ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានទៅទស្សនាកប៉ាល់បារាំង Plastic Odyssey ដែលធ្វើដំណើរជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក ខណៈដែលកប៉ាល់នេះកំពុងតែចូលចតនៅកំពង់ផែភ្នំពេញក្នុងរយៈពេលជិត ២សប្តាហ៍។
ការទៅទស្សនានេះធ្វើឡើងកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះ ដែលលោករដ្ឋមន្រ្តី អ៊ាង សុផល្លែតបានជួបសំណេះសំណាលជាមួយក្រុមនាវិក ដោយមានការចូលរួមផងដែរពីលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «កប៉ាល់ Plastic Odyssey បានចូលរួមផ្សព្វផ្សាយពីបញ្ហាប្លាស្ទិកដល់ប្រជាពលរដ្ឋ នៅលើពិភពលោកថា បញ្ហាប្លាស្ទិកបង្កគ្រោះថ្នាក់ដល់សុខភាពដល់អាយុជីវិត ដល់បរិស្ថានទាំងមូលតែម្តង»។
យោងតាមវិទ្យាស្ថានបារាំង Institut français du Cambodge (IFC) បានឱ្យដឹងថា កប៉ាល់នេះចូលចតនៅកម្ពុជាចាប់ពីថ្ងៃទី១១ និងរហូតដល់ថ្ងៃទី២៣ ខែកញ្ញានេះ។ Plastic Odyssey គឺជាកប៉ាល់បេសកកម្មដែលធ្វើដំណើរជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក។ នៅលើកប៉ាល់ គឺជាឧបករណ៍ សម្ភារៈ និងគំនិតថ្មីៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ និងពឹងផ្អែកលើប្លាស្ទិក។ កប៉ាល់នេះបាននឹងកំពុងតែ ធ្វើដំណើរបេសកកម្ម នៅជុំវិញពិភពលោកអស់រយៈពេល ២ឆ្នាំមកហើយ។
កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា នៅវិទ្យាស្ថានបារាំង មានរៀបចំកម្មវិធីមួយ ដើម្បីទស្សនាពិពណ៌ និងភាពយន្តឯកសារនៃការផ្សងព្រេងដ៏អស្ចារ្យមួយនេះ ដែលមានការជួបជាមួយសមាជិកនាវិកកប៉ាល់នេះផងដែរ។
ការចូលចតកប៉ាល់ Plastic Odyssey នៅកម្ពុជា ក្នុងការធ្វើដំណើរជុំវិញពិភពលោកពីប្រទេសបារាំង ឆ្លងកាត់ទៅអឺរ៉ុប អាហ្រ្វិកនិងអាស៊ី ពីប្រទេសជប៉ុនមកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ បានចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក តាមរយៈការធ្វើការកែច្នៃប្លាស្ទិកធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ជាជាងយកទៅបោះចោល។
លោករដ្ឋមន្រ្តីបានលើកឡើងក្នុងឱកាសនោះថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាពប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អផងដែរ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ក្រុមការងារកប៉ាល់ទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក ដែលស្របនឹងភាពស្អាត ដែលជាសសរស្តម្ភទី១ ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលក្នុងនោះយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពីសិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋជាង ៩,៥លាននាក់នៅទូទាំងប្រទេសរហូតដល់ពេលនេះ។
ក្រោយមកទៀត យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស និងពលរដ្ឋចេញ រើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី ក្នុង១ថ្ងៃ ក្នុង១សប្តាហ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ក្រសួងបានអះអាងថា យុទ្ធនាការបាននិងកំពុងមានការចូលរួមពីប្រជាពលរដ្ឋជាង ២,៥លាននាក់។
ក្រសួងបរិស្ថាននឹងបន្តយុទ្ធនាការជំហានទី៣ គឺការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ នេះបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្ត និងការកែប្រែឱ្យទៅជាទម្លាប់ ដើម្បីឱ្យកម្ពុជាចូលរួមទប់ស្កាត់ការប្រើប្រាស់ និង បោះចោលថង់ប្លាស្ទិក ទទួលបានជោគជ័យ៕