កម្ពុជាបានសម្រេចដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក្រោយមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋមួយចំនួន និងការធ្វើបាតុកម្មប្រឆាំងនៅក្រៅប្រទេស ដោយក្រុមអ្នកប្រឆាំងខ្លះបានយកឱកាសនេះអំពាវនាវឲ្យផ្ដួលរំលំរដ្ឋាភិបាលដូចនៅប្រទេសបង់ក្លាដែស។
ការដកខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រកាសនៅយប់ថ្ងៃទី២០ ខែកញ្ញា ដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម ថា៖ «ទោះបី ផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ»។
លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា លោកគឺជាអ្នកផ្ដួចផ្ដើមគំនិតផ្ទាល់ក្នុងការបង្កើតឡើងនូវកិច្ចព្រមព្រៀង CLV-DTA នេះក្នុងគោលបំណងអភិវឌ្ឍខេត្តបួនរបស់កម្ពុជា រួមមានរតនគិរី ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី កាលពីឆ្នាំ១៩៩៩ តាមរយៈការតភ្ជាប់ការដឹកជញ្ជូននិងសកម្មភាពសេដ្ឋកិច្ចជាមួយប្រទេសឡាវ និងវៀតណាម។
ទោះបីជាកិច្ចសហប្រតិបត្តិការនេះបានចូលជាធរមានកាលពីឆ្នាំ២០០៤ គឺមានរយៈពេល ២០ឆ្នាំក្ដី ប្រតិកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ទើបតែកើតមានឡើងចាប់ពីខែកក្កដាកន្លង គឺប្រមាណ៣ខែចុងក្រោយ ដែលបានឈានដល់ការចាប់ខ្លួនមនុស្សជាច្រើនសិបនាក់ ដែលចូលរួមបាតុកម្មនៅភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ដើម្បីប្រឆាំងនឹង CLV-DTA និងការប្រកាសទម្លាក់រដ្ឋាភិបាលដូចប្រទេសបង់ក្លាដែស។ អ្នកដែលត្រូវបានចាប់ខ្លួនខ្លះត្រូវបានអប់រំ និងដោះលែងវិញ ចំណែកអ្នករកឃើញថាជាមេខ្លោងត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមជ្រុលនិយម បានចាប់យកចំណុច «បាត់បង់ទឹកដី» ឬ ការកាត់ដីកម្ពុជាឲ្យប្រទេសជិតខាងតាមរយៈកិច្ចព្រមព្រៀងនេះធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ។
លោក ហ៊ុន សែន ក៏បានបង្ហោះសារ ដោយបញ្ជាក់ដូច្នេះថា៖ «ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
លោកបញ្ជាក់ថា បន្ទាប់ពីដកខ្លួនពី CLV-DTA កម្ពុជានឹងបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួន ក្រោមកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV), កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសេដ្ឋកិច្ចទន្លេចៅប្រាយ៉ា-មេគង្គ (ACMECS), កិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ (GMS) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
លោកថ្លែងថា៖ «ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ»។
ក្រសួងការបរទេសក៏បានសរសេរលិខិតទៅភាគីឡាវ និង វៀតណាម កាលពីថ្ងៃទី២០ ខែសីហា ដើម្បីបញ្ជាក់ពីការដកខ្លួននេះ ដោយថ្លែងថា គោលដៅនៃកិច្ចព្រមព្រៀង CLV-DTA សម្រេចបានផ្លែផ្កាយ៉ាងច្រើន ហើយគោលបំណងនៃកិច្ចសហប្រតិបត្តិការនេះក៏បានសម្រេចតាមគោលបំណងហើយដែរ៕