ប្រទេសកម្ពុជាបញ្ជូនគ្រឿងចក្រចំនួន ២២គ្រឿង រួមមានទាំងរថពាសដែកការពារគ្រាប់មីន (MPV) ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មអង្គការសហប្រជាជាតិ MINUSCA តបតាមការស្នើសុំពីអង្គការសហប្រជាជាតិ បន្ទាប់ពីបានបញ្ជូនគ្រឿងចក្របែបនេះទៅប្រទេសម៉ាលី កាលពីឆ្នាំមុន។
ពិធីបញ្ជូនគ្រឿងចក្រវិស្វកម្មធន់ធ្ងន់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ នៅនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមការចុះផ្សយរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងក្នុងពិធីបញ្ជូនគ្រឿងចក្រទាំងនេះថា គ្រឿងចក្រទាំងនេះត្រូវបានដាក់ក្នុងទូរកុងតឺន័រ ហើយដឹកទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មុននឹងដឹកតាមនាវាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅដើមខែតុលាខាងមុខ។
យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គ្រឿងចក្រទាំង ២២ គ្រឿងរួមមានរថពាសដែក (MPV) រថយន្តដឹកសាំង រថយន្តដឹកទឹក គ្រឿងចក្រប្រភេទអេស្កាវឺទ័រ គ្រឿងចក្រប្រភេទសាសឺ និងគ្រឿងចក្រនីវ៉ាល័រ រថយន្តតូច និងសម្ភារៈបំពាក់ចំនួន៤កុងទឺន័រ ទាំងអស់២២ គ្រឿង។ គ្រឿងចក្រទាំងនេះត្រូវរំពឹងថានឹងទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាលដោយប្រើពេល៩០ថ្ងៃ។
កាលពីខែមិថុនា ឆ្នាំមុន កម្ពុជាក៏បានបញ្ជូនគ្រឿងចក្រប្រភេទរថពាសដែកការពារគ្រាប់មីន (MPV) ចំនួន១៤គ្រឿងទៅប្រទេសម៉ាលី ដើម្បីចូលរួមក្នុងបេសកម្មរបស់អង្គការសហប្រជាតិ។
គិតចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពទៅចូលរួមជាមួយអង្គការសហប្រជាជាតិចំនួន៩៨១៩នាក់ រួមមានស្ត្រី ៨៥៦នាក់ ទៅកាន់ប្រទេសចំនួន ១០។ បច្ចុប្បន្ននេះ កងរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧នាក់កំពុងបំពេញបេសកកម្មនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល យេម៉ែន និងកុងហ្គោ។ នេះបើតាមលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់កាលពីសប្ដាហ៍មុន។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការបញ្ចូលគ្រឿងចក្រ ក៏ដូចជាកងកម្លាំងទៅចូលរួមរក្សាសន្តិភាពក្នុងប្រទេសផ្សេងៗ ដោយសារតែកម្ពុជាចាត់ទុកសន្តិភាពគឺជាគោលការណ៍គ្រឹះសម្រាប់អ្វីៗគ្រប់យ៉ាង។ ដូច្នេះហើយបានជាកម្ពុជា តែងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពតាមលទ្ធភាពដែលអាចធ្វើបាន។
លោកថ្លែងថា៖ «ដោយសារតែកម្ពុជាធ្លាប់រងគ្រោះពីសង្គ្រាមនៃការប្រជែងឥទ្ធិពលរបស់មហាអំណាច និងសង្គ្រាមស៊ីវិលរាប់ឆ្នាំ ហើយបានអង្គការសហប្រជាជាតិចូលរួមក្នុងការស្វែងរកដំណោះស្រាយនិងមានការជួយជ្រោមជ្រែងពីបណ្ដាប្រទេសផ្សេងទៀត ធ្វើឲ្យកម្ពុជាអាចមានសន្តិភាពមកដល់សព្វថ្ងៃនេះ។ ដូច្នេះហើយ កម្ពុជាចាំបាច់ចូលរួមចំណែកក្នុងបេសកកម្មរបស់អង្គការសហប្រជាតិ ដើម្បីថែរក្សាសន្តិភាពនៅលើពិភពលោកទាំងមូល»៕