ភ្នំពេញ៖ ប្រទស​កម្ពុជា​កំពុង​រៀបចំ​​វេទិកា​ផ្នែក​ច្បាប់​អន្ដរជាតិ​សម្រាប់​មន្ដ្រី​​នគរបាល​យុត្តិធម៌​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌ កង​រាជ​អាវុធហត្ថ​កម្ពុជា និង​អ្នក​ជំនាញ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​លើ​អនឡាញ​ចំពោះ​កុមារ​ដោយ​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប។

វេទិកា​នេះ​រៀបចំ​ដោយ​អង្គភាព​ការពារ​កុមារ (CPU) បាន​បើក​នៅ​ថ្ងៃទី ២៥ ខែកញ្ញា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

មន្ត្រី​នគរបាល​ជាង ៦០ នាក់ ​​មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​បាន​ចូលរួម​វេទិកា​​រយៈពេល​បី​ថ្ងៃ ដែល​មាន​គោល​បំណង​លើក​កម្ពស់​ជំនាញ​និង​ចំណេះដឹង​នៃ​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​កុមារ។

លោក James McCabe នាយក​ប្រតិបត្តិ​នៃ CPU បាន​ថ្លែង​ថា៖ «ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​អ៊ីនធឺណិត​គឺជា​បញ្ហា​សកល ហើយ​ប្រទេស​កម្ពុជា​គឺជា​ផ្នែក​នៃ​សហគមន៍​ប៉ូលិស​ពិភពលោក​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាំង​នេះ»។

លោក​បាន​បន្ដ​ថា៖ «វេទិកា​នេះ​មាន​គោល​បំណង​ពង្រឹង​ជំនាញ​ដល់​មន្ដ្រី​នគរបាល​ និង​ធ្វើឱ្យ​ពួកគេ​យល់ដឹង​អំពី​បច្ចេកវិទ្យា​ដែល​អាច​ជួយ​​ក្នុង​វិស័យ​ប្រឈម​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​លើ​កុមារ»។

ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​អ៊ីនធឺណិត ជាពិសេស​ពាក់ព័ន្ធ​ការ​កេង​ប្រវ័ញ្ច​លើ​កុមារ​បាន​ក្លាយ​ជា​បញ្ហា​សកល​ហើយ​ប្រទេស​កម្ពុជា​ក៏​មិន​មាន​ករណី​លើក​លែង​ដែរ។

លោក Nick Rose នាយករង​នៃ CPU និង​ជា​អតីតមន្ត្រី​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី ជា​ប្រធាន​ក្រុម ICAC។ រូបភាព សហការី

ការ​ផ្តោត​អារម្មណ៍​របស់​វេទិកា​លើ​បច្ចេកវិទ្យា​គឺ​មាន​សារៈសំខាន់​ដោយសារ​ការ​កើនឡើង​នៃ​ភាព​ស្មុគស្មាញ​នៃ​ឧក្រិដ្ឋកម្ម​ដែល​ជា​រឿយៗ​កើត​ឡើង​​តាម​ប្រព័ន្ធ​ឌីជីថល​និង​ឆ្លងដែន។

តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ ការ​ពិភាក្សា និង​វគ្គ​បណ្តុះ​បណ្តាល អ្នក​ចូលរួម​បាន​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​និង​វិធីសាស្ត្រ​ចុងក្រោយ​បំផុត​ដែល​មាន​ដើម្បី​ដោះ​ស្រាយ​បទល្មើស​ទាំងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក Nick Rose នាយករង​នៃ CPU និង​ជា​អតីត​មន្ត្រី​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី ជា​ប្រធាន​ក្រុម ICAC បាន​ឱ្យ​ដឹង​ថា៖ «វេទិកា​នេះ​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ស៊ើប​អង្កេត​ថ្មីៗ​​ដែល​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កម្ពុជា​អាច​ប្រើប្រាស់ ដើម្បី​ឲ្យ​ស្រប​​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ ​ដែល​បាន​បណ្តុះប​ណ្ដាល​សមត្ថភាព​នៅក្នុងស្រុក»។

អង្គភាព CPU ដែល​មាន​វិធីសាស្ត្រ​ពហុភាគី​ដោយមាន​ក្រុម​អ្នក​ឯកទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គឺបាន​បង្ហាញ​ពី​ស្តង់ដា​ថ្មី​មួយ​ក្នុង​ការ​ការពារ​កុមារ។

ការងារ​របស់​ CPU ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ រួម​ជាមួយ​នឹង​ចំណេះដឹង​ដែល​បាន​ចែក​រំលែក​នៅ​ក្នុង​វេទិកា​បែប​នេះ ធានា​ថា ​កម្ពុជា​នឹង​បន្ត​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ការពារ​កុមារ​ពី​អំពើ​រំលោភ​បំពាន​​តាម​អ៊ីនធឺណិត។

ជាក់ស្តែង ការងារ​របស់​ពួកគេ​បាន​នាំ​ទៅ​ដល់​ការ​ស៊ើប​អង្កេត និង​ការ​ដោះស្រាយ​ករណី​ឧក្រិដ្ឋកម្ម​ធំៗ​ជាង ២៦១៧​ ករណី​ រួមទាំង​ឃាតកម្ម​ច្រើនជាង ៣០០ ករណី​ ចាប់​តាំង​ពី​ដំណើរ​ការ​មក។

នៅក្នុង​ករណី​ចុងក្រោយ​បំផុត​តាម​អ៊ីនធឺណិត កុមារ​បីនាក់​ត្រូវបាន​ជួយ​សង្គ្រោះ និង​ជនជាតិ​ស្វ៊ីសម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ការស៊ើ​បអង្កេត​រយៈពេល​ពីរ​ខែ​ជាមួយ​ប៉ូលិស​សហព័ន្ធ​ស្វីស​លើ​ការ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

នៅ​ចន្លោះ​ថ្ងៃទី ២៦ និង ២៨ ខែកញ្ញា ឆ្នាំ ២០២៣​ អ្នកស៊ើប​អង្កេត​បាន​អនុវត្ត​ដីកា​ស្វែងរក​នៅ​ទីតាំង​ជាច្រើន ដោយ​រកឃើញ​ភស្តុតាង​សំខាន់ៗ​ ដូចជា ទូរ​សព្ទ​ដៃ កាមេរ៉ា កុំព្យូទ័រ​យួរដៃ ភ្លើង​ហ្វីល សារធាតុ​រំអិល និង​ថ្នាំប៉ូវ​ថាមពល​ផ្លូវភេទ។

អគ្គស្នងការ​រង​នគរបាលជាតិ​កម្ពុជា លោក មួង សុធា ​​ថ្លែង​ទៅ​កាន់​មន្ដ្រី​នគរបាល​អំឡុង​ពេល​វេទិកា​ផ្នែក​ច្បាប់​អន្ដរជាតិ​សម្រាប់​មន្ដ្រី​​នគរបាល​យុត្តិធម៌​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ថ្ងៃនេះ។ រូបភាព ហុង រស្មី

តួនាទី​បច្ចេក​វិទ្យា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត

ប្រធាន​បទ​សំខាន់​មួយ​នៃ​វេទិកា​នេះ​គឺ​ការប្រើប្រាស់​កោសល្យវិច្ច័យ​ឌីជីថល​ដើម្បី​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនល្មើស។

ការធ្វើ​កោសល្យ​វិច្ច័យ​ឌីជីថល ជា​ឧបករណ៍​ទំនើប​មួយ​ អនុញ្ញាតឱ្យ​អ្នកស៊ើប​អង្កេត​ប្រមូល និង​វិភាគ​ភស្តុតាង​តាម​អ៊ីនធឺណិត​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

Cyacomb ​ជា​ក្រុមហ៊ុន​ដែល​បង្កើត​ដោយ​ចក្រភព​អង់គ្លេស​​មាន​ឯកទេស​ខាង​កោសល្យវិច្ច័យ​បាន​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​ដែល​អនុញ្ញាត​ឱ្យ​ការ​អនុវត្ត​ច្បាប់ស្វែង​រក​​ភ័ស្តុតាង​ឌីជីថល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លឿន​ជាង​វិធីសាស្ត្រ​ប្រពៃណី។

ឧបករណ៍​ទាំង​នេះ​បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ក្នុងការ​កំណត់​អត្តសញ្ញាណ​សម្ភារ​កេងប្រវ័ញ្ច​កុមារ​នៅលើ​ឧបករណ៍ បង្កើន​ល្បឿន​ដំណើរការ​ស៊ើបអង្កេត។

លោក Nick Rose បន្ត​ថា៖ «វេទិកា​នេះ​ផងដែរ មាន​គោល​បំណង​ការ​លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​បង្កើន​សមត្ថភាព​នៃ​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​កោសល្យវិច្ច័យ​ឌីជីថល និង​ការ​ស៊ើប​អង្កេត។ ចំណេះដឹង​ដែល​បាន​ចែក​រំលែក​នៅ​ទីនេះ​នឹង​មាន​សារៈសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មិន​គ្រាន់​តែ​ការ​កេង​ប្រវ័ញ្ច​លើ​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឧក្រិដ្ឋកម្ម​ដែល​ប្រើ​អ៊ីនធឺណិត​គ្រប់​ប្រភេទ»។

វេទិកា​ផ្នែក​ច្បាប់​អន្ដរជាតិ​សម្រាប់​មន្ដ្រី​នគរបាល​យុត្តិធម៌ មាន​គោលបំណង​គាំទ្រ​នគរបាល​ដោះស្រាយ​បញ្ហា​​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​លើ​កុមារ​ដោយ​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប។ រូបភាព ហុង រស្មី

កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ជំនាញ

បញ្ហា​លើ​បណ្ដាញ​អ៊ីនធឺណិត​​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ព្រំដែន។ អ្នកជំនាញ​មកពី​ប្រទេស​រួមមាន ​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ​កំពុង​ចូលរួម ដោយ​ចែករំលែក​បទពិសោធន៍ និង​បច្ចេកវិទ្យា​ទំនើប​​របស់​ពួកគេ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។​

អតីត​ចៅក្រម​នៃ​តុលាការ​សហព័ន្ធ​សហព័ន្ធ​អូស្ត្រាលី លោក John Pascoe និង​អ្នកតំណាង​មកពី US Homeland Security និង​មូលនិធិ​ឃ្លាំមើល​អ៊ីនធឺណិត (IWF) ស្ថិតក្នុង​ចំណោម​វាគ្មិន​សំខាន់ៗ។

IWF ជា​អង្គការ​សប្បុរសធម៌​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ត្រួតពិនិត្យ និង​រាយការណ៍​អំពី​សម្ភារៈ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នៅលើ​អ៊ីនធឺណិត​ទូទាំង​ពិភពលោក​។​

អគ្គ​ស្នងការរង​នគរបាលជាតិ​កម្ពុជា លោក មួង សុធា បាន​ថ្លែង​ថា វេទិកា​នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​ស្តីពី​បច្ចេកទេស​ស៊ើបអង្កេត និង​ភ័ស្តុតាង​កោសល្យ​វិ​ច្ច័​យ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​កម្ពុជា​។​

លោក​បាន​ឱ្យដឹងថា បទបង្ហាញ​​នោះ ​រួម​មាន​ ភ័ស្ដុតាង​ឌីជីថល​ DNA, ចម្លើយ​បំភ្លឺ ការ​គាំពារ​កុមារ​ក្នុង​ប្រព័ន្ធ​ច្បាប់ ករណី​សិក្សា​អនាគត​នៃការ​ការពារ​ក្ដី មូលហេតុ​នៃការ​ស្លាប់​ សីលធម៌​ក្នុង​ប្រព័ន្ធ​ច្បាប់ ប្រភព​នៃ​ភ័ស្ដុតាង កោសល្យ​វិច្ឆ័យ​សាកសព និង​ច្បាប់​ក្នុង​ការ​ផ្សព្វផ្សាយ។

លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​ការ​ចែករំលែក​បទពិសោធ​ពីគ្នា​ទៅ​វិញ​ទៅមក​អំពី​បច្ចេកទេស​ស៊ើប​អង្កេតជាមួយ​ច្បាប់​កម្ពុជា​ និងច្បាប់​​អន្ដរជាតិ​។ អស់​លោក​គឺជា​អ្នក​ស៊ើប​អង្កេត ហើយ​ភ្ញៀវ​មកពី​អូស្ដ្រាលីក៏​ជា​អ្នក​ស៊ើប​អង្កេត​ ដែល​នឹង​បង្ហាញ​ពី​បច្ចេកទេស​ពិសេស​។ យើង​អាច​ចែក​រំលែក​ជំនាញ​ស្រាវជ្រាវ​ល្អិត​ល្អន់​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ​ បូក​បន្ថែម​ជាមួយ​បច្ចេកទេស​ទំនើប​»។ 

លោក Stephan Werner សញ្ជាតិ​ស្វ៊ីស ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​រំលោភ​ផ្លូវភេទ​លើ​កុមារ បន្ទាប់ពី​មាន​ការ​ស៊ើប​អង្កេត​រយៈពេល​ពីរ​ខែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ រូបភាព​ សហការី

វេទិកា​នេះ​ក៏បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​សមត្ថភាព​របស់​ខ្លួន​ក្នុង​វិស័យ​ឧក្រិដ្ឋកម្ម​អនឡាញ​​។​

ចាប់តាំងពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ មក អង្គភាព CPU សហការ​ជាមួយ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បានធ្វើការ​ដើម្បី​នាំ​ជនល្មើស​មក​កាត់ទោស និង​ការពារ​កុមារ​ងាយ​រងគ្រោះ​។​

នៅ​ឆ្នាំ ២០១៩ CPU ​បាន​បង្កើត​អង្គភាព​ដែល​ខិតខំ​ប្រឹងប្រែង​ដំបូងបង្អស់​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ប្រឆាំ​ងនឹង​កុមារ ដែល​ចាប់​តាំង​ពី​ពេល​នោះមក​បានធ្វើការ​ស៊ើបអង្កេត​ជាង ១០០​ករណី​។​

ការ​គំរាមកំហែង​កាន់​តែខ្លាំង​ឡើង​នៅ​​កម្ពុជា និង​ទូទាំង​ពិភពលោក​

ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​នឹង​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​លើ​កុមារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

យោងតាម CPU ការកេងប្រវ័ញ្ច​តាម​អ៊ីនធឺណែត​លើ​កុមារ​គឺជា​ការគំរាមកំហែង​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​។​

លោក James McCabe (អាវយឺត​ពណ៌​ខ្មៅ​នៅ​កណ្តាល) បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ខ្លួន Stephan Werner ។ រូបភាព សហការី

ក្រុម CPU's Internet Crimes Against Children (ICAC) ដែល​ដឹកនាំ​ដោយលោក​ Nick Rose បាន​ឈានមុខ​គេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ទាំងនេះ។

ក្រុមការងារ ICAC បាន​ស៊ើបអង្កេត​ករណី​រំលោភបំពាន​លើ​កុមារ​តាម​អ៊ីនធឺណិត​ចំនួន ១១៨ ករណី​ចាប់តាំង​ពី​កា​របង្កើត​របស់​ខ្លួន ដោយ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ​កុមារ និង​នាំ​ជនល្មើស​មក​ប្រឈម​នឹង​យុត្តិធម៌។

លោក McCabe បាន​និយាយថា៖ «​ឧក្រិដ្ឋកម្ម​កេងប្រវ័ញ្ច​លើ​អ៊ីនធឺណិត រួមទាំង​​កុមារ​អាច​ជា​បញ្ហា​ស្មុគស្មាញ ហើយ​អាច​កើតឡើង​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក។ ការ​ទទួល​បាន​ចំណេះដឹង​អំពី​របៀប​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​បែបនេះ និង​ការ​ទទួល​បាន​ការ​យល់ដឹង​អំពី​វិសាលភាព​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នេះ អាច​ជួយ​ក្នុង​ការ​រក​ឃើញ​និង​ការ​ចាប់​ខ្លួន​ជន​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​បែបនេះ»។

លោក​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការ​សម្រប​ខ្លួន​នៅក្នុង​ពិភពលោក​ដែល​ផ្លាស់ប្តូរ​ជានិច្ចជាកាល ដោយ​គូស​បញ្ជាក់​ថា ​​វេទិកាផ្នែក​ច្បាប់​អន្ដរជាតិ​សម្រាប់​មន្ដ្រី​​នគរបាល​យុត្តិធម៌​ផ្តល់​ឱកាស​មួយ​ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​សំខាន់ៗ។

លោក​បាន​កត់​សម្គាល់​ថា នេះ​រួម​បញ្ចូល​ទាំង​ការ​ផ្តល់​ចំណេះ​ដឹង និង​ជំនាញ​ចាំបាច់​ដល់​មន្ត្រី​នរគបាល​ដើម្បី​ចាប់​ជន​ល្មើស និង​ធានា​ថា ជន​រងគ្រោះ​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ក្នុង​ប្រព័ន្ធ​តុលាការ៕