ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានកើតឡើងយ៉ាងហោចណាស់ ៥៩១ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ ១៧៣នាក់នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៤នេះ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងចំណោមគ្រោះថ្នាក់ទាំង ៥៩១ករណីនោះ មាន ៦០ភាគរយកើតឡើងដោយសារតែការបើកបរល្មើសល្បឿន និង ៤០ភាគរយទៀត បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់ចរាចរណ៍។
តួលេខនេះត្រូវបានបង្ហាញក្នុងពេលដែលលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជួបសំណេះសំណាលជាមួយនឹងអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញនិងអាហារនាថ្ងៃពុធ ទី១៨ ខែកញ្ញានេះ។
លោកនាយឧត្តមសេនីយ៍មានប្រសាសន៍ក្នុងឱកាសនោះថា កន្លងមក អ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារមួយចំនួន តែងតែបើកបរក្នុងល្បឿនលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ។
លោកបញ្ជាក់ថា៖ «កត្តាទាំងនេះបានជះនូវឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណៈ ជាពិសេសទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និងតាមបណ្តាញសង្គមជាដើម»។
លោកនាយឧត្តមសេនីយ៍បានណែនាំឱ្យអ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារទាំងនោះគោរពច្បាប់ចរាចរណ៍និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសំខាន់ និងជាអាទិភាព ដោយកុំគិតតែការចង់បំពេញឱ្យទាន់ចិត្តរបស់អតិថិជនហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែកញ្ញានេះ មានយានយន្តចូលគោលដៅត្រួតពិនិត្យចំនួន ៧ ៧០៣គ្រឿងនៅទូទាំងប្រទេស។ ក្នុងនោះរួមមាន រថយន្តធុនធំ ១៤១គ្រឿង រថយន្តធុនតូច ២ ៨១៨គ្រឿង និង ម៉ូតូ ៤ ៧៤៤គ្រឿង។
កម្លាំងនគរបាលបានរកឃើញ យានយន្តល្មើសច្បាប់ចំនួន ៥ ៣៥២គ្រឿងក្នុងចំណោមយានយន្តទាំងនោះ ហើយត្រូវបានត្រូវបានផាកពិន័យ។ ក្នុងនោះមានរថយន្តធុនធំ ៧១គ្រឿង រថយន្តធុនតូច ១ ៧៤៣គ្រឿង និងម៉ូតូ ៣ ៥៣៨គ្រឿងផងដែរ។
លោកនាយឧត្តមសេនីយ៍បានលើកឡើងផងដែរថា បើមនុស្សគ្រប់ៗរូបដែលប្រើប្រាស់ផ្លូវមិនគោរពច្បាប់ ហើយខ្លាចតែនគរបាល នោះវាច្បាស់ណាស់ថា វានឹងធ្វើឱ្យច្បាប់ គោលការណ៍ ឬការអនុវត្តយន្តការផ្សេងៗមិនទទួលបានជោគជ័យនោះទេ។
លោកបានលើកជាឧទាហរណ៍ថា បើទោះបីជាការមិនពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យរហូតដល់ទៅ ១លានរៀលក៏ដោយ ក៏ការអនុវត្តច្បាប់នេះនៅតែមិនជោគជ័យនោះដែរ។ ប៉ុន្តែ«វាបែរជាទៅធ្វើបាបប្រជាពលរដ្ឋទៅវិញទេ»។
លោកថ្លែងដូច្នេះថា៖ «នេះមិនមែនជាចំណុចមួយសម្រាប់កែឱ្យមនុស្សទាំងអស់គោរពច្បាប់ទេ សំខាន់គឺការអប់រំឱ្យយល់ដឹងទាំងអស់គ្នា ដែលយើងត្រូវអប់រំតាមគ្រប់រូបភាព និងទីកន្លែង បន្តិចម្តងៗឱ្យគាត់យល់។ យូរៗទៅ នៅភ្លើងស្តុបសឹងតែមិនមាននគរបាលឈ ក៏យើងគោរពបានដែរ»។
លោកនាយឧត្តមសេនីយ៍បានជំរុញឱ្យអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឱ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះដែលជាអំពើខុសច្បាប់។
លោកអគ្គស្នងការនគរបាលជាតិក៏បានជំរុញនិងលើកទឹកចិត្តទៅដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់ត្រូវរាយការណ៍មកខាងសមត្ថកិច្ចនៅក្នុងករណីដែលសង្ស័យថាមានការដាក់បញ្ញើខុសច្បាប់ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងស្វែងរកនៅមុខសញ្ញាមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
អ្នកគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនទំនិញម្នាក់បានឱ្យដឹងថា លោកតែងតែធ្វើការណែនាំដល់បុគ្គលជាអ្នកដឹកជញ្ជូនទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមានក្រមសីលធម៌ក្នុងការបើកបរតាមដងផ្លូវសាធារណៈ ព្រោះថា បើក្នុងករណីដែលអ្នកដឹកជញ្ជូនបង្កបញ្ហា ក៏វាប៉ះពាល់ដល់ក្រុមហ៊ុន និងអតិថិជនផងដែរ។
លោកក៏បានអះអាងផងដែរថា ក្រុមហ៊ុនលោកក៏មិនដែលជួបប្រទះបញ្ហារឿងទំនិញខុសច្បាប់នោះទេ ព្រោះអតិថិជនទាំងអស់របស់ក្រុមហ៊ុនសុទ្ធតែមានប្រភពច្បាស់លាស់៕