ភ្នំពេញៈ គម្រោង​ជំរុញ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​តម្លៃជាង​១៨៤​លាន​ដុល្លារ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការជាផ្លូវការ ​នា​ថ្ងៃ​ទី​២៦ ​ខែកញ្ញានេះ ​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​នៃ​តម្រូវការ ​ព្រម​ទាំង​ពន្លឿនវឌ្ឍនភាព​ឆ្ពោះ​ទៅ​ការ​សម្រេចគោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ​ស្តីពី​ទឹក​ស្អាត និង​អនាម័យ​ត្រឹម​ឆ្នាំ២០៣០។

គម្រោង​ជំរុញ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ ​(Water Supply and Sanitation Acceleration Project-WASAC) មាន​រយៈ​ពេល​៥ឆ្នាំ ​ក្នុង​គម្រោង​ថវិកា​ប្រមាណ ​១៨៤,៩ ​លានដុល្លារ​អាមេរិក។ ក្នុង​នោះ ១៦៣លានដុល្លារ​ជា​ហិរញ្ញប្បទានសម្បទាន​របស់​ធនាគារពិភព​លោក ៤,៣​លាន​ដុល្លារ​ជាថវិកាបដិភាគ​របស់រាជ​រដ្ឋាភិបាល ​និង​ប្រមាណ​១៧,៦​លានដុល្លារ​ជាការ​វិនិយោគ​ពីវិស័យ​ឯក​ជន។ 

គម្រោង​នេះត្រូវ​បាន​អនុវត្ត​រួមគ្នា​ដោយ ​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ និង​ក្រសួងសាធារណការ ​និង​ដឹក​ជញ្ជូន។

រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម ​លោកហែម​ វណ្ណឌី ​បាន​លើក​ឡើង​ក្នុង​សុន្ទរក​ថាបើក​សិក្ខា​សាលា​ប្រកាស​ដាក់​ឱ្យ​អនុវត្តគម្រោង​នេះ​ថា ​ក្រសួងកំពុង​ចាត់​ចែង​អនុវត្ត​សកម្ម​ភាពការ​ងារ​ជាយុទ្ធ​សាស្ត្រ​មួយ​ចំនួន។ ក្នុង​នោះរួម​មាន ​ការ​ធ្វើ​បច្ចុប្បន្នភាព​គោល​នយោបាយ​ទឹក​ស្អាត ​និង​អនាម័យ​, ការ​សិក្សា​រៀប​ចំផែនការ​យុទ្ធសាស្ត្រ ​និង​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាតតាម​បណ្តា​ខេត្ត,​ ការ​ពង្រឹង​សមត្ថភាព​របស់​ប្រតិបត្តិករ​ទឹក​ស្អាត ​ពិសេសរដ្ឋាករ​ទឹក​សាធារណៈ, ការពង្រឹង​ការ​អនុវត្ត​ច្បាប់ ក៏ដូច​ជាការរៀប​ចំ​យន្តការ​ហិរញ្ញវត្ថុ ​និង​ស្ថាប័ន ដើម្បី​ពន្លឿន​កំណើន​នៃ​វិស័យ​នេះ។

លោក​រដ្ឋ​មន្រ្តី​បញ្ជាក់​ថា៖«គោល​ដៅ​ចម្បង ​គឺ​អង្គភាពរដ្ឋាករ​ទឹក​ទាំង​អស់​ត្រូវ​មាន​សមត្ថភាពរឹង​មាំ​ក្នុង​រយៈ​ពេល​៣ ទៅ ៤ឆ្នាំ​ខាង​មុខ​ និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុ​ងការចូល​អន្តរាគមន៍​ផ្គត់ផ្គង់​ទឹក​ស្អាតតាម​គ្រប់​រូបភាព​នៅ​តាម​តំបន់​នានា ​និង​ឆ្លើយតប​បាន​តាម​តម្រូវការ​រីក​ចម្រើននៃ​វិស័យ​ឧស្សាហកម្ម ​ធុរកិច្ច ​និង​ទីផ្សារ ​ក៏ដូចជា​វឌ្ឍនភាព​សង្គម-​សេដ្ឋកិច្ច​កម្ពុជា​ជារួម​ ខណៈដែលយើង​កំពុង​វិវត្ត​ឆ្ពោះទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់ ​ដែល​ពឹង​ផ្អែក​លើឧស្សាហកម្ម​ដែលមាន​តម្លៃ​បន្ថែម​ខ្ពស់​»។ 

ធនាគារ​ពិភព​លោក​ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​គម្រោងនេះ ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ភិបាល​ធនាគារពិភព​លោក​កាលពីចុង​ឆ្នាំ​កន្លងទៅ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សេវា​ផ្គត់​ផ្គង់ទឹកស្អាត ​និងអនាម័យនៅ​ក្នុងខេត្ត​ទាំងបួន ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជា​ជនជាង ​១៧៥ ០០០នាក់ ​រួម​ទាំង​សហគមន៍​ជនជាតិ​ដើម​ភាគតិចផង​ដែរ។ គម្រោងដែល​មាន​តម្លៃ​១៦៣​លានដុល្លារ​អាមេរិក ​គឺ​ជា​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត ​និងអនាម័យទី២​នៅ​កម្ពុជា ដែល​ត្រូវ​បាន​គាំ​ទ្រដោយ​ធនាគារពិភពលោក​ បន្ថែម​ពីលើគម្រោង​ ដែល​កំពុង​ដំណើរការ ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ​៥៥លាន​ដុល្លារ​អាមេរិក។

សមាស​ធាតុទី១​ នៃ​គម្រោងគឺ ​ផ្តោតលើ​ការ​កសាង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតថ្មី​សម្រាប់​រដ្ឋាករទឹក ​នៅ​ក្រុង​សែន​មនោរម្យ ​ខេត្តមណ្ឌលគិរី ​ក្រុង​ពោធិ៍សាត់ ក្នុង​ខេត្ត​ពោធិ៍សាត់ ​និង​ក្រុងបាត់​ដំបង និង​ស្រុក​ភ្នំព្រឹក ​ក្នុង​ខេត្តបាត់​ដំបង ​ដោយពង្រីក​សេវាផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​តំបន់​ទាំង​នោះ។ 

ក្រៅពី​នោះ ​ប្រតិបត្តិករ​ទឹក​ស្អាត​ឯកជន​ក្នុង​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​កណ្តាល ​ក៏​អាច​ទទួល​ ជំនួយ​បច្ចេកទេស ​និង​ជំនួយហិរញ្ញ​វត្ថុ​ពីគម្រោងនេះ​ផង​ដែរ។

លោក​រដ្ឋ​មន្រ្តីក៏​បាន​ឱ្យ​ដឹង​ផង​ដែរថា ​ក្រសួង​ក៏បាន​និង​កំពុងសហការ​ជាមួយ​ក្រសួង​ធន​ធានទឹក ​និង​ឧតុនិយម ​ដៃគូអភិវឌ្ឍន៍ ​និង​ប្រតិបត្តិករ​ទឹក​ស្អាត ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃការ​បាត់​បង់​ប្រភពទឹក ​ដែល​បណ្តាលមក​ពី​ការ​ប្រែប្រួលអាកាស​ធាតុ។ លើស​ពី​នោះ ​ក្រសួងក៏​កំពុង​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ដើម្បីកាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មក​លើ​បណ្តាញទឹក​ស្អាត​ផង​ដែរ។

យោង​តាម​ក្រសួង​សាធារ​ណការ​បាន​ឱ្យ​ដឹង​ថា ​គម្រោង​ជំរុញ​ការ​ផ្គត់​ផ្គង់ទឹក​ស្អាត ​និង​អនាម័យ ​ក្រោម​ក្របខ័ណ្ឌ​ឥណទានហិរញ្ញប្ប​ទាន​ពី​ធនាគារ​ពិភព​លោកនេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​ចុះ​ថ្ងៃ​ទី​១៤ ​ខែធ្នូ​ ឆ្នាំ២០២៣​ និងមាន​សុពល​ភាព​អនុវត្តចាប់​ពី​ថ្ងៃ​ទី​២២ ​ខែកុម្ភៈ ​ឆ្នាំ២០២៤ ​និងអនុវត្ត​ក្នុង​ខេត្តគោល​ដៅចំនួន​៣ គឺ​ក្រុងតា​ខ្មៅ ក្រុងបាត់ដំបង ​និង​ក្រុងពោធិ៍សាត់ ​សម្រាប់​ផ្នែក​អនាម័យ។

គម្រោង​នឹង​រួម​ចំណែក​លើ​ចំនុច​សំខាន់ៗលើវិស័យ​អនាម័យ​មួយ​ចំនួន។ ក្នុង​នោះរួម​មាន​គាំទ្រ​ដល់​ក្រុង​បាត់​ដំបង ពោធិ៍សាត់ និង​ខេត្តកណ្តាល ​ជាមួយ​នឹងការ​វិនិយោគ​លើ​ប្រព័ន្ធ​អនាម័យ ​រួម​មាន​បណ្តាញ​ប្រមូល​ទឹក​កខ្វក់​ ស្ថានីយប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ ​ស្ថានីយ​បូមទឹក​កខ្វក់ ​និង​ការ​តភ្ជាប់​តាម​ផ្ទះ ​និង​បង្កើត​ផែន​ការ​អនាម័យ​ទូទាំងទី​ក្រុង​សម្រាប់​ក្រុងទាំង​៣។ ក្រៅ​ពីនោះ ​មាន​ការ​អភិវឌ្ឍ​ស្ថាប័ន​ និង​សមត្ថភាព​សម្រាប់​ការ​គ្រប់​គ្រង​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ទឹកកខ្វក់ ​ការអនុវត្តក្រប​ខ័ណ្ឌសេវា​ទឹក​កខ្វក់ ដើម្បី​និរន្តភាព នៃ​ការវិនិយោគ ​និង​ការ​លើកកម្ពស់​កម្មវិធី​អនាម័យ​ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​គ្រួសារតភ្ជាប់​ទៅ​បណ្តាញ​លូ ​ដោយ​ផ្តល់​អាទិភាព​ដល់​គ្រួសារ​ជាស្ត្រី ​និង​ជនពិការ និ​ងរួមបញ្ចូល​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បីបង្កើន​ការ​តភ្ជាប់​ជា​ដើម៕