មណ្ឌលគិរីៈ ក្រសួងបរិស្ថានបានប្រគល់ដ្រូនចំនួន ៤គ្រឿង និងសម្ភារល្បាតជាច្រើនប្រភេទផ្សេងទៀតជូនដល់ឧទ្យានុរក្សបរិស្ថានខេត្តមណ្ឌលគិរីនាថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការល្បាតការពារតំបន់អភិរក្សជាង ១លានហិកតា។
ការប្រគល់នេះត្រូវបានធ្វើឡើង ក្នុងពេលដែល រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បានធ្វើជាអធិបតីបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លកបៃតង» គម្រោងរេដបូក នៅដែនជម្រកសត្វព្រៃ កែវសីមា ដែលមានការចូលរួមពីអង្គការ WCS ដែលជាដៃគូតំណាងអាជ្ញាធរមូលដ្ឋាន ពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិច សិស្សានុសិសស្សនិងអ្នកសារព័ត៌មានពី ២៥ស្ថាប័នផងដែរ។
លោក ឌិន ប៊ុនធឿន ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងថា ការផ្តល់ដ្រូន ក៏ដូចជាសម្ភារល្បាតទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាជំនួយដល់ក្រុមល្បាត ខណៈពេលដែលចំនួនមន្រ្តីឧទ្យានុរក្សនៅមានកម្រិតកំណត់ ដែលពួកគាត់ត្រូវការពារតំបន់ការពារធនធានធម្មជាតិទំហំសរុបជាង ១លានហិកតា។
លោកបញ្ជាក់ថា៖ «ផ្ទៃដីជាង ១លានហិកតា អញ្ជឹងកន្លែងមួយចំនួនមន្រ្តីយើងចូលទៅល្បាតមិនដល់ទេ។ អញ្ជឹងយើងត្រូវការប្រើឧបករណ៍ដ្រូន ដើម្បីថតចាប់យកទីតាំងដែលមានការកាប់រាន។ ពេលខ្លះឆ្ងាយ ចុះទៅមិនដល់ អញ្ជឹងយើងបានដ្រូនហ្នឹងជួយយើងដល់មួយផ្នែកធំទាំងការចំណាយ ទាំងការដែលយើងចូលទៅដល់ទីតាំងនោះ»។
លោកបានឱ្យដឹងថា តំបន់ការពារតំបន់ធនធានធម្មជាតិដែលមានទំហំជាង ១លានហិកតានោះ មានដូចជាដែនជម្រកសត្វព្រៃកែវសីមា ស្រែពក ភ្នំព្រេច ភ្នំណាមលៀ និង ដែនជម្រកសត្វព្រៃលំផាត់។ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថានខេត្តជាង ១២០នាក់បាននឹងកំពុងតែបំពេញការងារដើម្បីជួយអភិរក្សធនធានធម្មជាតិក្នុងតំបន់ទំាងនោះ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ក្នុងឱកាសនោះថា នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានមន្រ្តីឧទ្យានុរក្សប្រមាណជា ១ ២០០នាក់ដែលបានកំពុងនឹងធ្វើការការពារតំបន់អភិរក្ស ៧លានហិកតា។ ប៉ុន្តែក្រៅពីមន្រ្តីឧទ្យានុរក្សក៏មានសហគមន៍មូលដ្ឋាននៅតាមតំបន់ទាំងនោះ ដូចជា កម្លាំងប្រដាប់អាវុធ និងមានការចូលរួមល្បាតពីអង្គការដៃគូផងដែរ។
លោកថ្លែងដូច្នេះថា៖«យើងខ្វះ តែយើងនៅតែអាចដោះស្រាយបាន ដោយសារតែមានសហគមន៍។ អញ្ជឹងបានជាយើងប្រឹងប្រែងធ្វើគម្រោងរេដបូកនេះ ធ្វើម៉េចការពារព្រៃឈើឱ្យបាន ជួយជីវភាពសហគមន៍ និងជួយអភិបាលកិច្ចល្អ...នេះជាវិធីសាស្រ្តដែលយើងធ្វើកន្លងមក»។
គម្រោងរេដបូកកែវសីមាបានកំពុងតែសហការជាមួយមន្ទីរបរិស្ថានខេត្ត ក្នុងការចែកសម្ភារៈល្បាតដល់សហគមន៍ល្បាតចំនួន ២០ភូមិក្នុងគម្រោងរេដបូកនេះ ដែលមានសមាជិកល្បាតសរុបចំនួន ៣១៦នាក់។ សម្ភារៈកន្លងមក រួមមានដូចជាអង្រឹង តង់ អាវភ្លៀង ស្បែកជើង ដបទឹក ពិល កាបូបស្ពាយ និងកញ្ចប់ថ្នាំសង្រ្គោះបឋមដល់ក្រុមល្បាតសហគមន៍ផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន។
ក្រសួងបន្តថា លទ្ធផលល្បាតប្រចាំឆ្នាំពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ មានចំនួន ២ ៨៤៧លើក។ ក្នុងនោះ ល្បាតពេលថ្ងៃចំនួន ៣ ៩២៩ថ្ងៃ និងល្បាតពេលយប់ចំនួន ១ ០៨៣យប់ ដែលមានចម្ងាយសរុបចំនួន ១៦៧ ២៣២គីឡូម៉ែត្រ។ ក្រុមល្បាតបានចាប់ឃាត់ខ្លួនជនល្មើសបាន ១៨នាក់ ធ្វើកិច្ចសន្យាចំនួន ៤ករណី អប់រំផ្ទាល់មាត់ចំនួន ៥៦ករណី និងកសាងសំណុំរឿងដីកាប់រានជាង ៨៣១ហិកតា។
ក្រុមការងារអនុវត្តច្បាប់ក៏បានចាប់ឃាត់វត្ថុតាងមួយចំនួនដូចជា៖ ឈើ៥០,៧៥ ម៉ែត្រគុប និងបំផ្លាញជំរុំ អន្ទាក់ កាំភ្លើងច្នៃ រណារយន្ត ពូថៅ កាំបិតធុងបាញ់ថ្នាំ រថយន្ត ម៉ូតូ រទេះ គោយន្ត អេស្ការវ៉ាទ័រ ឡានច្នៃ ម៉ាស៊ីនខួងដី ម៉ាស៊ីនកាត់ស្មៅជាច្រើនផងដែរ៕