មណ្ឌលគិរី៖ គម្រោងរេដបូកកែវសីមា ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថានបានកំពុងផ្តល់អាហារូបករណ៍ និង ជំនាញវិជ្ជាជីវៈ ដល់សិស្សក្រីក្រជនជាតិដើមភាគតិចចំនួន ៧៣នាក់ ដើម្បីបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ។
មូលនិធិជំនួយចំនួន ២៧៥ ៥៩២ដុល្លារអាមេរិក ដែលជាផ្នែកមួយបានមកពីលក់ឥណទានកាបូនព្រៃឈើនៅដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានប្រើប្រាស់នៅក្នុងការផ្គត់ផ្គង់ការសិក្សារបស់ពួកគេ។ ក្នុងចំណោមសិស្សទាំងនោះរួមមាន សិស្សអាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញចំនួន ៥នាក់ និងសិស្សអាហារូបករណ៍ថ្នាក់វិទ្យាល័យចំនួន ២០នាក់កំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន កែវសីមា។
ក្រៅពីនោះ មានសិស្សសិក្សាបរិញ្ញាបត្ររងរយៈពេល ២ឆ្នាំចំនួន ៨នាក់និងយុវជនជាសមាជិកសហគមន៍រៀនជំនាញវិជ្ជាជីវៈរយៈពេលពី ៤ទៅ ៥ខែ ចំនួន ៤០នាក់ដូចជា រៀនកាត់សក់ កាត់ដេរ កែសម្ផស្ស និងជួសជុលម៉ូតូជាដើម។ នេះបើយោងតាមអង្គការ WCS។
ក្រសួងបរិស្ថាន និងអង្គការ WCS បានរៀបចំទស្សនកិច្ចទៅគម្រោងរេដបូកកែវសីមានេះដល់អ្នកសារព័ត៌មានមកពី ២៥អង្គភាព ចាប់ពីថ្ងៃទី២១ ដល់ទី ២៣ ខែកញ្ញនេះ។
លោក នេត វិបុល នាយករងអង្គការ WCS បានថ្លែងប្រាប់ក្រុមអ្នកសារៈព័ត៌មាននាថ្ងៃចន្ទ ទី២៣ ខែកញ្ញាថា អង្គការ CCI ជាដៃគូដែលទទួលថវិកាពីគម្រោងបានចុះទៅផ្សព្វផ្សាយដល់សហគមន៍ស្ថិតក្នុងគម្រោងរេដបូកកែវសីមាពីការផ្តល់អាហារូបករណ៍និងជំនាញវិជ្ជាជីវៈនេះ។
លោកបញ្ជាក់ថា៖ «អង្គការដៃគូយើងចុះទៅប្រកាសពីលក្ខខន្តិកៈ ពីលក្ខណៈសម្បត្តិផ្សេងៗបិតនៅតាមសាលាឃុំ ចុះជ្រើសរើស យើងពិនិត្យមើលថាសិស្សហ្នឹងពិតជាជនជាតិដើមភាគតិចនៅមូលដ្ឋានហ្នឹងពិតមែន ហើយគាត់ពិតជាក្រីក្រមិនមានលទ្ធភាព [ក្នុងសិក្សា] ទេ»។
គម្រោងរេដបូកកែវសីមា បានចាប់ផ្តើម កាលពីឆ្នាំ២០១០ និងកំពុងតែអនុវត្តលើផ្ទៃដីព្រៃទំហំ ១៦៦៩៨៣ហិកតាក្នុងចំណោមផ្ទៃដីជាង ៣០០ ០០០ហិកតានៃដែនជម្រកសត្វព្រៃកែវសីមា។
ប្រជាសហគមន៍ចំនួន ២០ភូមិ ដែលរស់នៅក្នុងនិងក្បែរដែនជម្រកសត្វព្រៃកែវសីមាបានចូលរួមគម្រោងនេះ។ តាមការប៉ាន់ស្មានប្រចាំឆ្នាំ គម្រោងនេះអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចបានចំនួន ១៤២៦៦៤៨តោន (tco2e)។
គម្រោងរេដបូកនេះ បានជួយបញ្ចៀសការបំភាយឧស្ម័នកាបូនិច(CO2) ទៅក្នុងបរិយាកាសជាង ២០លានតោននិងជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើប្រមាណជា ២៥០០០ ហិកតាផងដែរ។ នេះបើយោងតាមការសិក្សាលើគម្រោងរេដបូកនៅកម្ពុជារបស់ USAID អភិរក្ស (USAID Conserve)។
លោក វិបុល បន្តថា និស្សិតដែលសិក្សានៅភ្នំពេញបានចាប់ផ្តើមចុះធ្វើកម្មសិក្សាជាមួយនឹងអង្គការដៃគូ ស្ថាប័នមួយចំនួន និងនៅគម្រោងរេដបូកកែវសីមានេះផ្ទាល់តែម្តងក្នុងផ្នែកចុះបញ្ជីដីធ្លីសហគមន៍។
លោកថ្លែងដូច្នេះថា៖«ប្រសិនបើគាត់មិនមានការងារ ចង់មិនចង់គឺគាត់ត្រូវតែរកចំណូលតាមរយៈការចូលទៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីប្រមូលអនុផលព្រៃឈើ និងពេលខ្លះគាត់ធ្វើសកម្មភាពមួយចំនួនដូចជាបរបាញ់សត្វ ឬកាប់ឈើ តែពេលគាត់មានការងារវិជ្ជាជីវៈច្បាស់លាស់គាត់រកចំណូលជាសកម្មភាពស្របច្បាប់ហើយចូលរួមចំណែកក្នុងការពារធនធានធម្មជាតិក្នុងតំបន់រេដបូកកែវសីមា»។
អ្នកគ្រូ សំអែល សុភាព អ្នកគ្រប់គ្រងសិស្សអាហារូបករណ៍ (KSWS) នៃវិទ្យាល័យ ហ៊ុន សែន កែវសីមា បានឱ្យដឹងថា ការផ្តល់អាហារូបករណ៍នេះ គឺជាលើកទី១ និងបានចាប់ផ្តើមកាលពីឆ្នាំ ២០២៣ កន្លងមក។ សម្រាប់ថ្នាក់វិទ្យាល័យ សិស្សទទួលបានអាហារូបករណ៍រហូតដល់ចប់ថ្នាក់ទី១២។ ក្នុងនោះមាន ការថែរក្សាសុខភាព កន្លែងស្នាក់នៅសម្ភារសិក្សា អាហារបរិភោគ សំលៀកបំពាក់និងថ្លៃធ្វើដំណើរជាដើម។
អ្នកគ្រូនិយាយថា៖ «គម្រោងជួយសិស្សមានជីវភាពខ្វះខាតខ្លាំងនៅតំបន់ដាច់ស្រយាល ក្មេងកំព្រា ឳពុកម្តាយចាស់ជរាដែលមិនអាចផ្គត់ផ្គង់ការសិក្សាកូនបាន។ បើយើងមិនបានជួយទេ គាត់អាចបោះបង់ការសិក្សា»។
យុវសិស្សសាក់ សម្ផស្សរៀនថ្នាក់ទី១០អា នៃវិទ្យាល័យ ហ៊ុន សែន កែវសីមា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំង ២០បានសម្តែងការរីករាយជាខ្លាំងចំពោះអាហារូបករណ៍ និងគម្រោងនេះ។
សម្ផស្សបញ្ជាក់ថា ព្រោះ គម្រោងនេះជួយផ្តល់ការសិក្សាដល់សិស្សក្រីក្រដូចជារូបនាង ជួយការពារព្រៃឈើ និងសហគមន៍ផងដែរ។
សម្ផស្សនិយាយថា៖«ខ្ញុំជាជនជាតិដើមភាគតិច ដែលកើតមករស់នៅជាមួយនឹងព្រៃឈើ អញ្ជឹងខ្ញុំចង់ឱ្យព្រៃឈើនៅគង់វង្សបន្តទៅទៀត។ សូមបងប្អូនជួយថែរក្សាព្រៃឈើ ក៏ដូចជា ធនធានធម្មជាតិផ្សេងៗទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ទៅថ្ងៃអនាគតបន្តទៀត»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា លើកឡើងថា គម្រោងនេះពិតជាមានសារៈសំខាន់ ជាពិសេសជំរុញឱ្យកូនចៅជនជាតិដើមភាគតិច ដែលមានវប្បធម៌រស់នៅពឹងផ្អែកលើធម្មជាតិ មានជម្រើសថ្មីក្នុងការកាត់ផ្តាច់ជាបណ្តើៗក្នុងការពឹងអាស្រ័យលើធនធានធម្មជាតិ។
លោកមានប្រសាសន៍ថា៖ «កន្លងមក គាត់រស់នៅក្នុងតំបន់ការពារធម្មជាតិគ្មានអីជាងការពឹងពាក់លើអនុផលព្រៃឈើ ឬក៏ទាញយកប្រយោជន៏ពីព្រៃឈើនោះទេ។ អញ្ជឹងដោយមានការគាំទ្រពីក្រសួងបរិស្ថាន គម្រោងត្រូវបានអនុវត្តនិងជួយដល់ពលរដ្ឋកុំឱ្យពឹងផ្អែកលើការចូលព្រៃ»។
លោកបន្ថែមថា ក្រសួងបរិស្ថាន ដោយមានការចូលរួមពីដៃគូតែងតែលើកទឹកចិត្តឱ្យមានការផ្តល់ការសិក្សា ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានចំណេះដឹង អាចរកចំណូលចិញ្ចឹមជីវភាពគ្រួសារបាន។
លោក វិបុល ក៏បានឱ្យដឹងផងដែរថា នៅពេលសិស្សរៀនចប់ថ្នាក់ទី១២ បើពួកគេចង់បន្តការសិក្សាទៀត នោះគម្រោងនៅតែជួយគាំទ្របន្តទៀត។
លោកបានលើកឡើងថា ព្រោះវិស័យអប់រំ វិស័យសុខាភិបាល និងការកាត់បន្ថយភាពក្រីក្រជាដើមជាផ្នែកមួយដ៏សំខាន់ នៃគោលនយោបាយប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលគម្រោងត្រូវផ្តោតយកចិត្តទុកដាក់។ ការអនុវត្តគម្រោងរយៈពេល ៦០ឆ្នាំធានាថា អ្នកដែលស្ថិតក្នុងគម្រោងនឹងរួចផុតពីភាពក្រីក្រ មានចំណេះដឹងគ្រប់គ្រាន់ និងឈប់ប្រព្រឹត្តសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិតទៅទៀត៕