មនុស្ស​ជាង ៧០០​នាក់​ហើយ បាន​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ដំណើរ​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ ទៅ​កាន់​ព្រំដែន​ក្នុង​ខេត្ត​ភាគ​ឦសាន ​(ខេត្ត​ស្ថិត​ក្នុង​គម្រោង​ CLV-DTA) និង​ខេត្ត​ត្បូង​ឃ្មុំ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ប្រកាស​ទទួល​ចុះ​ឈ្មោះ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែសីហា​កន្លង​ទៅ។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន។

កាលពី​ល្ងាច​ថ្ងៃទី៣០ ខែ​សីហា ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ពី​ការ​ចុះ​ឈ្មោះ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា ដោយ​គោលការណ៍​មក​មុន​បាន​មុន និង​មាន​ ៣​ជម្រើស។ ជម្រើស​ទី១​គឺ​ដំណើរ​កម្សាន្ត​តែ​មួយ​ថ្ងៃ​វិល​ល្ងាច​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ ក្រចេះ និង​មណ្ឌល​គិរី។ ជម្រើស​ទី២ គឺ​ខេត្ត​ក្រចេះ​និង​មណ្ឌល​គិរី ដែល​ត្រូវ​សម្រាក​មួយ​យប់ ហើយ​ជម្រើស​ទី៣ គឺ​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី ដែល​ត្រូវ​សម្រាក​មួយ​យប់​ដែរ។

ការ​ចុះ​ឈ្មោះ​ចូលរួម​ដំណើរ​កម្សាន្ត​អាច​ធ្វើ​ឡើង​តាម​អនឡាញ ដោយ​ស្កែន​ QR​ code ហើយ​បំពេញ​ព័ត៌មាន​ដែល​តម្រូវ។

ដំណើរ​កម្សាន្ត​បែប​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​កាល​ពី​ថ្ងៃទី២២ ខែ​សីហា មុន​ពេល​លោក​ប្រកាស​បើក​ «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» ដែល​មាន​អ្នក​ចូលរួម​បរិច្ចាគ​យ៉ាង​ច្រើន។

យ៉ាង​ណា​ក៏​ដោយ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ថវិកា​សម្រាប់​ចំណាយ​លើ​ដំណើរ​កម្សាន្ត​នេះ​ គឺ​ជា​ការ​ចំណាយ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត និង​ភរិយា និង​បាន​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរសជន ដោយ​មិន​ប្រើ​ប្រាស់​ថវិកា​រដ្ឋ ឬ​ថវិកា​សាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​នោះ​ទេ។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ដំណើរ​កម្សាន្ត​នេះ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​បាន​ទៅ​ឃើញ​ជាក់​ស្ដែង​​នូវ​ស្ថានភាព​នៅ​តាម​ព្រំដែន និង​និង​ការ​រីក​ចម្រើន​នៅ​តំបន់​នោះ។ ដំណើរ​កម្សាន្ត​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​យ៉ាង​ច្បាស់​លាស់​ដោយ​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​សម្រាប់​អ្នក​ចូលរួម ដើម្បី​ឲ្យ​ពួក​គេ​បាន​រីករាយ​និង​ទទួល​បាន​ចំណេះ​ដឹង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «សន្ទុះ​នៃ​ការ​ចុះ​ឈ្មោះ​ទៅ​កម្សាន្ត​តំបន់​ភាគ​ឦសាន​នេះ​គឺ​ជា​សក្ខីភាព​យ៉ាង​សំខាន់​ដែល​នឹង​បង្ហាញ​ពី​តថភាព​ជាក់​ស្ដែង។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង យុវជន​បន្ត​គាំទ្រ​និង​តាមដាន​ព័ត៌មាន​ពិត​ជាក់​ស្ដែង»៕