ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារសម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គម្រោងដែលមានរយៈពេលប្រាំមួយឆ្នាំនេះនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស»។
និស្សិតប្រហែល ៣២ ០០០នាក់ ដែលក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០ នាក់ ត្រូវបានរំពឹងថានឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមាន ការការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។
និស្សិតនារី និងនិស្សិតមានពិការភាព ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ គឺជាគោលដៅសំខាន់នៃគម្រោងនេះ។
«ការចូលរួមការវិនិយោគលើសុខភាពនិងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿននៃធនធានមនុស្សសម្រាប់កំណើននិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។ នេះការជាការលើកឡើងរបស់លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។
បើតាមធនាគារពិភពលោក គម្រោងនេះនឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨ ០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧, ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧៕