ភ្នំពេញៈ ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដោយសារពស់ចឹក ខណៈដែលកម្ពុជាកំពុងតែទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន។
ក្រសួងសុខាពិបាលបានណែនាំពលរដ្ឋថា ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬ មុនទៅធ្វើការជិតគំនរឧស និងគំនរឈើ។ ប្រសិនបើធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់។
ក្រសួងបញ្ជាក់ថា៖ «ក្នុងករណីមានសមាជិកគ្រួសារ ឬ នរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬ ខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលការពិនិត្យនិងព្យាបាល»។
ដើម្បីការពារសុខភាពក្នុងអំឡុងពេលជំនន់ទឹកភ្លៀងនេះផងដែរ ក្រសួងសុខាភិបាលក៏បានចេញវិធានការណែនាំពលរដ្ឋមិនត្រូវចូលទៅក្នុងផ្ទះ ឬ អគារទ្រុឌទ្រោម ព្រោះវាអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក។ លើសពីនោះត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។
ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និង ពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងត្រូវរៀបចំផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ និងមានអនាម័យ។ ប្រសិនបើធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពដើម្បីការពារពេលមានការលិចលង់។
ក្រសួងបានសរសេរថា៖ «ចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក និងពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក ក៏ដូចជានាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ព្រមទាំងប្រើអាវពោងសុវត្ថិភាព ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ»។
បន្ថែមពីនោះ ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាគ ជំងឺរាគមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត ត្រូវទទួលទានទឹកស្អាតដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល ៣០នាទីមុនប្រើប្រាស់)ជាដើម។
ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងបន្ថែមថា ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik)។ ព្យុះនេះមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល។ វានឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ ធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញានេះ។
ក្រសួងបញ្ជាក់ថា ឥទ្ធិពលនេះបណ្តាលឱ្យផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាបនិងតំបន់ភ្នំ។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះសីហនុ និងត្បូងឃ្មុំ។ ក្នុងនោះ ពលរដ្ឋយ៉ាងហោចណាស់ជាង ២ ៣០០គ្រួសារ និងស្រូវជាង ១ពាន់ហិកតារងផលប៉ះពាល់។
លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ ទឹកជំនន់ទន្លេមេគង្គបានប៉ះពាល់ផ្នែកខ្លះនៃស្រុក ត្បូងឃ្មុំ និង ស្រុកក្រូចឆ្មារ។ ប៉ុន្តែស្ថានភាពមិនធ្ងន់ធ្ងរនោះទេ៕