ភ្នំពេញៈ ឧបករណ៍​ស្វ័យត្រួត​ពិនិត្យ​តាម​ដាន​ការ​បញ្ចេញ​សំណល់​រាវ និង ការ​បង្ហូរ​ទឹក​កខ្វក់​ចេញ​ពី​រោងចក្រ​កំពុង​តែ​ត្រូវ​បាន​បំពាក់​ទៅ​តាម​ការ​ស្នើសុំ​របស់​រោងចក្រ​សហគ្រាស​ចំនួន១១១ ដែល​នេះ​ជា​ការ​ធ្វើ​ទំនើបកម្ម នៃ​ការ​តាម​ដាន​ត្រួត​ពិនិត្យ ការ​បំពុល​បរិស្ថាន​ពី​ចម្ងាយ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក ខ្វៃ អាទិត្យា។

ការ​បំពាក់​ឧបករណ៍​នេះ​គឺ ដើម្បី​បញ្ចៀស​ការ​លេច​ជ្រាប​ឬ​ការ​លួច​បង្ហូរ​សំណល់​រាវ ដែល​មាន​សារធាតុ​ពុល​ចេញ​ពី​រោងចក្រ​សហគ្រាស ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ធម្មជាតិ។ ក្រសួង​បរិស្ថាន​កំពុង​តែ​ជំរុញ​ឱ្យ​គ្រប់​រោងចក្រ​សហគ្រាស​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ត្រូវ​បំពាក់​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​នេះ ទៅ​តាម​ក្រម​បរិស្ថាន និង​លិខិត​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នានា ដែល​បាន​ដាក់​ចេញ​កន្លង​មក។ ចំពោះ​រោងចក្រ​ដែល​មិន​ព្រម​បំពាក់​ឧបករណ៍​នេះ​នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់។

លោក ខ្វៃ អាទិត្យា មាន​ប្រសាសន៍​ថា៖ «កន្លង​មក​នេះ រោងចក្រ​ចំនួន ១១១ បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​នេះ។ ជា​បណ្តើរៗ យើង​បាន​ដាក់​[បំពាក់]​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​មូល​នៅ​ខេត្ត​ស្វាយរៀង ​ហើយ​នឹង​នៅ​ រោងចក្រ​ផលិត​សំបក​ថ្នាំ​ខេត្ត​បាត់ដំបង គឺ​បាន​ដាក់​រួច​រាល់​ហើយ»។

ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​នេះ គឺជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​ជួយ​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រសួង​ក្នុង​ការ​តាមដាន និង​ការ​ត្រួត​ពិនិត្យ​ទប់ស្កាត់​និង​ចាត់​វិធាន​ការ​បាន​ទាន់​ពេល​វេលា​ នៅ​ពេល​មាន​ករណី​លេច​ជ្រាប ឬ​ការ​លួច​បង្ហូរ​ទឹក​កខ្វក់ ឬ​ក៏​សារធាតុរាវ​ពុល ចេញ​ពី​រោងចក្រ​ណា​មួយៗ ដែល​បាន​បំពាក់​នូវ​ឧបករណ៍​នេះ​រួច​ហើយ។

ក្រោយ​ពី​បំពាក់រួច វាមិន​ចាំ​បាច់​មាន​មន្រ្តី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នោះ​ទេ ដោយសារ​តែ​រាល់​ទិន្នន័យ​ទាំង​អស់ នឹង​ត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​កាន់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ក្រសួង។ ទិន្នន័យ​ទាំង​នោះ ទោះ​ក្នុង​ករណី​អសកម្ម​ពី​បច្ចេក​ទេស​ណា​មួយ ក៏​ឧបករណ៍​នេះ​បញ្ជូន​និង​ផ្តល់​សញ្ញា​ទៅ​ក្រសួង​ភ្លាមៗ​ដែរ។

ក្រោយ​ពេល​ដែល​បណ្តា​រោងចក្រ​នានា ត្រូវ​បាន​កំណត់​និង​បំពាក់​នូវ​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ​រួចរាល់​ហើយ​នោះ នៅ​គ្រប់​រោងចក្រ​ទាំងអស់​នោះ មិន​អាច​លួច​បង្ហូរ​សារធាតុ​ពុល​ឬ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​ស្ទឹង​ទន្លេ​បាន​ទៀត​នោះ​ទេ។

លោក ខ្វៃ អាទិត្យា បន្ថែម​ថា នៅ​សប្តាហ៍​ក្រោយៗ​ទៀត ក្រុម​ការងារ​នឹង​បន្ត​បំពាក់​នៅ​រោងចក្រ​ផ្សេងៗ​បន្ត​ទៀត​ ដែល​នេះ ជា​ចំណុច​មួយ​ដែល​រោងចក្រ​សហគ្រាស​បាន​ចូលរួម​សហការ​ជាមួយ​និង​ក្រសួង។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា ឧបករណ៍​នេះ​មិន​ត្រឹម​តែ​រួម​ចំណែក​ផ្តល់​ផល​ប្រយោជន៍​ប៉ុណ្ណោះទេ ប៉ុន្តែ​រឿង​សំខាន់ វា​ថែម​ទាំង​លើក​កម្ពស់​សុខមាលភាព​ពលរដ្ឋ​ផងដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ឧបករណ៍​នេះ​មិន​ថ្លៃ​ទេ តែ​បើ​សិន​ជា រោងចក្រ សហគ្រាស​បំពុល​វិញ វា​អស់​ថ្លៃ​ជាង​ឧបករណ៍ ហ្នឹង​ទៀត ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​សារធារណៈ ជាពិសេស ពលរដ្ឋ​រស់​នៅ​ក្បែរ​រោងចក្រ​សហគ្រាស​ទាំង​អស់​នោះ។ មួយ​ទៀត គឺ​បងប្អូន​កម្មករ​ហ្នឹង​តែ​ម្តង ដែល​គាត់​បំពេញ​ការងារ»។

លោក​បន្ត​ដូច្នេះ​ថា៖«អញ្ជឹង​បើ​សិន​ជា យើង​ធានា​បាន​សុខភាព​កម្មករ​ល្អ ហើយ​សុខភាព​បរិស្ថាន​ល្អ ហ្នឹង​យើង​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​វិនិយោគ​ក៏​ល្អ​ដែរ។ យើង​ឈ្នះ​ទាំង ៣​ផ្នែក​ហ្នឹង​តែម្តង។ អញ្ជឹង​យើង​ឆ្ពោះ​ទៅ​កម្ពុជា​យើង​ស្អាត កម្ពុជា​យើង​មាន​អនាម័យ និង​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ថ្ងៃ​អនាគត»។

​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នៃ​ការបញ្ចេញ​ឬ​បង្ហូរ​សំណល់​រាវ​របស់​រោងចក្រ​ក្នុង​ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) នៅ​ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល របស់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣១ សីហា។ ក្រសួង បរិស្ថាន

ទោះយ៉ាងណា លោក អាទិត្យា មិន​បាន​បញ្ជាក់​ប្រាប់​ពី​ចំនួន​រោងចក្រ​សហគ្រាស ឬ ក្រុមហ៊ុន​ដែល​ក្រសួង​បាន​ចុះ​ពិនិត្យ ឬ​ពី​តម្លៃ​ឧបករណ៍​នេះ​នោះទេ។ 

ការ​ធ្វើ​ទំនើបកម្ម​នៃ​ការ​តាមដាន​និង​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​ពី​ចម្ងាយ​ទៅ​លើ​ទីតាំង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​សំណល់ (រាវ និងផ្សែង) ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​បរិស្ថាន​នេះគឺ​សំដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ លើស​ពី​នោះ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​មន្រ្តី​ជំនាញ ដែល​អាច​បង្កការ​រំខាន​ដល់​វិនិយោគគិន។ ការ​តម្រូវ​ឱ្យ​បំពាក់​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​នៅ​ត្រង់​ចំណុច​បញ្ចេញ​សំណល់ នៅ​តាម​ប្រភព​បំពុល​ទាំង​អស់ គឺ​ដើម្បី​ធ្វើ​ការ​វាស់​ស្ទង់​បរិមាណ និង កម្រិត​សារធាតុ​បំពុល​បញ្ចេញ និង បញ្ជូន​ទិន្នន័យ​មក​ក្រសួង​បរិស្ថាន​តាម​ប្រព័ន្ធ​អនឡាញ (Online) ដោយ​ស្វ័យប្រវត្តិ។ 

លោក អាទិត្យា បាន​ឱ្យ​ដឹង​ថា អត្ថប្រយោជន៍​សំខាន់ៗ នៃ​ការ​ធ្វើ​ទំនើបកម្ម​នេះ​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ប្រព្រឹត្តកម្ម​សំណល់​រាវ និង​ការ​សម្អាត​សារធាតុ​បំពុល​ខ្យល់ ដែល​បញ្ចេញ​ចូល​ទៅ​ក្នុង​បរិស្ថាន លុប​បំបាត់​ការ​លួច​បញ្ចេញ​សំណល់​រាវ និង​កាត់​បន្ថយ​នៃ​ការ​បញ្ចេញ​សារធាតុ​បំពុល លើស​កម្រិត​កំណត់​ស្តង់ដារ​ក្នុង​អំឡុងពេល​មិន​មាន​ការ​ចុះ​ត្រួត​ពិនិត្យ។

លើសពីនោះ វា​កំណត់​បាន​ទិន្នន័យ​បរិមាណ (Quantity) និង​កម្រិត​សារធាតុ​បំពុល (Pollution Levels) ជាក់លាក់ និង​គ្រប់​ពេល​វេលា​នៃ​ការ​បញ្ចេញ​ពី​ប្រភព​បំពុល​និង​​ចាត់វិធានការ​ទប់ស្កាត់​ការ​បំពុល​បរិស្ថាន​បាន​ទាន់​ពេលវេលា ដែល​រយៈកាល​កន្លងមក ករណី​ការ​បំពុល​បរិស្ថាន​ភាគច្រើន​ទទួល​បាន​តាម​រយៈសារព័ត៌មាន ឬ​បណ្តាញ​សង្គម​ចុះ​ផ្សាយ និង​បណ្តឹង​តវ៉ា​ពី​ប្រជាពលរដ្ឋ។ 

មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ក៏​កំពុង​តែ​ចុះ​ជំរុញ​ការ​ប្រើប្រាស់​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​នេះ​នៅ​តាម​រោងចក្រ​ផងដែរ ជាពិសេស គឺ​រោងចក្រ​ធំៗ ដែល​បញ្ចេញ​កាក​សំណល់​រាវ​ក្នុង​កម្រិត​ច្រើន។

ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ លោក គាត រង្សី បញ្ជាក់​ថា៖ «នេះ​ជា​ច្បាប់ ក៏​ដូចជា ប្រកាស​របស់​ក្រសួង​ដែល​តម្រូវ​ឱ្យ​អនុវត្ត​តែ​ម្តង មិនមែន​គ្រាន់​តែ​ចុះ​បញ្ជាក់​ប្រាប់​ទេ ព្រោះ​យើង​បាន​ប្រាប់​អស់​រយៈពេល​បួនប្រាំ​ឆ្នាំ​មក​ហើយ។ ដើម្បី​រក្សា​សុវត្ថិភាព និង​គុណភាព​ទឹកឱ្យ​ល្អ​ប្រសើរ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ពលរដ្ឋ យើង​ត្រូវ​តែ​ជំរុញ​បំពាក់​ឱ្យ​ទាល់​តែ​បាន»។

រោងចក្រ​ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ក្នុង​ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ពិន័យ ដោយសារ​តែ​ការ​បញ្ចេញ​កាកសំណល់​រាវ​នា​ពេល​កន្លង​មក​នោះ ក៏​ត្រូវ​បាន​បំពាក់​ឧបករណ៍​នេះ​រួចរាល់​ហើយ​ផងដែរ។

ការ​បំពាក់​នូវ​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ ដែល​បាន​ភ្ជាប់​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នៃ​ការ​បញ្ចេញ​សំណល់​រាវ នៅ​ក្នុង​រោងចក្រ​ផលិត​សំបក​ថ្នាំ​ពេទ្យ​នេះ គឺជា​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​សង្ស័យ​លើ​ការ​លេច​ធ្លាយ​ឬ​ការ​លួច​បង្ហូរ​ទឹក​កខ្វក់ ដែល​មាន​សារធាតុពុល​ចូល​ទៅ​ក្នុង​ស្ទឹងសង្កែ​ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​មួយ​ភ្ជាប់​ជាមួយ​បឹង​ទន្លេសាប។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន នា​ថ្ងៃទី​៣១ ខែសីហា៕