លោក​នាយក​ ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ប្រើ​អធិបញ្ជា​ឲ្យ​តុលាការ​ពិនិត្យ​ទៅ​លើ​ការ​ផ្ដន្ទាទោស​រយៈ​ពេល ៥​ឆ្នាំ សម្រាប់​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដែល​បង្ក​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស​ ៤​ នាក់​នៅ​ស្ពាន​ឫស្សីកែវ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២៤។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា តុលាការ​បាន​បញ្ជាក់​ថា ទោស​រយៈ​៥ឆ្នាំ​នេះ គឺ​ជា​ទោស​កម្រិត​អតិបរមា​ហើយ​សម្រាប់​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍ ប៉ុន្តែ លោក​ស្នើ​ថា ឲ្យ​ពិនិត្យ​មើល​ថា​តើ​ករណី​បុក​ស្លាប់​មនុស្ស​ច្រើន​បែប​នេះ មាន​ច្បាប់​ណា​មួយ​ដែល​អាច​អនុវត្ត​បាន​ឬ​អត់។

លោក​ថ្លែង​ថា៖ «សូម​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​យុត្តិធម៌​ប្រើ​អំណាច​អធិបញ្ជា​របស់​ខ្លួន​តាម​ច្បាប់​ផ្ដល់​គោលការណ៍​ទៅ​ព្រះ​រាជអាជ្ញា​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ពិនិត្យ​មើល​ការ​សម្រេច​នេះ​ថា​តើ​ធ្ងន់​គ្រប់​គ្រាន់​ឬ​នៅ​ ព្រោះ​បុក​ដល់​ទៅ​៤​នាក់​ឯណោះ។ នេះ​ជា​សារ​សំខាន់​ណាស់»។

លោក​បន្ត​ថា៖ «អីចឹង​ការងារ​ហ្នឹង​ពិនិត្យ​ឡើង​វិញ។ អីចឹង​សូម​ឯក​ឧត្តម​ កើត​ រិទ្ធ ផ្ដល់​ភារកិច្ច​ជូន​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​ប្ដឹង​ទៅ​ឧទ្ធរណ៍​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ថា តើ​ការ​សម្រេច​នេះ​មាន​ទម្ងន់​គ្រប់​គ្រាន់​តាម​ច្បាប់​​ជាធរមាន​ហើយ​ឬ​នៅ។ រឿង​នេះ​ប៉ះពាល់​ច្រើន ហើយ​ជា​គំរូ​ដល់​អ្នក​បើក​បរ​ស្រវឹង​ផ្សេង​ទៀត​ផង​ដែរ»។

លោក​បន្ត​ថា ប្រសិន​បើ​ទម្ងន់​ទោស​គ្រប់​គ្រាន់​ហើយ ហើយ​នៅ​តែ​មិន​ទាន់​ធ្ងន់ធ្ងរ​គ្រប់​គ្រាន់ លោក​ស្នើ​ឲ្យ​ពិនិត្យ​មើល​ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​ដាក់​ទោស​អ្នក​បើកបរ​ស្រវឹង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​ធ្ងន់​ធ្ងរ ជាពិសេស​ករណី​បុក​មនុស្ស​ស្លាប់​ច្រើន។

កាល​ពី​ថ្ងៃទី២០ ខែ​មករា អ្នក​បើកបរ​រថយន្ត​ភិកអាប់ ឈ្មោះ នាង សំអូន អាយុ ៥៦​ឆ្នាំ បាន​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង បង្ក​គ្រោះ​ថ្នាក់​បុក​មនុស្ស​ស្លាប់​៤​នាក់។

នៅ​ថ្ងៃទី២៥ ខែកញ្ញា​នេះ តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ ជន​បង្ក​ នាង សំអូន ដាក់​ពន្ធនាគារ​កំណត់ ៥​ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២០លាន​រៀល។ ការ​ផ្ដន្ទា​ទោស​នេះ​គឺ​ជា​កម្រិត​អតិបរមា​នៅ​ក្នុង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ដូច​មាន​ចែង​ក្នុង​មាត្រា ៨៥។

យ៉ាងណា​ក៏ដោយ ការ​សម្រេច​ផ្ដន្ទា​ទោស​នេះ រង​ការ​រិះ​គន់​ពី​មនុស្ស​មួយ​ចំនួន ដោយ​អះអាង​ថា មាន​កម្រិត​ស្រាល់​នៅ​ឡើយ៕