រដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តសម្រាប់ការកែសម្រួល លោក ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ចទៅជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយរដ្ឋមន្ត្រីទេសចរណ៍ សុខ សូកេន ក្លាយជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
អ្នកវិភាគនិយាយថា វាលឿនពេកសម្រាប់ការវិនិច្ឆ័យថាតើលោក ហួត ហាក់ នឹងធ្វើឲ្យវិស័យទេសចរណ៍ប្រសើរឡើងឬយ៉ាងណា។
ការសម្រេចកែសម្រួលសមាសភាពរបស់រាជរដ្ឋាភិបាលត្រូវបានអនុម័តដោយរដ្ឋសភាក្នុងកិច្ចប្រជុំវិសាមញ្ញនៅព្រឹកនេះ ដោយសមាជិកសភាដែលមានវត្តមានទាំងអស់សរុប ១០៦រូប បានបោះឆ្នោតយល់ព្រមតាមជាឯកច្ឆន្ទទៅលើសំណើរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចូលរួមក្នុងកិច្ចប្រជុំសភាព្រឹកនេះបានថ្លែងនៅលើបណ្ដាញសង្គមថា៖ «សូមអបអរសាទរដល់ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម សុខ សូកេន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច»។
យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ពីមូលហេតុនៃការកែសម្រួលនេះទេ។ កាលពីកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយខ្លះបានចុះផ្សាយថាមានការបែងចែកបក្ខពួកនៅក្នុងក្រសួងទេសចរណ៍ ប៉ុន្តែ ក្រសួងសាមីបានបដិសេធការចុះផ្សាយបែបនេះ។ ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធនៅឡើយ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនេះ គឺដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋសភា។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា លោកមិនមានអ្វីភ្ញាក់ផ្អើលទេសម្រាប់ការដោះដូរនេះ ពីព្រោះក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិថ្មីតែងមានការដោះដូរ កែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍និងតម្រូវការជាក់ស្ដែងនិងដើម្បីធានាប្រសិទ្ធភាពនៃការងារ។
លោកបន្តថា យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូររដ្ឋមន្ត្រីពីក្រសួងមួយទៅក្រសួងមួយ អាចមិនមានប្រសិទ្ធភាព ប្រសិនបើគ្មានការផ្លាស់ប្ដូររបៀបនៃការធ្វើការងារ។
លោកថា៖ «កត្តាចម្បងគឺការផ្លាស់ប្ដូររបៀបធ្វើកិច្ចការងារដើម្បីទទួលបានប្រសិទ្ធផលល្អ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងនៅថ្ងៃនេះថា ការដោះដូរសមាសភាពនៃរាជរដ្ឋាភិបាលគឺជាកាតព្វកិច្ចរបស់នាយករដ្ឋមន្ត្រី ក្នុងការចាត់ចែងទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់ លោក ស៊ីណាន បញ្ហានៅក្នុងវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ននេះមិនមែនជារឿងសាមញ្ញទេ ហើយគ្រប់គ្នាត្រូវហ៊ានឆ្លុះបញ្ចាំងពីចំណុចខ្សោយរបស់ខ្លួន ហ៊ានទទួលយក ហើយរកឱកាសអភិវឌ្ឍចំណុចខ្សោយនោះឲ្យប្រសើរឡើង។
លោកថ្លែងថា៖ «បើសិនទាំងអស់គ្នាមិនទទួលយកចំណុចខ្វះខាតរបស់យើងទេ ហើយនៅតែស្រែកថាយើងខ្លាំង យើងពូកែ យើងមានអ្វីគ្រប់យ៉ាង យើងល្អជាងគេ យើងមិនបាចមើលគេ នោះយើងនឹងនៅបន្តការលំបាកដោយមិនដឹងខ្លួន ហើយកាន់តែរីងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ»។
លោកបន្តថា៖ «ខ្ញុំសូមលើកទឹកចិត្តថា មិនថារដ្ឋមន្ត្រីណា មិនថាបុគ្គលណា មានស្នាដៃឬបទពិសោធន៍យ៉ាងណាមកទេ ចាំបាច់ណាស់ត្រូវតែហ៊ានទទួលស្គាល់នូវតថភាពដែលកំពុងកើតឡើង។ នៅពេលយើងវិភាគរកចំណុចខ្លាំងនិងចំណុចខ្សោយ យើងត្រូវទុករឿងនយោបាយមួយដុំសិន កុំយកវាមកលូកលាន់។ បើរកឃើញចំណុចខ្លាំងនិងខ្សោយឃើញហើយ យើងត្រូវហ៊ានកែចំណុចខ្សោយរបស់យើងឱ្យទៅជាឱកាស»។
លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា វាលឿនពេកក្នុងការវាយតម្លៃថាតើ រដ្ឋមន្ត្រីទេសចរណ៍ថ្មី លោក ហួត ហាក់ អាចនឹងធ្វើឲ្យប្រសើរឡើងដល់វិស័យទេសចរណ៍ឬយ៉ាងណា ឬថាតើអតីតរដ្ឋមន្ត្រីទេសចរណ៍ សុខ សូកេន ធ្វើបានល្អហើយឬយ៉ាងណា ដោយសារលោកមិនមានទិន្នន័យគ្រប់គ្រាន់។
លោកនិយាយថា៖ «ជាការយល់ឃើញរបស់ខ្ញុំ ឆ្នាំដំបូងនៃរាជរដ្ឋាភិបាលថ្មី គឺជាដំណាក់កាលនៃការរៀបចំ កែលម្អ រចនាសម្ព័ន្ធផ្ទៃក្នុង។ លើសពីនេះទៀត រដ្ឋាភិបាលថ្មីនេះកើតឡើងបន្ទាប់ពីវិបត្តិកូវីដ១៩ និងកំពុងមានវិបត្តិផ្សេងៗនៅលើពិភពលោក។ បញ្ហាទាំងអស់នេះធ្វើឲ្យយើងពិបាកវាយតម្លៃថាតើរដ្ឋមន្ត្រីណាមួយធ្វើបានល្អ ឬមិនបានល្អ»។
លោកថ្លែងថា រដ្ឋាភិបាលទាំងអាណត្តិមុននិងអាណត្តិបច្ចុប្បន្នបានធ្វើរឿងវិជ្ជមានជាច្រើន ដូចជាគោលនយោបាយបើកចំហជើងមេឃ ការបង្កើនគុណភាពផលិតផលទេសចរណ៍ដែលធ្វើឡើងរួមជាមួយនឹងវិស័យឯកជន ហើយសេវាកម្មទេសចរណ៍ដែលពីមុនធ្លាប់រងការស្ដីបន្ទោសថាមិនល្អក៏ត្រូវបានធ្វើឲ្យប្រសើរឡើង។
«បើសិនដូររដ្ឋមន្ត្រីហ្នឹងតើរចនាសម្ព័ន្ធក្រសួង ដូរដែរអត់។ បើដូរទាំងរចនាសម្ព័ន្ធទៀត មិនបាច់ធ្វើអីទេ រវល់តែរឿងដូរ។ មួយទៀតយើងត្រូវមើលដែរថាតើរយៈពេលមួយឆ្នាំនេះ អ្វីជាឧបសគ្គ។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីថ្មីត្រូវប្រជុំក្នុងក្រសួងខ្លួនឯង និងប្រជុំជាមួយតួអង្គពាក់ព័ន្ធដើម្បីរកមើលថាតើហេតុអ្វីវិស័យទេសចរណ៍ហាក់ដូចជាជាប់គាំង ឬដើរយឺត ឬឧបសគ្គអ្វីដែលឈានដល់ការដោះដូររដ្ឋមន្ត្រី។ បើរកបញ្ហាមិនបានទេ យើងមិនអាចដោះស្រាយបញ្ហាបានទេ ទោះបីដូររដ្ឋមន្ត្រី១០ទៀតក៏រកដំណោះស្រាយមិនឃើញដែរ»៕