ខេត្ត ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និង​រាជ​ធានីភ្នំពេញ។

រីឯ​នៅ​តំបន់​ខ្ពង់រាប​វិញ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ជាមួយ​នឹង​ភ្លៀង ផ្គរ រន្ទះ ច្រើន​លើស​ពី​កម្រិត​ធម្មតា និង​មាន​ខ្យល់​​បក់​មក​ពី​ទិស​និរតី និង​ខ្យល់​ខ្លាំង (ឬ​ខ្យល់​កន្ត្រាក់) បត់​ក្នុង​កម្រិត​ល្បឿន​បង្គួរ ក្នុង​ខេត្ត​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និង​តំបន់​ជួរ​ភ្នំក្រវាញ។

ចំពោះ​តំបន់​មាត់​សមុទ្រ​វិញ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ជាមួយ​នឹង​ភ្លៀង ផ្គរ រន្ទះ ច្រើន​ខ្លាំង​លើស​ពី​កម្រិត​ធម្មតា​ផងដែរ និង​មាន​ខ្យល់​បក់​មក​ពី​ទិស​និរតី និង​ខ្យល់​ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់​ក្នុង​កម្រិត​ល្បឿន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់ ក្នុង​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។

ក្រសួង​ធនធាន​ទឹក​បាន​អំពាវនាវ​ដល់​សាធារណជន​ ប្រជានេសាទ និង​អាជ្ញាធរ​ដែនដី «មេត្តា​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ស្ថានភាព​ធាតុ​អាកាស​ដែល​មាន​ភ្លៀង ផ្គរ រន្ទះ ជាមួយ​នឹង​ខ្យល់​កន្ត្រាក់ ដែល​អាច​ជា​កត្តា​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង និង​រលក​សមុទ្រ​ខ្ពស់ៗ»។

ក្រុម​ការងារ​ក្រមហ៊ុន​ផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ បាន​កៀរ​ភក់ និង​លាង​សម្អាត​ផ្លូវ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ប្រក្រតីឡើង​វិញ។ រូបថត ក្រសួងព័ត៌មាន

ជំនន់​ទឹក​ភ្លៀង​នេះ​ផងដែរ បាន​បង្ក​ឱ្យ​កំណត់​ផ្លូវ​ល្បឿនលឿន​ត្រង់​គីឡូម៉ែត្រ​លេខ​១៦៩​ពីក្រុង​ព្រះសីហនុ​ទៅ​ភ្នំពេញ​ត្រូវ​បាន​ជន់​លិច​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ទី១៨ ខែ​កញ្ញានេះ។ ទោះយ៉ាងណា​ ទីតាំង​នេះ​នៅ​បើក​ដំណើរការ​ជា​ធម្មតា។​ ប៉ុន្តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ទឹកជំនន់​លើ​ផ្លូវ​នេះ​បាន​ស្រក​ទៅវិញ។

យោង​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​ខ្យល់​លាយឡំ និង​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​តាំង​ពី​ម៉ោង​១​យប់​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃទី​១៧ ខែ​កញ្ញា​នេះ​បាន​ធ្វើឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិចផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ១​ចំនួន ២៧​គ្រួសារ និង​ភូមិ២ ចំនួន ២៤គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។

មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ដែល​ធ្វេីឱ្យ​ជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់​នៅ​តាម​បណ្ដោយ​ប្រឡាយ​ត្រង់​ចំណុច​ស្ពាន​ភូមិ​បន្ទាយប្រិយ៍ (ព្រំប្រទល់​ឃុំ​អណ្ដូងថ្ម និងឃុំសំរុង) និង​បណ្ដា​ឃុំ​មួយ​ចំនួនទៀត​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ រូបថត រដ្ឋបាល​ខេត្តព្រះ​សីហនុ

ក្រៅពីនោះ នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា​នេះ លោក ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ក៏​បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​ផងដែរ​នៅ​តាម​បណ្ដោយ​ប្រឡាយ​ត្រង់​ចំណុច​ស្ពាន​ភូមិ​បន្ទាយប្រិយ៍ (ព្រំប្រទល់​ឃុំ​អណ្ដូងថ្ម និង​ឃុំសំរុង) និង​បណ្ដា​ឃុំ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ស្រុកព្រៃនប់។ ជំនន់​នេះ​ក៏​បាន​បង្ក​ឱ្យ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ជន​លិច​ផងដែរ។

លោក​អភិបាល​ខេត្ត បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ស្ថានភាព​​អាកាសធាតុ​ជាប់​ជា​ប្រចាំ ពិសេស​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ មាន​ដូចជា ចាស់ជរា និង​កុមារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ឱ្យ​បាន​ទាន់​ពេលវេលា៕